javascript:void(0)

ការមកកាន់ទំព័រដំបូងក្នុងការឈ្វេងយល់ និងត្រិះរិះពិចារណាអំពី អាថ៌កំបាំងបណ្ដាំមាតាមហានគរក្មែរ ជាបុព្វហេតុនៃដើមកំណើតរបស់ជាតិខ្មែរ មាតុភូមិរបស់ខ្មែរ........ ដែលជួយរៀបចំវា​យ​ឯកសារនេះ ដោយខ្ញុំបាទ សេន រ៉ន សិស្សរៀននៅសាលាបចេ្ចកទេស ដុនបូស្កូខេត្តព្រះសីហនុរៀនជំនាញទំនាក់ទំនងសង្គម ហើយស្រាវជ្រាវដោយលោកអ៊ុំខ្ញុំដែលជាមនុស្សម្នាក់ អាចយល់​និង​ដឹងពី​អាថ៌កំបាំងមហានគរខ្មែរ តាមរយៈរូបលើផ្ទាំងចម្លាក់ប្រាសាទនានាដូចជា ប្រាសាទ អង្គរវត្ត ព្រះវិហារ តាព្រហ្ម បន្ទាយស្រី.... និង ប្រាសាទដទៃទៀតជាច្រើនរួមទាំងឈ្មោះរបស់ ភូមិស្រុក ធម្មជាតិ រឿងព្រេង ទំនៀមទំលាប់ ប្រពៃណី ទំនាយ.... ដែលមាននៅក្នុងប្រទេសកម្ពុជាយើង ព្រមជាមួយនោះដែរ គាត់បានធ្វើការសិក្សាស្រាវជ្រាវ ត្រិះរិះពិចារណាដោយ​ខ្លួនឯងអស់រយៈ​ពេល​ជាងដប់ឆ្នាំ អំពីបញ្ហាប្រស្នាអាថ៌កំបាំងរបស់ជាតិនេះ ដោយមិនខ្វល់ខ្វាយពីភាពនឿយហត់ ទុក្ខលំបាក ធុញទ្រាន់នោះឡើយ ពោលគឺគាត់សុខចិត្តលះបង់នូវពេលវេលា កម្លាំងកាយ និងកម្លាំង​ចិត្ត ថែមទាំងអធិដ្ឋានជីវិតរបស់គាត់ទៀតផង ដើម្បីបុព្វហេតុមាតាបិតាមហានគរ ដែលជាអ្នកបង្កើតមាតុភូមិនេះ ឲ្យបានរួចចាកផុតនូវបាបកម្មចាស់ដែលបានបន្សល់ទុកពីអតីត កាលដ៏យូរល​ង់​ណាស់មកហើយ។ អាណាចក្រខ្មែ​រ​(ក្មែរ) មហានគ​រក្មែរជា​​​​​ មហានគរ​​​ដែល​មាន​​ភាពរីកចម្រើនខ្លាំង ខាងការគ្រប់គ្រង ការកសាង និងមានកិត្តិស័ព្ទល្បីល្បាញរនឺ្ទសុះសាយ ពាសពេញជ្រោយសុវណ្ណភូមិ ព្រមទាំង​ធ្វើការគ្របដ​ណ្តប់លើបណ្តាប្រទេសជាច្រើននៅ ក្នុង ទ្វីបអាស៊ីពីអតីត។ តើហេតុដូចម្តេចបានជានៅសម័យក្រោយមហានគរក្មែរ យើងបែរជាធ្លាក់ចុះ និងអន់ថយទៅវិញ ក្នុងការសិក្សា​ស្រាវជ្រាវដែលទាក់ទងនឹងប្រវត្តិជនជាតិក្មែរ ពួកគាត់តែងតែ មានការស្រពិចស្រពិលពីដើមកំណើតនៃជនជាតិក្មែរនេះ។ ទាំងអស់នេះ ចោទជាបញ្ហា ដែលនាំ ឲ្យអ្នកស្រាវជ្រាវទាំងឡាយទាំង ជនជាតិក្មែរ ជនជាតិបរទេសដែលពុំដឹង មានការងឿងឆ្ងល់ ហើយ ចង់ដឹងការពិត អំពីប្រវត្តិសាស្រ្តក្មែរក៏ដូចជាវប្បធម៌ អរិយធម៌ជាតិ។ យ៉ាងណាមិញ អ្នកប្រាជ្ញ សម័យមុន​ៗ(សូមមិន​លើក​យកពីអ្នកប្រាជ្ញបរទេស) មានដូចជាលោក ឈឹមក្រសេម លោក រស់ សារ៉េត លោកពៅឈិន លោកមាសហាំ លោកហ៊ឺមខាន់ លោកឆត្រាប្រេមឬឌី លោក កេងវ៉ាន់សាក់......។ ទស្សនៈ​របស់​លោកទាំងអស់នោះ សុទ្ធតែមានទំនោរទៅរកបរទេសច្រើន គឺភាគច្រើន ទាញប្រភពដើមរបស់ជនជាតិក្មែរនេះទៅរកឥណ្ឌា។ ប៉ុន្តែក្នុងនោះមានទស្សនៈ របស់លោក កេងវ៉ាន់សាក់ ដែលមាន​លក្ខណៈជាតិដើមខ្លះៗ ប៉ុន្តែមិនសូវជាច្បាស់លាស់ប៉ុន្មាន ព្រោះខ្វះឯកសារសំរាប់ពន្យល់បញ្ជាក់បន្ថែម។ ដូច្នេះក្នុងនាមខ្ញុំបាទ ជាកូនក្មែរម្នាក់ដែលកើត និងកប់ទងសុក នៅទីបំផុត​នឹងត្រូវ​កប់សាកសពនៅលើទឹកដីក្មែរ ខ្ញុំនឹងខិតខំស្រាវជ្រាវរាវរកការពិត របស់ជនជាតិនេះ ដើម្បីយកមកបើកបង្ហាញពីបុគ្គលដែលបានបង្កើតនូវភាពអច្ឆរយៈជាតិ ហើយ គាត់បាន​លិចបាត់ក្នុង​អតីតកាល តាមរយៈស្នាដៃខ្លី អាថ៌កំបាំងបណ្ដាំមាតាមហានគរក្មែរដែល បានដាក់បង្ហាញនៅលើគេហទំព័រនេះ។ ដោយសង្ឃឹមថា កូនក្មែរទាំងឡាយ ដែលមានពូជពង្ស ឈាមជ័រជាក្មែរ មានចិត្តស្រលាញ់ជាតិ ចង់ដឹងរឿងពិត ពីមហានគររបស់ខ្លួនក្នុងអតីតនោះ នឹង ធ្វើការតាមដានត្រិះរិះពិចារណា និងឈ្វេងយល់នូវអ្វីដែលខ្ញុំបានស្រាវជ្រាវ ហើយខ្ញុំក៏ រងចាំ ទទួលនូវការរិះគន់ ពីសំណាក់មិត្តអ្នកអានគ្រប់ពេលវេលា ក្នុងន័យជួយស្ថាបនាអត្ថបទនេះ ឲ្យបានកាន់តែប្រសើរឡើង ដើម្បីទុកជាឯកសារគំនិតថ្មី ដល់កូនក្មែរជំនាន់ក្រោយ តាមរយៈ E-mail: khmersecret@y​ahoo.com។

