សមាគមយុវជនខ្មែរចាប់កំណើតឡើងនៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ១៩៩២ ដោយទទួលបានការអនុញ្ញាតពីអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា "អ៊ុនតាក់" ចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩២ និង បានចុះបញ្ជីនៅក្រសួងមហាផ្ទៃដែលមានលិខិតឆ្លើយតបលេខ ១០៩ស.ជ.ប ចុះថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ១៩៩៤ ។
សមាគមយុវជនខ្មែរមានទីស្នាក់ការកណ្ដាលនៅផ្ទះលេខ ១៣៥អា ផ្លូវលេខ ២៥៩ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទីស្នាក់ការអាចផ្លាស់ប្ដូរទៅកន្លែងផ្សេងបានក្នុងករណីចាំបាច់ណា មួយ តែត្រូវមានសេចក្ដីសម្រេចពី គណៈកម្មាធិការប្រតិបត្តិ។
អំពី ចក្ខុវិស័យ បេសកកម្ម គោលបំណង និង ទិសដៅ
សមាគមយុវជនខ្មែរមានចក្ខុវិស័យ បេសកកម្ម
គោលបំណង និង ទិសដៅដូចខាងក្រោម៖
ចក្ខុវិស័យរបស់យើង គឺចង់ឃើញយុវជនខ្មែរដែលប្រកបទៅដោយសក្ដានុពលភាព ហើយយើងធ្វើការជាមួយ និងដើម្បីយុវជនសម្រាប់នាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុង សង្គម។
ខ. បេសកកម្ម
បេសកកម្មរបស់យើង គឺដើម្បីជំរុញ និងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងវិស័យសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការកសាងសន្តិភាព សុខភាព ការអប់រំ សមភាពយេនឌ័រ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជនក្នុងប្រទេសកម្ពុជា។ សមាគមយុវជនខ្មែរខិតខំពុះពារឆ្ពោះទៅរកការលើកកម្ពស់ក្របខ័ណ្ឌជា មូលដ្ឋាននៃការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង ការផ្ដល់សិទ្ធិអំណាចដល់យុវជនពីសំណាក់រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀតដោយឈរលើគោលការណ៍នៃការលើកទឹកចិត្តដល់ ការចូលរួមរបស់យុវជន ព្រមទាំងការទទួលស្គាល់នូវតួនាទី និង ការងាររបស់យុវជន។
គ. គោលបំណង
លើកកម្ពស់យុវជនឲ្យចូលរួមនៅក្នុងកិច្ចការអភិវឌ្ឍន៍សង្គម។
ឃ. ទិសដៅ
ដើម្បីអោយសម្រេចបាននូវគោលបំណង
ខាងលើ សមាគមយុវជនខ្មែរមានទិសដៅ
ដូចតទៅ៖
- កាត់បន្ថយអត្រាអនក្ខរជនតាមរយៈកម្មវិធីអប់រំក្រៅប្រព័ន្ធ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំនាញផ្សេងៗ ដល់យុវជននៅជនបទ ខេត្ត/ក្រុង និង តាមពន្ធនាគារ។
- ជំរុញ និង លើកតម្កើងយុវជនខ្មែរឲ្យចូលរួមក្នុងការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ ថែរក្សាការពារនិរន្តរភាពសន្តិភាព បរិស្ថានធម្មជាតិ សង្គម និងវប្បធម៌ ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងព្រះរាជាណាចក្រ កម្ពុជា។
- លើកតម្កើងសមភាព និងសមធម៌យេនឌ័រក្នុងចំណោមយុវជនខ្មែរ ជាពិសេសជំរុញ និងផ្ដល់ឱកាសដល់ស្ត្រីអោយចូលរួមយ៉ាងសកម្មក្នុងកិច្ចការនយោបាយ សង្គម និង វប្បធម៌។
- ពង្រឹងការងារទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការជាមួយអង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាពិភពលោកដើម្បីលើកកម្ពស់ស្ថានភាពយុវជន និង គោលនយោបាយសម្រាប់យុវជនខ្មែរ។