ចំណាំៈ
ជូនចំពោះព្រះគុណម្ចាស់ និងមិត្តអ្នកអាន ដែលមានបំណងចង់យល់នូវអត្ថបទនេះឲ្យបានច្បាស់ និងស៊ីជំរៅនោះ សូមមេត្តាកុំអានរំលង ព្រោះថារាល់អត្ថបទទាំងអស់ មានការទាក់ទង​គ្នាពីមួយទៅមួយ ប្រៀបដូចជា រឿងព្រេងនិទាន។ ហើយនៅក្នុងទំព័រ​នៃអា​ថ៌កំបាំងមហានគរក្មែរនេះ​ ខ្ញុំសូមសរសេរពាក្យ ( ក្មែរ = ខ្មែរ ) តាមពាក្យដែលដូនតាយើងធ្លាប់បានឆ្លាក់ទុកនៅលើ ផ្ទាំងសិលាចារិកនៅក្នុងប្រាសាទនានា សំរាប់ជាទុន​ក្នុងការសិក្សាស្រាវជ្រាវ នឹងទុកជាកេរតំណែលឲ្យកូនក្មែរ ជំនាន់ក្រោយធ្វើជាឯកសារ។ អត្ថបទនេះ គឺជាភាគទីមួយ ហើយខ្ញុំ នឹងខិតខំស្រាវជ្រាវនូវភាគទីពីរមកពន្យល់បកស្រាយជាបន្ត។

ការបង្កើតពូជមេ ឬក្មេរ
កេ្មរ = កេរ + មេ = កេរមរតករបស់មេ

 ប្រវត្តិនៃពាក្យក្មេរ

ក/.ប្រវត្តិអតីតកាលនៃនគរនេះគឺ នគរស្ត្រី (នគរមេ ឬក្មេរ = កេរ + មេ) ដែលមានស្រ្តីជាអ្នកដឹកនាំ។ នៅក្នុងសាវតារឿងព្រេងចិន គឺរឿង “ថាងចេងចម្លងធម៌” ពួកគេបានដើរឆ្លងកាត់នគរមួយឈ្មោះថា “នគរស្ត្រី” ឬ “នគរស្រីល្វោ” សព្វថ្ងៃទីតាំងនេះ សិ្ថតនៅក្នុងប្រទេសសៀម(ថៃ) ហៅថាខេត្ត ល្វោ ឬលពបុរី” ដែលពីដើមខេត្តនេះ គឺជាទឹកដីរបស់ក្មែរ។ ពន្យល់ពាក្យ ល្វោ --> ល្វោតល្វន់ -->ដំណើរទន់របស់ស្រ្តី នគរហ៊្វូណន = មកពីពាក្យក្បាច់គុណចិនម្យ៉ាង ឈ្មោះថា(កុងហ៊្វូ ឬ ក្បាច់កុងហ៊្វូ) ព្រោះក្បាច់គុននេះ វាមានកាយវិការទន់ដូចកាយវិការស្រ្តី ដូច្នេះហើយបានជាចិនហៅឈ្មោះអ្នកនគរ ដែលមានមេដឹកនាំជាស្រ្តីនេះថា “ហ៊្វូណន“ (នៅក្នុងឯកសារប្រវិត្តិសាស្រ្តខ្មែរ)។ ជនជាតិនេះជាអ្នកស្នងមរតករបស់បុព្វជនខ្លួនគឺ មេ ទើបនៅសម័យនោះគេហៅអ្នករស់នៅក្នុងនគរនេះថាជា ជនជាតិក្មេរ ដែលនៅសិលាចារិកបុរាណមានសសេរពាក្យនេះ ក្មេរ =កេរ + មេ មានន័យ ថាអ្នកទទួលមរតកមេ ឬកេរតំណែលមេ (ក្មេរ)។

 បកស្រាយតាមរឿងព្រះថោងនាងនាគ

ដោយផ្អែកទៅលើការបកស្រាយខាងលើ យើងអាចទាញយកនូវហេតុផលពីអតីតកាល ដែល មានទាក់ទងក្នុងរឿងព្រេងរបស់ក្មែរ ក្នុងការបង្កបង្កើតទឹកដី គឺរឿងព្រះថោងនាងនាគ មកធ្វើការបកស្រាយបន្ថែម តែពេលនេះ ខ្ញុំពុំលើកពីព្រះថោងឡើយ ព្រោះគាត់គឺជាអ្នកចំណូលថ្មី ទើបមកនៅខាងក្រោយ ដូច្នេះខ្ញុំលើកតែព្រះនាងនាគ មកបកស្រាយពន្យល់តែប៉ុណ្ណោះ។ ព្រោះព្រះនាងនាគជាបុព្វហេតុដែលនាំអោយកើតពាក្យថា មេ ឬ ក្មេរនេះ ពាក្យព្រះនាងនាគ ប្រសិនបើយើងមិនមើលការពន្យល់បកស្រាយឲ្យបានក្បោះក្បាយ និងត្រឹមត្រូវនោះទេ ប្រាកដជានឹងមានការយល់ច្រឡំទៅលើសត្វនាគជាមិនខាន ព្រោះមកទល់នឹងសព្វថ្ងៃនេះ យើងនៅតែច្រឡំថាពូជក្មែរនេះ កើតចេញពីសត្វ នាគដោយសារតែការមិនបានបំបែកភាសាគំនិត ក្នុ​ងរូបចម្លាក់ថ្ម ដែលបុព្វបណ្ឌិតយើងបានឆ្លាក់ចារិកទុកលើប្រាសាទថ្មរាប់រយពាន់ សំរាប់អោយមនុស្សជំនាន់ក្រោយសិក្សាឈ្វេងយល់។ ប្រសិនបើយើងត្រិះរិះពិចារណាតាមហេតុផល ដែលមាននៅក្នុងទ្រឹស្តីព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ព្រះអង្គពន្យល់ថា មនុស្សកើតមកពីមនុស្ស តិរច្ឆានកើតមកពីតិរច្ឆាន វាពុំអាចមានមនុស្សណាកើតកូនមកជាតិរច្ឆាន ឬ តិរច្ឆានកើតកូន មក​ជាមនុស្សនោះឡើយ (នាគជាសត្វតិរច្ឆាន)។ ចុះហេតុអ្វីបានជាម្ចាស់នគរ (ក្មេរ) មានឈ្មោះថា ព្រះនាងនាគ ទៅវិញ ? តើព្រះនាងនាគហេតុអ្វីបានជាបង្កើតពូជពង្ស មកដល់សព្វ​ថ្ងៃនេះទៅជាមនុស្ស? ឈ្មោះ (ក្មែរ) នាងនាគ ព្រះនាងសក់ក្រអូប ក្រពុំឈូក វិមានច័ន្ទ រំសាយសក់ ទិព្វសេតាច័ន្ទ.... (ចិន) លីវយី.... (ឥណ្ឌា) សោមា មេរា ខេមា....។ ហេតុដូច្នេះ សូមកុល​បុត្រកុលធីតាក្មែរ ប្រុសស្រីទាំងអស់គ្នា តាមដាននិងពិចារណានូវការបកស្រាយ ពន្យល់ពីពាក្យថា (នាគ) នេះ ដែលមានពន្យល់នៅក្នុងវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត (ភាគ ១+២) ។