- លើកកម្ពស់យុវជនក្នុងការចូលរួមបង្ការ និងការការពារសុខភាព ព្រមទាំងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅព្រះរាជាណាចក្រកម្ពុជា។
អំពី ផ្លាកសញ្ញា
ផ្លាកសញ្ញារបស់សមាគមយុវជនខ្មែរ មានដូចតទៅ ៖
- មានរូបសញ្ញារាងផ្កាឈូកក្រពុំដោយមានសរសេរអក្សរព័ទ្ធជុំវិញ ផ្នែកខាងលើថា " សមាគមយុវជនខ្មែរ " និង ខាងក្រោមថា " Khmer Youth Association "។
- កួរស្រូវព័ទ្ធជុំវិញតំណាងឲ្យភោគផលកសិកម្ម។
- ស្លឹកពណ៌បៃតងស្រទាប់ទី១ តំណាងឲ្យការរីកចម្រើនលូតលាស់នៃដំណាំកសិកម្ម និងឧស្សាហកម្មនៃព្រះរាជាណាចក្រកម្ពុជា។
- នៅចន្លោះកួរស្រូវទាំងសងខាងមានសរសេរអក្សរថា " យុវជនខ្មែរ " តំណាងឲ្យថាមពល និង សក្ដានុពលភាពរបស់យុវជនខ្មែរក្នុងការចូលរួមអភិវឌ្ឍន៍ ថែរក្សា ការពារសន្តិភាព និង អធិបតេយ្យភាពទឹកដី។
- ដៃទាំងពីរទ្រជើងពាន តំណាងឲ្យយុវជនខ្មែរទាំងពីរភេទលើកស្ទួយវប្បធម៌ និង អរិយធម៌ជាតិខ្មែរ។
- ពន្លឺឆព្វណ្ណរង្សីតំណាងឲ្យភាពចម្រុងចម្រើននៃសាសនាព្រះពុទ្ធនៅ ក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រជារាស្ត្រខ្មែរជាង ៩០ ភាគរយគោរពប្រណិប័តន៍។
- ជើងពានមានក្បាច់ពីសម័យអង្គរ តំណាងភាពរុងរឿងនៃខឿនអរិយធម៌ខ្មែរនាសម័យអង្គរ។
- សៀវភៅ តំណាងឲ្យសិក្សាធិការអប់រំដែលជាមូលដ្ឋានគ្រឹះនៃចំណេះដឹងរបស់យុវជន។
- ស្លាបមាន់ តំណាងឲ្យស្លាបប៉ាកា។
- វិមានឯករាជ្យ តំណាងឲ្យឯករាជ្យភាពជាតិព្រលឹងជាតិខ្មែរយើង។
អំពី សមាជិកភាព
យុវជនខ្មែរទាំងពីរភេទដែលមានអាយុចាប់ពី ១៦ឆ្នាំ រហូតដល់ ៣៥ឆ្នាំ ទោះជាខ្មែរនៅក្នុងប្រទេស ឬក្រៅប្រទេសមានសិទ្ធិចូលជាសមាជិកសមាគមយុវជនខ្មែរបាន។
យុវជនខ្មែរទាំងពីរភេទ ដែលដាក់ពាក្យចូលជាសមាជិកសមាគមយុវជនខ្មែរត្រូវបង់ថវិកា ៣០០០រៀល (បីពាន់រៀលគត់)។
យុវជនខ្មែរទាំងពីរភេទ អាចចូលជាសមាជិកសមាគមយុវជនខ្មែរបានលុះត្រាតែបំពេញលក្ខខណ្ឌ ដូចខាងក្រោម ៖
-ពាក្យសុំចូលជាសមាជិក ចំនួន ០១ច្បាប់
-រូបថតទំហំ ៣ គុណ ៤ ចំនួន ០១សន្លឹក និង
-រូបថតទំហំ ៤ គុណ ៦ ចំនួន ០២សន្លឹក
សមាជិករបស់សមាគមយុវជនខ្មែរ ចែកចេញជា បួនប្រភេទគឺ ៖
- សមាជិកស្ថាបនិក : ជាសមាជិកដែលផ្ដួចផ្ដើមបង្កើតសមាគមនេះឡើង។
- សមាជិកសកម្ម : ជាសមាជិកដែលចូលរួមយ៉ាងសកម្មនៅក្នុង សកម្មភាពរបស់សមាគមដោយស្ម័គ្រចិត្ត តែមិន អចិន្ត្រៃយ៍។
- សមាជិកកិត្តិយស : ជាឥស្សរជន ឬអ្នកដែលបានឧបត្ថម្ភជារៀងរាល់ខែ ឬ ឆ្នាំដល់ដំណើរការ សកម្មភាពសមាគម។
- សមាជិកគាំទ្រ : ជាសមាជិកដែលមានសមានចិត្តផ្ដល់ជាអំណោយ ឬចូលរួមសកម្មភាពផ្សេងៗជាមួយសមាគម តែគ្មានពេលកំណត់។
ខ. ការបាត់បង់សមាជិកភាពទៅបានលុះត្រាតែ ៖
- ការសុំលាឈប់ពីសមាជិកភាព
- ទទួលមរណៈភាព
- ការដកសិទ្ធិសមាជិកភាពដោយក្រុមប្រឹក្សាភិបាលសមាគម
- ចូលរួមសកម្មភាពរបស់សមាគមយុវជនខ្មែរដោយស្ម័គ្រចិត្ត។
- ចូលរួមផ្ដល់យោបល់ដើម្បីរៀបចំសកម្មភាពការងាររបស់សមាគម។