ពន្យល់ពាក្យនៃពាក្យ នាគ

ពន្យល់ពាក្យ (ពាក្យនាគ)
១/. នាគ (ន) ប្រសើរចម្បងបរិសុទ្ធ…
២/. នាគ (ន) ព្រះសមា្មសម្ពុទ្ធឬព្រះពុទ្ធនាគ(ក៏ហៅថានាគ)
៣/. នាគ (ន) ព្រះបច្ចេកពុទ្ធ (ក៏ហៅថានាគ)
៤ /.នាគ (ន) ព្រះអរហន្តទាំងអស់ (ក៏ហៅថានាគ)
៥/. នាគ (ន) ព្រះអនាគាមិបុគ្គល អរិយថ្នាក់ទីបី (ក៏ហៅថានាគ)
៦/. នាគ (ន) ព្រះសោតា ព្រះសកទាគាមី អរិយៈថា្នក់ទីមួយ ទីពីរ (ក៏ហៅថានាគ)
៧/. នាគ (ន) បុគ្គលជាបុថុជ្ជនណាមួយដែលមានសេចក្តីអៀនខ្មាស ខ្លាចបាបប្រឹងប្រែងវៀរ           ចាកនូវបាបសមាទានសីល( សីល៥ សីល ៨ សីល ១០…) (ក៏ហៅថានាគ)
៨/. នាគ(ន)កុលបុត្រដែលមានការធុញទ្រាន់ក្នុងការគ្រប់គ្រងផ្ទះសម្បែង ហើយមានចិត្តជ្រះថ្លា​ចូលសាងផ្នួសបួសជាភិក្ខុសាមណេរ ​​​​ក្នុង  ព្រះ ពុទ្ធសាសនាប្រព្រឹត្តនូវព្រហ្មចរិយធម៌ (ធ្វើកូននាគ ក៏ហៅថានាគ)
៩/. នាគ (ន) ពស់ដែលមានអនុភាពចម្បង ដែលធំ(ក៏ហៅថានាគ)
១០/. នាគ (ន) ដំរីដែលមានរូបរាងសាកសមប្រសើរ(ក៏ហៅថានាគ)
១១/. នាគ (ន) ដើមខ្ទឹងសំណ (ក៏ហៅថានាគ)

បើតាមការពន្យល់នូវពាក្យខាងលើគឺអត្ថន័យពាក្យនាគ មានរហូតដល់ទៅដប់មួយពាក្យ ដូច្នេះពាក្យថាព្រះនាងនាគ នៅក្នុងរឿង ឬព្រះមាតានាគ តើស្ថិតនៅក្នុងនាគមួយណា? សូមប្រិយមិត្តអ្នកអាន ជាពិសេសគឺកូនក្មែរប្រុសស្រី ចូរពិចារណាហេតុផលតាមការយល់ឃើញរបស់ខ្លូនចុះ កុំចេះតែជឿទៅលើ ការបកស្រាយ របស់អ្នកខាងក្រៅ (បរទេស) ក្រៅពីជនជាតិខ្លួន។

បកស្រាយ និងពន្យល់នៃពាក្យថា មេ

  ខ្ញុំបានពន្យល់ណែនាំពីខាងដើមរួចហើយថា នគរនេះគឺជានគរស្ត្រី ឬនគរមេ ដូច្នេះពាក្យថា មេ មានន័យថា មុខគេ មុនគេធំជាងគេ ប្រសើរជាងគេ រុងរឿងជាងគេ ជាពិសេស​គឺគ្រប់​គ្រងលើគេ ។ល។ រហូតក្នុងប្រវតិ្តសាស្រ្តបានរៀបរាប់បញ្ជាក់ប្រាប់ថា នគរមេ​ពីអតីតមាន​ស្តេចជាចំណុះអោយរាប់រយប្រទេស ដែលប្រទេសទាំងនោះតែងតែយកសួយសារអាករ មកអោយប្រទេសមេ ឬនគរមេ ព្រះនាងនាគ ដែលជាស្ត្រីចម្បង ដូចបានពន្យល់ពាក្យក្នុងវចនានុក្រមស្រាប់ហើយ។ ទាំងអស់នេះហើយដែលមកដល់សព្វថ្ងៃ ទម្លាប់នៃជនជាតិនេះ តែងតែប្រើពាក្យមេ ជាប្រមុខ ជាធំ (កេរ + មេ = ក្មេរ) សូមទាញយកឧទាហរណ៍មកពន្យល់បញ្ជាក់ជូនខាងក្រោម ៖
១. ផ្នែកខាងអវយវៈ ប៉ែកខាងធំយើងតែងតែហៅថា មេ ឧ. មេដៃ មេជើង …
២. ផ្នែកខាងការដឹកនាំល្អ មេគ្រួសារ មេភូមិ មេឃុំ មេស្រុក មេទ័ព មេដឹកនាំមេបុណ្យ មេពួក មេក្រុម មេគយ មេកន្រ្ទាញ…។ល។
៣. ផ្នែកខាងការដឹកនាំអាក្រក់ មេចោរ មេពុករលួយ មេខូច មេបន មេធ្មប់ មេបាប…។ល។
៤. ផ្នែកខាងគ្រឿងស្រវឹង មេស្រា មេរេយ មេត្រប៉ែ មេទឹកត្នោតជូរ …។ល។
៥. ផ្នែកខាងទំនៀមទំលាប់ប្រពៃណី មេបា មេអណ្ដើក មេខ្ញែរ …
៦. ផ្នែកខាងសំណង់ មេការ មេជាង មេដំបូល មេគ្រែ មេជណ្តើរ មេសោ …។ល។
៧. ផ្នែកខាងគណិតវិទ្យា មេលេខ មេនព្វន្ត មេគុណ មេចែក…។ល។
៨. ផ្នែកខាងអក្សរសាស្រ្ត មេសូត្រ មេកាព្យ មេពាក្យ…។ល។
៩. ផ្នែកខាងធម៌អាថ៌ មេវត្ត មេកុដិ ធម៌មួយមេ ឬ ពីរមេ មេគណ…។ល។
១០. ផ្នែកខាងយុត្តិធម៌ មេធាវី …។ល។
១១. ផ្នែកខាងដី និងភ្នំ ព្រះមេ (ទឹក ដី) (ស្ដេចភ្នំ) គឺភ្នំព្រះសុមេរុ ឬភ្នំព្រះសុមែរុ។
១២. ផ្នែកខាងទឹក មេទឹក មេកុង ឬមេគង្គ មេណាម