- មានសិទ្ធិបោះឆ្នោតជ្រើសប្រធានសមាគម និង ឈរឈ្មោះជាបេក្ខជនប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលសមាគម។
- មានសិទ្ធិចូលរួមមហាសន្និបាត និង ធ្វើការសំរេចចិត្តដើម្បីវឌ្ឍនភាពរបស់សមាគម។
- យុវជនខ្មែរទាំងពីរភេទ ដែលចូលជាសមាជិករបស់សមាគមយុវជនខ្មែរត្រូវតែគោរពបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈរបស់សមាគម។
- ចូលរួមសកម្មភាពរបស់សមាគមទាំងកំលាំងកាយ និង កំលាំងចិត្ត។
ចូលជាសមាជិករបស់សមាគមនឹងទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ជួយសំរួលដល់ការរកការងារធ្វើ និង ជួយឧបត្ថម្ភផ្សេងៗតាមលទ្ធភាពរបស់សមាគម។
អំពី តួនាទី និងភារកិច្ចរបស់សមាជិកស្ថាបនិក
សមាជិកស្ថាបនិកមានតួនាទីដោះស្រាយ និង សំរបសំរួលវិវាទផ្សេងៗដែលកើតឡើងរវាងក្រុមប្រឹក្សាភិបាល និង គណកម្មាធិការប្រតិបត្តិ។ សមាជិកស្ថាបនិកដើរតួនាទីក្នុងការបង្រួបបង្រួមអោយមានឯកភាព និងសាមគ្គីភាពនៅក្នុងសមាគម។
សមាជិកស្ថាបនិកត្រូវបង្កើតគណៈកម្មការមួយដែលមានសមាជិកយ៉ាងតិច ៥ រូប ដឹកនាំដោយប្រធានមួយរូបដើម្បីធ្វើទំនាក់ទំនងជាមួយ ក្រុមប្រឹក្សាភិបាល និងគណកម្មាធិការប្រតិបត្តិ។ គណៈកម្មការនេះមានតួនាទី និង កាតព្វកិច្ចកោះហៅក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រតិបត្តិមកសាកសួរ និង បំភ្លឺពាក់ព័ន្ធតែនឹងការប្រេះឆា និង វិវាទក្នុងការដឹកនាំដែលមិនអាចស្វែងរកដំណោះស្រាយបានក្នុងចំណោម គណៈកម្មាធិការទាំងពីរខាងលើ។ សមាជិកគណៈកម្មការស្ថាបនិកយ៉ាងតិចបីរូបអាចកោះហៅក្រុមប្រឹក្សាភិបាល ឬគណៈកម្មាធិការប្រតិបត្តិមកសាកសួរ និងបំភ្លឺពីបញ្ហាផ្សេងៗបាន។
ក្នុងករណីពិសេសដោយមើលឃើញថា សមាគមត្រូវឈានទៅរកវិបត្តិហើយ តែក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រតិបត្តិមិនព្រមរិះរកវិធានការណ៍ ឬដំណោះស្រាយដើម្បីបញ្ចៀសគ្រោះអាសន្នទេនោះនឹងតម្រូវឲ្យមាន ចំណាត់ការភ្លាមៗ រួចហើយត្រូវរាយការណ៍ជូនសមាជិកស្ថាបនិកវិញមិនលើសពីមួយសប្ដាហ៍។
ករណីមិនព្រមស្ដាប់តាមការណែនាំរបស់សមាជិកស្ថាបនិក នោះសមាជិកស្ថាបនិកមានសិទ្ធិនឹងបង្កើតគណៈកម្មការមួយដើម្បីដោះស្រាយ វិបត្តិ ហើយបើនៅតែមិនអាចដោះស្រាយបានទៀតគណៈកម្មការដែលបង្កើតឡើងដោយ សមាជិកស្ថាបនិកនេះនឹងកោះឲ្យមានមហាសន្និបាតវិសាមញ្ញភ្លាមដោយ ប្រើប្រាស់ធនធានរបស់សមាគម។
សមាជិកស្ថាបនិកជាអ្នកពិនិត្យមើលភាពស្របច្បាប់របស់សមាគមយុវជន ខ្មែរ។ ក្នុងករណីមានវិវាទលើលក្ខន្តិកៈ និង សេចក្ដីសំរេច និង បទប្បញ្ញត្តិផ្សេងៗ ដែលប្រើនៅសមាគមយុវជនខ្មែរត្រូវប្ដឹងទៅគណៈកម្មាធិការសមាជិក ស្ថាបនិក។ សមាជិកស្ថាបនិកដែលមានតួនាទីខាងលើនេះគឺសំដៅទៅលើសមាជិកស្ថាបនិក ទាំងឡាយណាដែលបានប្រឹងប្រែងសង្គ្រោះសមាគមយុវជនខ្មែរឲ្យមានជីវិត ថ្មីនៅចុងឆ្នាំ១៩៩៤ និងសមាជិកដែលបានជួយសមាគមតាំងពីឆ្នាំ១៩៩៥ រហូតមកដល់បច្ចុប្បន្ននេះទើបអាចចូលជាសមាជិកគណៈកម្មការខាងលើ បាន។
អំពី រចនាសម្ព័ន្ធ
សមាគមយុវជនខ្មែរមានរចនាសម្ព័ន្ធទាក់ទងដូចខាងក្រោម ៖
- មហាសន្និបាត
- ក្រុមប្រឹក្សាភិបាល
- គណៈកម្មាធិការប្រតិបត្តិ
មហាសន្និបាត
មហាសន្និបាតគឺជាអង្គការសំរេចចិត្តថ្នាក់កំពូលរបស់សមាគម។ មហាសន្និបាតចែកចេញជាពីរប្រភេទគឺ :១. មហាសន្និបាតសាមញ្ញ : គឺត្រូវបានប្រារព្ធធ្វើឡើងជាទៀងទាត់ទៅតាមការកំណត់ដែលមានចែង នៅក្នុងលក្ខន្តិកៈ។ មហាសន្និបាតសាមញ្ញគឺសំដៅជ្រើសរើសប្រធានសមាគមរាយការណ៍ពីសកម្មភាព ការងាររយៈពេលបីឆ្នាំ របាយការណ៍ថវិកា ធ្វើវិសោធនកម្មលក្ខន្តិកៈក្នុងករណីចាំបាច់ អនុម័តគម្រោងសកម្មភាពមេ និងការចោទឆ្លើយក្នុងករណីមានការសង្ស័យ ឬយល់មិនច្បាស់ណាមួយ។ មហាសន្និបាតសាមញ្ញត្រូវតែបានរៀបចំឡើងនៅរៀងរាល់ថ្ងៃទី ២២ ខែ វិច្ឆិកា នៃឆ្នាំទី៣ក្នុងអណត្តិនីមួយៗ ប៉ុន្តែកាលបរិច្ឆេទនេះអាចផ្លាស់ប្ដូរបានក្នុងករណីប្រធានស័ក្ដិ។
២. មហាសន្និបាតវិសាមញ្ញ : គឺត្រូវបានប្រារព្ធធ្វើឡើងដោយពុំមានកាលបរិច្ឆេទកំណត់ច្បាស់លាស់ នៅក្នុងលក្ខន្តិកៈ។ មហាសន្និបាតវិសាមញ្ញគឺសំដៅជ្រើសរើសប្រធានសមាគមក្នុងករណីប្រធាន លាលែងពីតំណែងមុនអណត្តិ មរណភាព ឬ បាត់បង់សុពលភាពការងារ តែមហាសន្និបាតវិសាមញ្ញនឹងប្រព្រឹត្តទៅបានលុះណាតែមានសំលេង៥០%+១ នៃសមាជិកក្រុមប្រឹក្សាភិបាល។ ក្នុងករណីក្រុមប្រឹក្សាភិបាលអសកម្មមិនព្រមដោះស្រាយវិបត្តិនេះទេ គណៈកម្មការចម្រុះមួយ ដែលមានសមាសភាពយ៉ាងតិច៧រូប ដែលបង្កើតឡើងដោយសមាជិកស្ថាបនិកដើម្បីរៀបចំឲ្យមានមហាសន្និបាតនេះ ឡើងដោយឈរលើសំលេង ៥០ភាគរយបូក ១។
៣. ដំណើរការរៀបចំមហាសន្និបាត
៣-១-គណកម្មការរៀបចំមហាសន្និបាត
មុននឹងរៀបចំមហាសន្និបាត គណកម្មាធិការប្រតិបត្តិត្រូវតែរៀបចំ ជ្រើសរើសគណៈកម្មការឯករាជ្យមួយដើម្បីរៀបចំដំណើរការ មហាសន្និបាត។ គណៈកម្មការឯករាជ្យត្រូវមានសមាសភាពយ៉ាងច្រើន ០៥ រូប និងបំពេញភារកិច្ចមុន មហាសន្និបាតរយៈពេល១០ថ្ងៃ ហើយចប់ភារកិច្ច ក្រោយមហាសន្និបាតរយៈ ពេល ០៣ថ្ងៃ។ ប្រធាន និងសមាជិករបស់ គណៈកម្មការនេះត្រូវរើសចេញពីសមាជិកសកម្ម ឬ សមាជិកស្ថាបនិក របស់សមាគម លើកលែងតែអ្នកកាន់កិច្ចការរដ្ឋបាលដែលត្រូវយកចេញពី បុគ្គលិករបស់សមាគម។ ប្រធាន និង សមាជិកគណៈកម្មការរៀបចំ មហាសន្និបាតគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនប្រធាន និងសមាជិក ក្រុមប្រឹក្សាភិបាលសមាគមបានឡើយ។ រៀងរាល់មហាសន្និបាត គណៈកម្មការរៀបចំមហាសន្និបាតត្រូវតែអញ្ជើញអ្នកសង្កេតការណ៍យ៉ាង តិចចំនួន ០៣នាក់ ឲ្យចូលរួមសង្កេតការណ៍។ អ្នកសង្កេតការណ៍ទាំងអស់ គ្មានសិទ្ធិបោះឆ្នោតឡើយ តែមានសិទ្ធិចូលរួមជាយោបល់ចំពោះ មហាសន្និបាត។
៣-២-លក្ខខ័ណ្ឌគោលនៃការឈរឈ្មោះ
បេក្ខជនប្រធានសមាគម និង សមាជិកក្រុមប្រឹក្សាភិបាលដែលកំពុង ប្រតិបត្តិក្នុងរចនាសម្ព័ន្ធសមាគមត្រូវលាលែងរយៈពេល ០៣ថ្ងៃ មុនពេល រៀបចំមហាសន្និបាត។ ក្នុងករណីដែលប្រធានសមាគមបន្តឈរជាបេក្ខជន ហើយលាលែងពីតំណែងរបស់ប្រធានរយៈពេល០៣ថ្ងៃ នោះរចនាសម្ព័ន្ធសមាគម ទាំងមូលត្រូវស្ថិតនៅក្រោមការដឹកនាំរបស់គណៈកម្មការរៀបចំ មហាសន្និបាត របស់សមាគម។ ការឈរឈ្មោះជាបេក្ខជនប្រធានគឺត្រូវដាក់ពាក្យសុំជា លាយលក្ខណ៍អក្សរ និង បំពេញបែបបទទៅតាមទម្រង់ និងកាលបរិច្ឆេទដែល គណៈកម្មការរៀបចំមហាសន្និបាតបានកំណត់។