សរុបសេចក្តីមក ពាក្យថាមេ ប្រសិនបើបុព្វជននគរនេះពុំមែនជាស្រ្តី ឬជាអ្នកដឹកនាំស្រ្ដីធ្វើដូចម្តេច ទើបពាក្យនេះ អាចបន្សល់ទុករាប់ពាន់ឆ្នាំ រហូតដល់បច្ចុប្បន្នបាន។ ដូច ពាក្យ មួយ ទៀត ដែល​ចាស់ៗតែងតែតំណាលប្រាប់កូនៗ ពេលដែលកំពុងហូបបាយគាត់ប្រាប់និងពន្យល់ថា ៖ កូនហូបបាយ កុំអោយ កំពុប ព្រោះត្រូវដឹងគុណព្រះមេ ព្រះមេចិញ្ចឹមមនុស្សមួយនគរ។ ពាក្យនេះ ប្រសិនបើយើងមិនដឹងពីអាថ៌កំបាំងនៃពាក្យឲ្យបានច្បាស់លាស់ទេ មុខជាយល់ច្រឡំថា អោយ​ដឹងគុណបាយ ឬអង្ករ តាមពិតពុំមែនដូច្នោះឡើយ គឺពួកគាត់ពន្យល់ឲ្យដឹងគុណម្ចាស់ដី ម្ចាស់​នគរប្រទេស ព្រោះម្ចាស់នគរនេះបានទុកកេរដំណែលរបស់គាត់ឲ្យយើងរស់នៅមកទល់នឹងសព្វថ្ងៃ ហើយដែលនគរមេនេះ (ក្មេរ) ក្រោយមកបាន ក្លាយជានគរម៉ែ (ក្មែរ) នេះឯង ។ បាយកើតពីអង្ករៗ​កើតពីស្រូវៗកើតពីសំណាប ឬសន្ទូង ដែលគេយកទៅស្ទូង តើអ្នកស្រែទាំងអស់នោះ បានយក​សន្ទូងរបស់ពួកគាត់ទៅស្ទូងឯណា? គឺពួកគាត់យកវាទៅស្ទូងនៅលើទឹកដី ដែលជាដីកេរមរតក​របស់ព្រះមេនេះឯង។ បកស្រាយមកដល់ត្រង់នេះ ទើបយើងយល់ថា ពីមុនយើងតែងច្រឡំ​ថាបាយមានគុណ ប៉ុន្តែតាមពិត គឺម្ចាស់នគរដែលយើងបានកើត និងកំពុងរស់នៅ លើទឹកដីរបស់​គាត់សព្វថ្ងៃនេះទេ ដែលជាអ្នកមានឧបការគុណ ព្រោះបុព្វជនមេនេះបានទុកទឹកដីវប្បធម៌អរិយធម៌ សាសនា .....ឲ្យកុលបុត្រកុលធីតាប្រុសស្រី ទាំងអស់ បានទទួល​មរតករបស់​ពួកគាត់។
សរុ​​​ប​​​​​​​សេ​​ចក្តី​​​មក ដោយអនុភាពជាធំរបស់មេពីអតីតនោះហើយ ទើបធ្វើឲ្យកូនក្មែរសម័យ ក្រោយ​ស្គាល់ពាក្យនេះច្បាស់ ព្រោះថា វាជាពាក្យក្មែរសុទ្ធសាធ សូម្បីតែអ្នកពុំបាន​សិក្សារៀនសូត្រ​ឲ្យបានត្រឹមត្រូវ ក៏គង់ចេះនិយាយ បានដឹង បានឮនូវពាក្យនេះរត់មាត់ ស៊ាំត្រចៀកអស់​ទៅ​ហើយ​ដែរ។ ដូច្នេះ សូមកូនក្មែរទាំងអស់ ដែលកំពុងរស់នៅស្នងមរតកមេ អ្នកត្រូវ​ចេះត្រិះរិះ​ពិចារណាវែក​ញែក ស្វែងរកការពិតនៃ ប្រវត្តិសាស្រ្តរបស់ខ្លួន មិនត្រូវពឹងផ្អែកទៅលើការស្រាវជ្រាវ​​របស់បរទេស​ទាំងស្រុងនោះទេ បើយើងពឹងលើបញ្ញាគេ ឬខួរក្បាលគេ គេច្បាស់ជាកុហកយើង ឬក៏បំភាន់យើង​ជាមិនខានឡើយ ព្រោះពុំមានជនបរទេសណា ម្នាក់ស្រឡាញ់ក្មែរ ជាជាងក្មែរស្រឡាញ់​ប្រទេស​ខ្លួនឯងនោះឡើយ ហើយក៏គ្មានជន​បរទេសណា​ដែលស្មោះត្រង់នឹង​យើងនោះ​ដែរ ។ ដូច្នេះហើយ ទើបពួកបរទេសមានសុភាសិតមួយឃ្លាថាៈ បើចង់គ្រប់គ្រងជនជាតិមួយ ឬប្រទេសមួយត្រូវតែ​ធ្វើអោយ ជនជាតិទាំងនោះល្ងង់ ឬដេកលក់សិន ទើបងាយស្រួលគ្រប់គ្រង ហើយបើពួក​គេ​ចង់​គ្រប់គ្រងពូជនាគ ត្រូវតែធ្វើអោយពូជនាគនេះ ក្លាយទៅជាពស់ព្រលិតសិន ទើបងាយគ្រប់គ្រង់ ងាយដឹកនាំ។ សរុបសេចក្តីដោយសង្ខេបមក យើងអាចយល់​បានកាន់​តែច្បាស់ពីការកកើតនៃពូជមេ ឬការកកើតនៃពូជនាគ ឬប្រទេសនាគ(មាតុភូមិ) ដោយការបកស្រាយពន្យល់ដោយត្រួសៗខាងលើ គ្រាន់តែជាគោលគំនិតសំរាប់មិត្តអ្នកអានប្រុសស្រី ទុកជា​ទុនពិចារណា។ យើងនឹងធ្វើការស្វែង​យល់ពីវិវឌ្ឍនាការនៃពាក្យ មេ ឬក្មេរ = កេរ + មេ ទៅជាពាក្យក្មែរ =កេរ + ម៉ែ   ​​​    តាមដំណើរវិវឌ្ឍន៍នៃធម្មជាតិ ដែលខ្ញុំនឹងបកស្រាយពន្យល់ជាបន្ត។

វិវឌ្ឍនាការពីក្មេរ ទៅក្មែរ

ក្មែរ = កេរ + ម៉ែ = អ្នកទទួលកេរមរតករបស់ម៉ែ ក/.ដោយការរីកចំរើននៃអនុភាពមេ ដែលល្បីខាងសោភ័ណភាព(អប្សរា អ្នកមានលោមពណ៌ល្អ) និងភាពថ្កុំថ្កើងរុងរឿងដ៏​ចម្បង​នោះ​ហើយ ធ្វើអោយបច្ចាមិត្រ​ចូលមកលុកលុយ​ហើយដណ្ដើម​យក រហូតទាល់តែបានសំរេច។ ក្នុង​សាច់រឿងព្រះថោងនាងនាគ យើងដឹងហើយថា មានបុរសម្នាក់ឈ្មោះ ព្រះថោង ដែលមាននៅ​ក្នុងប្រវត្តិសាស្រ្តក្មែរ ហើយចិនហៅថា ហ៊ុនទៀន ឥណ្ឌា​ហៅថា កោណ្ឌិន ឬឥសីកម្ពុ ដែលបាន​ចូលមកឈ្លានពាន ប្រយុទ្ធប្រឆាំង តតាំងជាមួយព្រះនាងនាគ ដែលជាប្រមុខនគរក្មេរ ទីបំផុតព្រះ​នាងនាគត្រូវចាញ់នូវមន្តស្នេហ៍ សណ្តំរបស់ព្រះថោង ព្រោះអ្នកនៅឯនាយសមុទ្រ ពូកែខាងប្រើ​មន្តស្នេហ៍ ហើយព្រះនាងនាគ ក៏បានដាក់ចិត្តដាក់កាយ ក្លាយទៅជាមហេសីរបស់ព្រះថោង ដែល​ជាអ្នករស់នៅស្រុកឆ្ងាយនោះទៅ។
      ការប្រែប្រួលវិវឌ្ឍន៍របស់ប្រទេស ត្រូវផ្លាស់ពីក្មេរទៅក្មែរវិញ ព្រោះជាតិជាស្រ្តីរាល់រូប ពេលណា ដែលមានស្វាមី ឬប្តី ហើយរមែងតែងមានបុត្រជាដាច់ខាត ទាំងនេះគឺជាច្បាប់របស់ធម្មជាតិ។ ពាក្យថា ក្មេរ = កេរ + មេ (េ) ត្រូវផ្លាស់ជា ក្មែរ = កេរ + ម៉ែ ព្រោះស្ត្រីនោះ ត្រូវបន្ថែមនូវទម្ងន់ទុក្ខ​មួយទៀត គឺស្រៈ (ែ) មានន័យថា(កូន)។ ពីមុន មានខ្លួនតែម្នាក់ឯង ពុំសូវមានទុក្ខច្រើន ប៉ុន្តែ​ពេលដែលមានស្វាមី ឬប្តី តែងតែមានទុក្ខរហូតដល់មានបុត្រ គឺថែមទម្ងន់ទុក្ខមួយទៀតដល់គាត់ ព្រោះខ្លួនត្រូវតែពរផ្ទៃ ប្រសូត្រ បំបៅដោះ និងចិញ្ចឹម បីបាច់ថែរក្សា នេះជាបុព្វហេតុអោយនគរ មានឈ្មោះថ្មីមួយទៀតគឺ (មាតុភូមិ) ឬភូមិម៉ែ។