៣-៣-សមាជិកចូលរួមមហាសន្និបាត
សមាជិក សមាជិកាទាំងអស់របស់សមាគមយុវជនខ្មែរអាចចូលរួមក្នុង មហាសន្និបាត ប៉ុន្តែគណៈកម្មការរៀបចំមហាសន្និបាតមានសិទ្ធិកំណត់ចំនួននៃ អ្នកចូលរួមមហាសន្និបាតអាស្រ័យទៅតាមធនធានរបស់ខ្លួន។
៣-៤-ធនធាននិងថវិកាសម្រាប់រៀបចំមហាសន្និបាត
ធនធាន និងថវិកាសម្រាប់រៀបចំមហាសន្និបាតគឺជាធនធាន និងថវិការបស់ សមាគមយុវជនខ្មែរ។ គណកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលត្រូវមាន ភារកិច្ចធានារ៉ាប់រងក្នុងការស្វែងរកធនធាន និងថវិកាទាំងអស់នេះ។
ក្រុមប្រឹក្សាភិបាល
១-អំពីសមាសភាព- ក្រុមប្រឹក្សាភិបាលមានសមាសភាពពី ៧ ទៅ ៩រូប ដែលត្រូវបានជ្រើសរើសចេញពីឥស្សរជន ឬ ពីប្រធានអង្គការ សមាគមនានា និងពីសមាជិកសមាគមយុវជនខ្មែរដែលមានបទពិសោធន៍ការងារល្អ និងមានជំហរគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
- ក្រុមប្រឹក្សាភិបាលមានអណត្តិបីឆ្នាំស្មើនឹងអណត្តិរបស់ប្រធាន សមាគមដែរ។ សមាជិករបស់ក្រុមប្រឹក្សាភិបាលត្រូវបានជ្រើសរើសឡើងតាមរយៈ ៖
- 1. ការបោះឆ្នោតដោយមហាសន្និបាត ចំនួនយ៉ាងតិច ២ រូប
- 2. ពីសមាជិកគណៈកម្មាធិការប្រតិបត្តិ ចំនួនមិនលើសពី២រូប ដែលមិនមែនជាប្រធាន អនុប្រធាន អគ្គលេខាធិការ ប្រធានគណនេយ្យ និង រដ្ឋបាលឡើយ។
- 3. ចំពោះបុគ្គលិកដែលមានបំណងឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាភិបាល ត្រូវលាលែងពីមុខតំណែងសព្វថ្ងៃរបស់ខ្លួនរយៈពេលបីថ្ងៃមុន មហាសន្និបាត ហើយត្រូវចាត់ទុកថា បានលាឈប់ពីបុគ្គលិកដោយស្វ័យប្រវត្តិ បន្ទាប់ពីខ្លួនត្រូវបានជ្រើសតាំងដោយការបោះឆ្នោតពីមហាសន្និបាត។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាភិបាល គឺត្រូវប្រារព្ធធ្វើឡើង ៤ដង ក្នុងមួយឆ្នាំដោយមានការចូលរួមពីប្រធានសមាគម អនុប្រធាន ប្រធានគណនេយ្យ និងរដ្ឋបាលដើម្បីរាយការណ៍ជូនពីសកម្មភាពការងារ និង ថវិការបស់សមាគម។ ចំពោះការប្រជុំវិសាមញ្ញ គឺអាស្រ័យទៅលើការចាំបាច់របស់សមាគម។
៣- អំពីភារកិច្ច
- ក្រុមប្រឹក្សាភិបាលគឺជាអ្នកធានានិរន្តរភាពការងាររបស់សមាគម និងធ្វើការទទួលខុសត្រូវចំពោះមុខមហាសន្និបាត។
- ក្រុមប្រឹក្សាភិបាលមានភារកិច្ច ជួយតំរែតម្រង់គោលនយោបាយដឹកនាំសមាគម និងផ្ដល់យោបល់ដល់គណៈកម្មាធិការប្រតិបត្តិក្នុងការដំណើរការសមាគម ទំនាក់ទំនងជាមួយម្ចាស់មូលនិធិ និង ជំរុញឲ្យមានតម្លាភាពក្នុងការចាយវាយថវិការបស់សមាគម។
- ក្រុមប្រឹក្សាភិបាលមានតួនាទីសំខាន់ក្នុងការតាមដានយ៉ាងដិតដល់ នូវរាល់សកម្មភាពរបស់សមាគម និង អនុម័តច្បាប់នានារបស់សមាគមយុវជនខ្មែរ។
- ក្រុមប្រឹក្សាភិបាលជាអ្នកធ្វើការអនុម័តទៅលើគម្រោងផែនការសកម្មភាពមេរបស់សមាគម។
- ក្រុមប្រឹក្សាភិបាលមានសិទ្ធិយ៉ាងគ្រប់គ្រាន់ក្នុងការកោះអញ្ជើញ ប្រធានសមាគមឲ្យឆ្លើយបំភ្លឺនៅក្នុងអង្គប្រជុំសាមញ្ញ ឬ វិសាមញ្ញនូវអ្វីដែលខ្លួនមានការសង្ស័យស្នើឡើងដោយសំលេង១/៣នៃ សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់។
- ក្នុងករណីរកឃើញនូវភស្តុតាងគ្រប់គ្រាន់ពីប្រធានសមាគម ដែលយកសមាគមធ្វើអាជីវកម្ម ឬធ្វើអោយខូចប្រយោជន៍ណាមួយដោយចេតនា និងអចេតនាធ្ងន់ធ្ងរក្រុមប្រឹក្សាភិបាលមានសិទ្ធិផ្ដួចផ្ដើមឲ្យមាន មហាសន្និបាតវិសាមញ្ញជាបន្ទាន់យ៉ាងយូរមួយសប្ដាហ៍បន្ទាប់ពីកសាង សំណុំរឿងបានគ្រប់គ្រាន់។
- ក្រុមប្រឹក្សាភិបាលមានសិទ្ធិព្រមាន និងសម្រេចព្យួរមុខតំណែងការងាររបស់ប្រធានសមាគមក្នុងខណៈរកឃើញថា បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ដូចជាការប្រព្រឹត្តអំពើពុករលួយនាំយកសមាគមទៅបម្រើអោយផលប្រយោជន៍ គណបក្សនយោបាយណាមួយ និងអសមត្ថភាពការងារ។
- ក្រុមប្រឹក្សាភិបាលមានសិទ្ធិដកហូត ឬ តែងតាំងចាប់ពីអនុប្រធាន អគ្គលេខាធិការប្រធានផ្នែកគណនេយ្យ ប្រធានរដ្ឋបាល និង ប្រធានផ្នែកនានា ព្រមទាំងប្រធានសាខាខេត្ត/ក្រុង។
- រាល់ការសម្រេចរបស់ក្រុមប្រឹក្សាភិបាលដែលពាក់ព័ន្ធនឹងការ តែងតាំង ឬ ដកហូតនូវតំណែងទាំងឡាយខាងលើត្រូវឈរលើសំលេងពីរភាគបីដាច់ខាតនៃ សមាជិកក្រុមប្រឹក្សាភិបាលទាំងមូល។
- ក្រុមប្រឹក្សាភិបាលមានសិទ្ធិចុះមកធ្វើការត្រួតពិនិត្យមើលការចំណាយថវិកានៅផ្នែកគណនេយ្យ និងសកម្មភាពការងារផ្សេងៗ។
- បន្ទាប់ពីមហាសន្និបាតក្រុមប្រឹក្សាភិបាលត្រូវរៀបចំប្រជុំជាលើក ដំបូងរបស់ខ្លួនយ៉ាងយូរមុនថ្ងៃ៣១ ខែមករា ដើម្បីរៀបចំបោះឆ្នោតជ្រើសរើសប្រធានរបស់ខ្លួន។
គណៈកម្មាធិការប្រតិបត្តិ
គណៈកម្មាធិការប្រតិបត្តិត្រូវមានកាតព្វកិច្ចទទួលខុសត្រូវចំពោះមុខក្រុមប្រឹក្សាភិបាល។១.សមាសភាពគណៈកម្មាធិការប្រតិបត្តិនៃសមាគមយុវជនខ្មែររួមមាន ៖
- ប្រធាន ០១រូប
- អនុប្រធាន ០១រូប
- អគ្គលេខាធិការ ០១រូប
- ប្រធានគណនេយ្យ ០១រូប
- ប្រធានរដ្ឋបាល ០១រូប
- ប្រធានផ្នែកជំនាញនានា និង ប្រធានសាខាខេត្ត/ក្រុង
៣.ប្រធានគណៈកម្មាធិការប្រតិបត្តិ គឺជាប្រធានសមាគមដែលមានសិទ្ធិ គ្រប់គ្រងក្នុងមួយអណត្តិរយៈពេល៣ឆ្នាំ ហើយមានសិទ្ធិឈរឈ្មោះជា បេក្ខជនប្រធានសមាគមតែក្នុងរយៈពេលពីអណត្តិជាប់ៗគ្នាតែប៉ុណ្ណោះ។
៤.អនុប្រធាន អគ្គលេខាធិការ ប្រធានគណនេយ្យ ប្រធានរដ្ឋបាល និង ផ្នែក ជំនាញនានា ព្រមទាំងប្រធានសាខាខេត្ត/ក្រុង ត្រូវបានតែងតាំងដោយ សេចក្ដីសម្រេចរបស់ប្រធានសមាគមបន្ទាប់ពីមានការយល់ព្រមភាគច្រើន ពីរភាគបីពីសមាជិក សមាជិកា របស់ក្រុមប្រឹក្សាភិបាល។
៥.ក្នុងករណីប្រធានលាលែងពីការងារមុនអណត្តិ ឬបាត់បង់សុពលភាព ដោយប្រការណាមួយអនុប្រធានត្រូវដឹកនាំការងារជំនួសជាប្រធានស្ដីទី ដោយមានការយល់ព្រមដោយសំលេងពីរភាគបីនៃក្រុមប្រឹក្សាភិបាលរហូត ដល់មានការរៀបចំមហាសន្និបាតដើម្បីជ្រើសរើសប្រធានថ្មីត្រូវបានធ្វើ ឡើង។
៦.ត្រូវផ្ញើរបាយការណ៍សកម្មភាព និង ថវិកា ព្រមទាំងផែនការសកម្មភាពមេ ជូនក្រុមប្រឹក្សាភិបាលស្របតាមរបាយការណ៍ និងផែនការដែលផ្ញើជូន ម្ចាស់មូលនិធិ។
៧.ពិធីផ្ទេរតំណែង និងស្បថចូលកាន់មុខតំណែងរបស់ប្រធានសមាគម : ពិធីផ្ទេរ និងស្បថចូលកាន់មុខតំណែង និង ផ្ទេរតំណែងនឹងត្រូវធ្វើឡើងនៅ ត្រឹមថ្ងៃទី ៣១ ខែ ធ្នូ នៅក្នុងអណត្តិនីមួយៗ។