ពន្យល់ពាក្យ
មាតុ = មាតា ម្តាយ ម៉ែ ម៉ាក់…
ភូមិ = ផ្ទៃ លំនៅ ទីកើត ទីប្រសូត្រ…
មាតុភូមិ = ផ្ទៃដែលជាទីកើតនូវកូនប្រុសស្រី (ផ្ទៃម៉ែ ឬប្រទេសម៉ែ)
ហេតុនេះហើយ កុលបុត្រកុលធីតា ដែលប្រសូត្រចេញពីប្រទេស ឬនគរនេះ តែងបានមរតកពីម៉ែ​គ្រប់ៗគា្ន ទើបគេហៅថាជនជាតិក្មែរ ពាក្យក្មេរ ដែលយើងធ្លាប់ដឹងស្គាល់ពីមុន ត្រូវប្រែប្រួលទៅ​តាម​ពេលវេលានៃវិវឌ្ឍនាការរបស់ធម្មជាតិ។

ភាពខុសគ្នានៃពាក្យ ខ្មែរ និងក្មែរ

ចុះហេតុដូចម្តេច បានជាសព្វថ្ងៃអ្នកប្រវត្តិសាស្រ្តនិយមសរសរពាក្យ ក្មែរជាខ្មែរទៅវិញ?       ​​​​     ដើម្បីឲ្យអស់ចម្ងល់ សូមមិត្តអ្នកអានមើលការបកស្រាយពន្យល់ពាក្យខាងក្រោម ដែលបើកបង្ហាញ​បែបទស្សនៈម៉ែ និងទស្សនៈបរទេស ដែលជាអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តខ្មែរ។
.ខ្មែរ -->ខេមរ:-->អ្នកក្សេម --> អ្នកមានសេចក្តីសុខ (ជាភាសាមគធៈ ឬបាលី)
២.ក្មែរ -->កេរ + ម៉ែ --> អ្នកទទួលកេរមរតកម៉ែ គឺអ្នកដែលកើតចេញពីផ្ទៃម៉ែ(មាតុភូមិ ឬភូមិម៉ែ)​ជាភាសាក្មែរសុទ្ធៗព្រោះព្យញ្ជនៈ "ក" ជាបុព្វព្យញ្ជនៈដើម ដែលកកើត គ្រប់អ្វីៗទាំងអស់​ក្នុងទឹក​ដីនេះ។ ពេលនេះ យើងអាចគូសបញ្ជាក់បានទៅតាមហេតុផលនៃពាក្យក្មែរ ត្រឹមត្រូវជាង​ព្រោះ​ជាពាក្យក្មែរសុទ្ធសាធ ហើយជនជាតិនេះ កើតចេញពីផ្ទៃប្រទេសម៉ែគ្រប់ៗគ្នា(មាតុភូមិ) យើង​ដឹងហើយថា ដូនតាយើង គឺជាពូជនាគ ឬពូជមេ ពុំមែនជាពូជថោកទាប ឬទន់ខ្សោយឡើយ ធម្មតា​ពូជពង្សខ្ពង់ខ្ពស់ពុំដែលទៅខ្ចីភាសាគេ ឬពាក្យគេ មកសំគាល់ឲ្យជនជាតិខ្លួនឯងនោះឡើយ។ ព្រោះជនជាតិនេះ ជាអ្នកស្នងមរតកបន្តគ្នា បើសិនជាពាក្យប្រើពុំត្រឹមត្រូវនោះទេ អ្នកបន្ដ​កេរ​ខាង​ក្រោយ ច្បាស់ជាវង្វេងពុំខានឡើយ។ ចុះហេតុអ្វីបានជាសព្វថ្ងៃនេះ យើងសរសេរពាក្យក្មែរ ទៅជា​ពាក្យខ្មែរនេះទៅវិញ? ខ្ញុំបានពន្យល់សុភាសិតពីខាងដើមរួចមកហើយ ចង់គ្រប់គ្រងពូជនាគ ត្រូវ
ធ្វើ​បញ្ញាពួកគេឲ្យក្លាយទៅជាពស់ព្រលិតសិន ភាគច្រើននៃប្រវតិ្តសាស្រ្តក្មែរ គឺទស្សនវិទូបរទេស​ជាអ្នកស្រាវជ្រាវ និងរៀបរៀងចងក្រង អោយកូនក្មែររៀន និងថាតាមរហូតមកដល់សព្វថ្ងៃនេះ គឺរាប់រយឆ្នាំហើយនិងគ្រប់ៗជនបរទេស ដែលធ្លាប់មកធ្វើអាណានិគម​លើក្មែរ។ ហេតុនេះ យើងមិន​អាចដឹងរឿងពិតរបស់ខ្លួនឡើយ គឺយើងដឹងតែតាមការចងក្រង ស្រាវជ្រាវដោយបញ្ញារបស់​ពួកគេ​តែប៉ុណ្ណោះ ទីបំផុតពូជមេ ឬពូជនាគ ត្រឡប់ជាអ្នកថាតាម ជាអ្នកចំឡងតាម ឬជាអ្នកត្រូវគេដឹកនាំ សូម្បីតែបុព្វជនបានកសាងទុកនូវប្រាសាទថ្មរាប់រយពាន់ក៏ដោយ ទីបំផុតស្នាដៃទាំងនោះ ក្លាយជា​របស់បរទេសទាំងអស់ ព្រោះគេពន្យល់ថា រឿងរ៉ាវ ដែលដូនតាក្មែរឆ្លាក់នៅលើថ្មបា្រសាទ​សុទ្ធតែ​ជារឿងរ៉ាវក្នុងព្រហ្មញ្ញសាសនា និងពុទ្ធសាសនាទាំងពីរនិកាយ(ហិនយាន មហាយាន) ទៅវិញ តែ​តាមរឿងពិត គឺគាត់យកព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ទាំងពីរនិកាយមករំលាយចូលរឿងពិត របស់គាត់តែមួយប៉ុណ្ណោះ (សាសនបីរួមមួយ)។ តាមសុភាសិត​បរទេ​ស​ពិតជា​ត្រឹមត្រូវមែន ពូជមេ ឬ ពូជនាគ ពិតជាដេកលក់ក្នុង អំណាចមនោគមវិជ្ជារបស់ពួកគេមែនព្រោះពួកគេបានសណ្តំ និងបំភាន់​ជនជាតិនេះឲ្យដេកលង់លក់រហូតមក។