៨.រាល់សេចក្ដីសម្រេចចិត្តនានាដែលធ្វើឡើងក្នុងនាម សមាគមត្រូវផ្ញើទៅ ជូនក្រុមប្រឹក្សាភិបាល និងគណៈកម្មការសមាជិកស្ថាបនិកជាកំហិត។
អំពី លក្ខខណ្ឌឈរឈ្មោះជាបេក្ខជនប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល
ក. លក្ខខណ្ឌឈរឈ្មោះជាបេក្ខជនប្រធាន
- មានសញ្ជាតិខ្មែរ។
- ជាសមាជិកសមាគមដែលមានអាយុពី ១៨ ដល់ ៣៥ឆ្នាំ។
- ចូលជាសមាជិកសមាគមយុវជនខ្មែរយ៉ាងតិចបីឆ្នាំ។
- ពុំមែនជាសកម្មជនគណបក្សនយោបាយ ឬមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលឡើយ។
- សមាជិកសមាគម ដែលកំពុងមានតួនាទីជាមន្ត្រីរាជការត្រូវដាក់ពាក្យសុំព្យួរការងារ ពីស្ថាប័ន ដែលខ្លួនកំពុងបម្រើការងារដោយភ្ជាប់មកជាមួយនូវសេចក្ដីសម្រេចឲ្យ ព្យួរការងារផងនៅពេលដែលដាក់ពាក្យឈរឈ្មោះជាបេក្ខជនប្រធានសមាគម។
- ត្រូវមានសញ្ញាប័ត្រយ៉ាងទាបត្រឹមថ្នាក់មធ្យមសិក្សាទុតិយភូមិ។
- ជាជនដែលគ្មានប្រវត្តិប្រព្រឹត្តអំពើពុករលួយឬធ្លាប់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋផ្សេងៗ។
- យ៉ាងហោចណាស់ធ្លាប់ធ្វើជាអ្នកដឹកនាំ ឬគ្រប់គ្រង ឬអ្នកសម្របសម្រួលគម្រោងកម្មវិធីអ្វីមួយក្នុងអង្គការជាតិ ឬអន្តរជាតិ។
- មានសញ្ជាតិខ្មែរ
- ជាសមាជិកសមាគមដែលមានអាយុពី ១៨ ដល់ ៣៥ឆ្នាំ។
- ចូលជាសមាជិកសមាគមយុវជនខ្មែរយ៉ាងតិច១ឆ្នាំ។
- ជាអ្នកមានបទពិសោធន៍ការងារជាមួយយុវជន ឬ មានចំណេះដឹងពីការងារយុវជន ឬវិស័យណាមួយដែលពាក់ព័ន្ធនឹងសមាគមយុវជនខ្មែរ។
- ជាជនដែលគ្មានប្រវត្តិប្រព្រឹត្តអំពើពុករលួយ ឬ ធ្លាប់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋផ្សេងៗ។
អំពី បទវិន័យ
ក្រុមប្រឹក្សាភិបាលរបស់សមាគមនឹងដាក់វិន័យដល់សមាជិកណាដែលមិន គោរព លក្ខន្តិកៈ និងលិខិតបទដ្ឋាននានារបស់សមាគមដោយប្រការ :
១. ការណែនាំលើកទី១ លើកទី២ និង លើកចុងក្រោយ
២. ដកសិទ្ធិសមាជិកភាព
៣. ការលួចទ្រព្យសម្បត្តិរបស់សមាគម ការធ្វើអោយខូចកេរ្តិ៍ឈ្មោះ និងខូច ប្រយោជន៍របស់សមាគមដោយចេតនានឹងត្រូវកោះមកសាកសួរនៅចំពោះមុខ ក្រុមប្រឹក្សាភិបាល។ ក្នុងករណីមិនអាចសម្រុះសម្រួលបាននឹងត្រូវប្ដឹងទៅតុលាការ នៃព្រះរាជាណាចក្រកម្ពុជា។
សមាជិកគ្រប់រូបរបស់សមាគមយុវជនខ្មែរមិនអាចយកឈ្មោះ ទង់ ផ្លាកសញ្ញា និង ត្រា របស់សមាគមទៅប្រើប្រាស់ក្នុងន័យបម្រើគណបក្សនយោបាយ និងបុគ្គលខ្លួនជាដាច់ខាត។ ប៉ុន្តែសមាជិកជាបុគ្គលអាចចូលរួមក្នុងសកម្មភាពគណបក្សនយោបាយដោយ សេរី។
លទ្ធិប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការដឹកនាំ និង អភិវឌ្ឍន៍សមាគមយុវជនខ្មែរ។
បុគ្គលិកគ្រប់រូបរួមទាំងគណៈកម្មាធិការគ្រប់គ្រងគ្រប់លំដាប់ ថ្នាក់របស់សមាគមយុវជនខ្មែរមានសិទ្ធិពេញលេញក្នុងការបញ្ចេញមតិ យោបល់រិះគន់ស្ថាបនាដោយសេរីនៅក្នុងអង្គប្រជុំដោយគ្មានការរារាំង ឬគំរាមកំហែងពីជនណាម្នាក់ឡើយ។ ការនិយាយបរិហារកេរ្តិ៍សមាគម រឺបុគ្គលិក ត្រូវធ្វើការព្រមាន រឺក៏បញ្ឈប់ពីការងារក្នុងករណីធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរ។