ទាក់ទងនឹងពាក្យ មនោគមវិជ្ជា

ពន្យល់ពាក្យ (មនោគមវិជ្ជា)
មនោ = ចិត្ត --> ទឹកចិត្ត
គម = មន្តអាគម ឬ (អាគមន = ការមកឬដំណើរមក)
វិជ្ជា = ចំណេះដឹង ការចេះដឹង
ដូចនេះ ពាក្យមនោគមវិជ្ជា = ដំណើរមកនៃអំណាចចិត្ត របស់បរទេស (វិជ្ជាសណ្តំ ឬបំភាន់ផ្លូវចិត្ត)
គ/.មកទល់នឹងពេលនេះ មិត្តអ្នកអានច្បាស់ជាមានការភ្ញាក់ផ្អើល និងគួរឲ្យសង្វេគ ដែលជនជាតិ​បរទេស គេបានធ្វើអោយយើងរាល់គ្នា ដេកលក់រាប់រយជំនាន់ ដោយអំណាចមនោគមវិជ្ជា ហើយ​ពុំបានឲ្យកូនក្មែរដឹង នូវរឿងហេតុពិត របស់ខ្លួនសោះ។ ខ្ញុំសូមលើកយកឧទាហរណ៍មួយ មក​ពន្យល់ពីការពិត ដែលកើតឡើងក្នុងសង្គមក្មែរ យើង បច្ចុប្បន្ន សមាជិកសភាក្មែរ ដែល​អង្គុយប្រជុំ ហើយពួកគាត់តែងតែពាក់អាវគ្រ័រស៊េ (អាវធំ) ពាក់ ក្រវាត់ក ហើយស្លៀក ខោបារាំង តើមិត្តអ្នក​អានមើលទៅសមាជិកសភាក្មែរនោះជាជនជាតិបារាំង ឬក្មែរ? យើង​ពិត​ជាឆ្លើយថា ពួកគាត់​ទាំង​អស់នោះជាក្មែរ ព្រោះពួកគាត់គ្រាន់តែខ្ចីសំលៀកបំពាក់បែប បរទេស មកស្លៀកពាក់ការពារ​កេរ៌្តខ្មាស កំដៅថ្ងៃ របោម មូស ខ្យល់… តែប៉ុណ្ណោះ។ យ៉ាងណាមិញ​ដូនតាក្មែរ​ក៏យ៉ាងដូច្នោះដែរ គាត់ខ្ចីរឿងរ៉ាវពីព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា(មហាយាន និងហិនយាន) មកបិទបាំងរឿង​ពិតរបស់ពួកគាត់តែប៉ុណ្ណោះ ព្រោះពួកគាត់ចង់លាក់នូវអាថ៌កំបាំង ប្រៀប​ដូចជាផ្លែដាវក្មែរក្នុង​ស្រោមដាវបរទេស។ ដោយហេតុនេះហើយ បរទេសដែលជាអ្នកស្រាវជ្រាវ គេមានប្រាជ្ញា​មើល​យល់នូវអាថ៌កំបាំងក្នុងរូបចម្លាក់ថ្មទាំងនេះ គេក៏បានបង្វែរសំបកខាងក្រៅ ឲ្យរលាយជាមួយ​សាច់​ខាងក្នុងតែម្តងទៅ ដើម្បីបំភាន់រឿងពិត កុំអោយកូនក្មែរគ្រប់ជំនាន់ខាងក្រោយ ដឹងពីសាវតាពិត​របស់ខ្លួន។ តែគួរអោយហួសចិត្ត ដែលដូន​តាលោកចង់​លាក់បំបាំង​ភ្នែកអ្នកដទៃ កុំអោយមើលយល់ និងដឹងតែបែរជាកូនក្មែរមើលពុំយល់ពីគំនិតរបស់គាត់ ហើយបែរជាអ្នកខាងក្រៅមើលយល់ទៅវិញ នេះគឺពិតជាកម្មពៀរវេរា របស់ដូនតា ដែលបានសាង អកុសលកម្មនេះទុកមក។