អំពី ប្រភពមូលនិធិ និង ការប្រើប្រាស់
មូលនិធិរបស់សមាគមយុវជនខ្មែរបានមកពី ៖
- ការបង់វិភាគទានរបស់សមាជិក សមាជិកា របស់សមាគម។
- អំណោយផ្សេងៗជាអំណោយសប្បុរសធម៌ពីអង្គការជាតិ និង អន្តរជាតិនានា។
- ជំនួយផ្សេងៗ ដែលអង្គការមូលនិធិផ្ដល់អោយតាមកិច្ចព្រមព្រៀងលើកម្មវិធីនានារបស់សមាគម។
- ជំនួយផ្សេងៗដែលជាលក្ខណៈជំនួយគ្មានសំណង។
ប្រធានគណនេយ្យមានតួនាទីគ្រប់គ្រងចំនួនទឹកប្រាក់ និងសាច់ប្រាក់ដោយផ្ទាល់ តែគ្មានសិទ្ធិបញ្ជាចំណាយទេ។ មានតែអាណាប័ក ឬអាណាប័កផ្ទេរសិទ្ធិប៉ុណ្ណោះដែលមានសិទ្ធិបញ្ជាចំណាយ។ ចំពោះចំណាយដែលមានករណីប្រធានស័ក្ដិត្រូវសុំការអនុម័តពី ក្រុមប្រឹក្សាភិបាល។
អំពី អធិបតេយ្យភាព
សមាគមយុវជនខ្មែរជាអង្គការ មិនមែនរដ្ឋាភិបាល ឯករាជ្យ មិនបម្រើគណបក្សនយោបាយ និងមិនរកកំរៃ។ ដូចនេះសមាជិក នៃគណៈកម្មាធិការប្រតិបត្តិគ្រប់លំដាប់ថ្នាក់ និងប្រធានសាខាខេត្ត/ក្រុង ដែលកំពុងប្រតិបត្តិ និង បំពេញមុខនាទីក្នុងសមាគមយុវជនខ្មែរមិនអាចជាសមាជិកសកម្មនៃគណបក្ស នយោបាយ ឬជាសមាជិកនៃគណៈរដ្ឋមន្ត្រីដែលកំពុងកាន់អំណាចឡើយ។
ការិយាល័យដែលតាំងនៅរាជធានីភ្នំពេញ ជាទីស្នាក់ការកណ្ដាលរបស់សមាគមយុវជនខ្មែរ។ ទង់ និងផ្លាកសញ្ញារបស់សមាគមយុវជនខ្មែរមានកំណត់នៅក្នុងឧបសម្ពន្ធ ១ និង ឧបសម្ព័ន្ធ ២។
អំពី ការរំលាយសមាគម
មានតែមហាសន្និបាតរបស់សមាគមយុវជនខ្មែរតែមួយគត់ ដែលមានសិទ្ធិរំលាយសមាគមបានដោយឈរលើសំលេងភាគច្រើនដាច់ខាតពីរ ភាគបី។ ក្នុងករណីមានសមាជិកមហាសន្និបាត ចាប់ពីសាមសិបភាគរយឡើងទៅមានសិទ្ធិសុំបន្តសកម្មភាពរបស់សមាគមបាន តែត្រូវកំណត់រយៈពេលមួយឆ្នាំ បើគ្មានការរីកចម្រើនត្រូវបញ្ចប់សកម្មភាពជាស្វ័យប្រវត្តិ។
បន្ទាប់ពីត្រូវបានរំលាយ ទ្រព្យសម្បត្តិ និង សារពើភ័ណ្ឌរបស់សមាគមទាំងអស់ត្រូវធ្វើជាអំណោយដល់សមាគមឬអង្គការ នានាដែលមានអព្យាក្រិតភាព និង ឯករាជ្យភាពត្រឹមត្រូវនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អំពីការធ្វើវិសោធនកម្មលក្ខន្តិកៈ
មានតែមហាសន្និបាតរបស់សមាគមយុវជនខ្មែរទេ ដែលអាចធ្វើវិសោធនកម្មលក្ខន្តិកៈរបស់សមាគមយុវជនខ្មែរបាន តែត្រូវឈរលើសំលេងយល់ព្រម ៥០បូក ១ នៃសមាជិកចូលរួមមហាសន្និបាត។
ចំពោះការធ្វើវិសោធនកម្មដែលប៉ះពាល់លើសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់សមាជិក ឬ បុគ្គលិកត្រូវហាមឃាត់ជាដាច់ខាត។
អំពី អន្តរបញ្ញត្តិ
លក្ខន្តិកៈនេះ ក្រោយពីបានធ្វើការអនុម័តត្រូវប្រកាសអោយចូលជាធរមានភ្លាមដោយ អង្គមហាសន្និបាត និងចុះហត្ថលេខាដោយប្រធានសមាគមដែលកំពុងមានសុពលភាព។
លក្ខន្តិកៈ និងលិខិតបទដ្ឋានទាំងឡាយនៅសមាគមយុវជនខ្មែរ ដែលធានាការពារនូវទ្រព្យសម្បត្តិសមាគមសិទ្ធិ សេរីភាព និងផលប្រយោជន៍ត្រឹមត្រូវតាមច្បាប់របស់សមាជិកត្រូវមានអានុភាព អនុវត្តបន្តទៅមុខទៀតរហូតដល់មានអត្ថបទថ្មីមកកែប្រែឬលុបចោល។ លើកលែងតែបទបញ្ញត្តិណាដែលផ្ទុយនឹងស្មារតីនៃលក្ខន្តិកៈនេះ។
0 comments:
Post a Comment