ពន្យល់ទាក់ទងនឹងរឿងកូរសមុទ្រទឹកដោះ

ខ្ញុំសូមទាញយកនូវរឿងក្នុងចម្លាក់ថ្មមួយ មកពន្យល់បើកបង្ហាញ លាតត្រដាងគឺរឿង​កូសមុទ្រ​ទឹក​ដោះ រឿងនេះកូនក្មែរភាគច្រើន បានស្គាល់ពីចំណងជើងរឿង ហើយជាពិសេសទៅទៀត គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត បានយករូបភាពនៃរឿងនេះ មកធ្វើជាតំណាង​អោយ​និម្មិត​សញ្ញារបស់ខ្លួននៅក្នុងឆ្នាំ ១៩៩៣​ដែលរៀបចំឡើងដោយ​អង្គការសហប្រជាជាតិ។        រឿងនេះទៀតសោត បើយើងមិនបានស្រាវជ្រាវ ពិចារណាឈ្វេងយល់ឲ្យបានល្អិតល្អន់នោះទេ យើងច្បាស់ជាយល់ដូចការបកស្រាយរបស់បរទេសថា៖ ជារឿងរបស់ព្រហ្មញ្ញសាសនា នៅប្រទេស​ឥណ្ឌាជាមិនខាន។ ផ្ទុយទៅវិញ បើមិត្តអ្នកអានបានពិចារណាតាមការបកស្រាយ​ពន្យល់ជា​ហូរហែ​ពីខាងលើមកនោះ ច្បាស់ជាយល់ខ្លះជាពុំខានឡើយ ព្រោះយើងដឹងហើយ​ថានគរនេះកូន​ក្មែរគ្រប់ៗ​រូបតែងតែបានស្គាល់ និងនាំគ្នាហៅថា មាតុភូមិ(ភូមិម៉ែ) ហើយពាក្យនេះខ្ញុំបានពន្យល់ពីខាងដើមរួច​មកហើយ ប៉ុន្តែពេលនេះសូមមិត្តអ្នកអានតាមដាន និងពិចារណា​ជាមួយខ្ញុំក្នុងការ​បកស្រាយ​នៃ​សាច់រឿងនេះដោយឈរលើសាសនបណ្តាំម៉ែ។
       ឧទាហរណ៍ ៖ នៅក្នុងពេលបច្ចុប្បន្ននេះ ជាមធ្យមម្តាយទូទៅ រមែងមានបុត្រយ៉ាងតិចក៏ពីរនាក់ដែរ(ខ្ញុំពុំគិតពីសម័យដើម ដូចម្តាយរបស់ខ្ញុំគាត់មានកូនជាង១០ នាក់ឯណោះ) ហើយក្នុងចំណោម​ ទារកទាំងពីរនេះទារកម្នាក់ៗក្នុងមួយថ្ងៃគេបៅ​ទឹកដោះម្តាយអស់​ប្រហែលមួយលីត្រកន្លះ រួចគេបៅអស់រយៈពេល ៩ ទៅ ១០ ខែទើបម្តាយ ផ្តាច់ដោះ (ចំពោះម្តាយ​ដែលមានកូនញឹក)។ ដូច្នេះ​ចូរយើងយកចំនួនលីត្រទឹកដោះទាំងអស់ ដែលកូនម្នាក់បានបៅក្នុង​មួយថ្ងៃទៅគុណនឹងចំនួនខែ (៩ខែ ឬ១០ខែ) នោះយើងនឹងឃើញចំនួនលីត្រទឹកដោះ​របស់​ទារក​ម្នាក់ដែលបានបៅ រួចយក​ចំនួនលីត្រទឹកដោះទារកម្នាក់ទៅគុណនឹងពីរ យើងនឹងឃើញ​ចំនួន​លីត្រទឹកដោះរបស់ម្តាយម្នាក់ ដែលបានបង្ហូរបំបៅបុត្រជាពុំខាន។ រួចហើយយើងយក​ចំនួនលីត្រ​ទឹកដោះមាតាម្នាក់ទៅ គុណនឹងចំនួនមាតាទូទាំងប្រទេស យើងនឹងឃើញទឹកដោះ ដែលមាតា​ក្មែរបង្ហូរមក ជិតស្មើនឹងសមុទ្រហើយឬនៅ? ប្រសិនបើនៅមិនទាន់ស្មើទេ យើងគុណថយ​ក្រោយ​កាលពី​ការកកើត​ផែនដីម៉ែ ដែលមានចំនួនរាប់ពាន់តំណទៅ យើងនឹងឃើញទឹកដោះម្តាយក្មែរ ដែលបានបង្ហូរគ្រប់ៗជំនាន់ស្មើនឹងសមុទ្រទឹកដោះជាពុំខាន។ ព្រោះនគរនេះ ជានគរម៉ែ (មាតុភូមិ) បើម៉ែ​បង្កើតបុត្រហើយ ម៉ែត្រូវតែបំបៅបុត្រនេះជាក្រិតក្រមរបស់ធម្មជាតិ ប៉ុន្តែសព្វថ្ងៃរឿងនេះ យើងយល់ច្រឡំថា ជារឿងនៅឯឥណ្ឌាតាមរយៈរឿងក្នុងព្រហ្មញ្ញសាសនាទៅវិញ។ យើងឥត​បាន​យល់ថា គាត់ខ្ចីសាច់រឿងពីគេមកលាក់រឿងពិតរបស់ខ្លួនគាត់សោះឡើយ ព្រោះសាច់រឿងរបស់គេ វាស្រដៀងនឹងរឿងពិតរបស់គាត់(បុព្វជនម៉ែ) តើប្រទេសឥណ្ឌា គេមានហៅប្រទេសគេថា ភូមិម៉ែ ឬមាតុភូមិ ដូចយើងដែរឬទេ? យើងច្បាស់ជាឆ្លើយថាទេ ព្រោះថា ក្រៅពីក្មែរគ្មានប្រទេសណាមួយ​ដែល​​​លើក​តម្លៃម៉ែថា ជាម្ចាស់ប្រទេសឡើយ(មាតុភូមិ) គឺមានតែប្រទេសក្មែរនេះ តែមួយគត់ ដែល​លើកតម្លៃរបស់មេ ឬ ម៉ែ ហើយសព្វថ្ងៃ មានសល់តែពាក្យដែលទុកជាកេរតំណែលតែប៉ុណ្ណោះ។ ចុះហេតុអ្វីបានជាអ្នក ប្រាជ្ញបរទេស ដែលបកស្រាយរឿង កូរសមុទ្រ ទឹកដោះ នៅលើជញ្ជាំងគ្រប់​ប្រាសាទរបស់ក្មែរ ថាជារឿងក្នុងសាសនានៅឥណ្ឌាទៅវិញ? ព្រោះហេតុតែយើងបាន ប្រគល់​ឲ្យ​បរទេសជាអ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងប្រវត្តិរបស់ភាសាចម្លាក់រូប ព្រោះពួក​បរទេសគេ​ចេះមើល​ភាសារូបនេះ តាំងពីស.វទី១៨មកម្ល៉េះ (ភាសារូបនៅពីរ៉ាមីត) ពួកគេបានមើលយល់ភាសារូប នៅលើ​ថ្ម​របស់យើង ហើយគេក៏បង្វែរចុងស្លាបប៉ាកា សរសេរទៅតាមការគិត លាក់បំបិទ ​បំភាន់របស់​គេទៅ។

អាថ៌កំបាំងលើផ្ទាំងសិលាចារឹក

ការតាមដានសិក្សាស្រាវជ្រាវមកទល់ពេលនេះ យើងសង្ស័យរួចឆ្ងល់ហើយសួរខ្លួនឯងថា ហេតុអ្វីក៏ដូនតាក្មែរ កសាងប្រាសាទថ្មរាប់ពាន់ ឥតមានបន្សល់ទុកនូវឯកសាររឿងរ៉ាវខ្លួនឯង ហើយ បែរជាឆ្លាក់សុទ្ធ តែរឿងរ៉ាវរបស់សាសនាព្រហ្មញ្ញ និងពុទ្ធសាសនាទាំងពីរនិកាយភាគច្រើនទៅវិញ?
តែតាមការពិតសិសលាចារិក (សិលា = ថ្ម ចារឹក = ការដាប់ឆ្លាក់លើផ្ទាំងថ្ម) មិនថាអក្សរ ឬរូបភាព​ក្បូរក្បាច់ចម្លាក់ឡើយ សុទ្ធតែជាសិលាចារិកទាំងអស់ ហើយរឿងរ៉ាវទាំងអស់នោះ សុទ្ធតែ​ជាប្រវត្តិ របស់បុព្វជនជាតិនេះទាំងស្រុង ដែលពួកគាត់បាននិយាយរៀបរាប់ប្រាប់ពីអតីតកាល ពីបច្ចុប្បន្ន​កាល និងតទៅអនាគតកាលសំរាប់ឲ្យកូនម៉ែទាំងអស់គ្នាមើល ហើយពិចារណា​ឈ្វេង​យល់។ ទីបំផុតកូនដែលរស់ក្នុងភូមិម៉ែ បានត្រឹមតែមើលនឹងភ្នែក ពុំបានមើលនឹងថ្ងាស (ត្រិះរិះគិតពិចារណា)​ឡើយ បានត្រឹមតែទទួលកេរមរតកពីប្រទេសម៉ែ បានកេរពីម៉ែហើយ​បែរជាពុំ​ដឹង​គុណម៉ែ មិនត្រឹម​តែប៉ុណ្ណោះ ថែមទាំងនាំគ្នាជេរប្រមាថម៉ែថែមទៀត។ យើងឥតបានយល់ពីសាសនរបស់ម៉ែ ដែល​បង្កប់ក្នុងថ្ម ពួកគាត់មិនហ៊ានសរសេរលើក្រដាស ឬស្បែកទេ ខ្លាចនាំឲ្យឆាប់ខូច សុខចិត្តព្យា​យាមដាប់ឆ្លាក់ថ្ម ដែលគាត់មានមហាគំនិតដ៏ធំទូលាយ ដូចជាសមុទ្រទឹកដោះ រហូតដល់ពួកបរទេស ដែលជាអ្នកស្រាវជ្រាវគេឆ្ងល់ថា តើដូនតាជាតិនេះ លាក់ឯកសារនគររបស់ខ្លួន នៅឯណា? ពួកគេនាំ​គ្នាជីកគាស់ដីស្វែងរកនូវឯកសារទាំងអស់នោះ ទីបំផុតទើបគេដឹងថាបុព្វជននៃអ្នកនគរនេះ ឆ្លាត​ណាស់ ទុកឯកសារ ឬមរតកអោយកូន​ចៅទៅជំនាន់ក្រោយ​របស់ពួក​គាត់​នៅលើគោក ក្នុងទឹក.... ដើរឃើញរាល់ថ្ងៃ កណ្តាលវាល ហាលថ្ងៃ ហាលភ្លៀង ហាលខ្យល់....។ល។ ហើយឈរបង្អួតបង្ហាញ និងនិយាយប្រាប់ ដូចជាទស្សនាខ្សែភាពយន្ត ដោយភាគច្រើនពុំ​បាន​ឆ្លាក់ជាលាយលក្ខណ៍​អក្សរ​ឡើយ គឺឆ្លាក់ជាដំណើររឿង ឈរនៅរាប់រយពាន់ឆ្នាំយ៉ាងស្ងៀមស្ងាត់ តែពោរពេញដោយអត្ថន័យ បង្ហាញអំពីទស្សនៈគំនិតពីភាពរុងរឿង ភាពទន់ខ្សោយ និងភាពរីក​ចម្រើនឡើងវិញ សំរាប់ទុក​អោយមនុស្សជំនាន់ក្រោយ(ក្មែរ) សិក្សាស្រាវជ្រាវ និងពិចារណារកការពិត។ មានប្រាសាទមួយ​នៅខេត្តកំពង់ចាមឬ(ចាម់) មានឈ្មោះថា  ​ហាន់ជ័យ​ហេតុអ្វីបានជាគាត់ដាក់ឈ្មោះ​ប្រាសាទ​ភ្នំនេះថា ?

ពន្យល់ពាក្យ
ហាន់ = កាត់ជាដុំៗ
ជ័យ = ភាពឈ្នះ ជ័យជំនះ
ដូចនេះ ហាន់ជ័យមានន័យថា ហាន់ជ័យជំនះរបស់ដូនតាក្មែរពីសម័យមុនអោយទៅជាដុំៗ គឺ ហាន់ជ័យជំនះសេ្តចតាំងពីជ័យស្រី ឬស្រីជ័យ(មាតានាគ) រហូតដល់កូន​គាត់ដែល​ជាអ្នកស្នង​មរតកពី គាត់ គឺស្ដេចគ្រប់ៗជំនាន់ខាងក្រោយ សម័យគោកធ្លក រហូតមកដល់ស្ដេចជ័យវរ្ម័នទី៧ ដែលជាស្ដេចចក្រពត្តិចុងក្រោយ ហើយយករឿងដែលហាន់ជាដុំៗនោះ ទៅពង្រាយ​ពេញផ្ទៃ​ប្រទេស ប្រសិនបើកូនណាចង់ដឹងរឿង ទាល់តែកូននោះ ដើរប្រមូលផ្គុំនូវធនធានជ័យពីអតីតកាល ទើបដឹងរឿងពិត ដូច្នេះ ទើបគាត់តាក់តែងរឿង មួយសំរាប់ដើរ ប្រមូលធនធានជ័យ​ជំនះ​របស់គាត់គឺ (រឿងធន ជ័យ ឬជ័យធន) ព្រោះបុរសនេះជាអ្នកដើរប្រមូលផ្គុំ រើសនូវជ័យជំនះពីអតីតកាល មក​បូកបញ្ចូលឲ្យកើតជារូបរឿងពិត របស់ម៉ែឡើង។ ដូច្នេះកូនក្មែរមានពេលឯណា ដើម្បីពិចារណា​ឲ្យដឹងរឿងរ៉ាវពិតរបស់ខ្លួន បើបរទេសអ្នកស្រាវជា្រវ គេបំភាន់ថាជាសាច់រឿងនៅក្នុង​ព្រហ្មញ្ញ​សាស​នា​ និងពុទ្ធសាសនាអស់ទៅហើយនោះ។ យើងពុំបានដឹងសោះថា ដូនតាក្មែរ បានចារិកប្រវត្តិសាស្រ្ត រូបរឿងពិតទុកនៅលើជញ្ជាំងថ្ម ដែលជារឿងនិយាយរៀបរាប់ពីទុក្ខវេទនារបស់មាតា ម្ចាស់នគរ ដែលគាត់កំពុងជាប់ឃុំឃាំង នៅក្នុងសមុទ្រទឹកដោះ ហើយកូនប្រុសស្រី​ចាប់គាត់ទាញសត្វនាគ (នាគនិមិត្ត រូបម៉ែ) ដណ្តើមកេរគ្នាគ្រប់ជំនាន់ដូចមាននៅក្នុងរូបរឿងកូរសមុទ្រទឹកដោះស្រាប់។
យើងក្រឡេកមើលអ្នកវិទ្យាសាស្រ្តសព្វថ្ងៃ ដែលយើងនាំគ្នាសរសើរថា ពូកែស្រាវជ្រាវ​នូវបច្ចេក​វិជ្ជាទំនើបៗ ពិសេសនោះគឺ កុំព្យូទ័រ យើងសួរថា តើកុំព្យូទ័រនោះអាចទុកឯកសារ​បានរាប់ពាន់ ឆ្នាំ​ដូចកុំព្យូទ័ររបស់ដូនតាក្មែរ ដែរឬទេ? ហើយអាចទុកនៅកណ្តាលវាល ហាលថ្ងៃ ហាលភ្លៀង ហាលខ្យល់ ក្នុងទឹកបានដែរ ឬអត់? ហើយវិទ្យាសាស្រ្តដែលកំពុងតែរីកចម្រើនដូចសព្វថ្ងៃនេះ តើអាច កសាងនូវមហាប្រាសាទថ្មរាប់ពាន់បានដូចដូនតាក្មែរដែរឬទេ? យើងនិយាយនេះ ហាក់​បីដូចជាមានអំនួត ឬ មានមោទនភាពជាតិខ្លាំងពេកហើយ ក៏ប៉ុន្តែនេះជារឿងពិត ដែលកូនក្មែរ​ពុំអាច​ប្រកែក​​បានទោះបីជាសព្វថ្ងៃនេះ ខ្លួនយើងជាកូនក្មែរគ្មានជំនឿថា នឹងអាច​កសាងបាននូវ​មហាសំណង់ដែលគ្មានគូប្រៀបក្នុងលោក ក៏យើងនៅតែជឿជាក់ថា ដូនតារបស់​យើងពិតជាមាន​បញ្ញា ជាអាទិទេពពិតប្រាកដមែនទើបពួកគាត់អាចមានមហិទ្ធិឫទ្ធិពង្រីកទឹកដី និងកសាងសម្មិទ្ធិផល​នានាជាពិសេសគឺប្រាង្គប្រាសាទថ្មរាប់ពាន់ ដែលលាតត្រដាងបង្ហាញពីកំពូល​បញ្ញាញាណ​របស់ពូជនាគ (ពូជអច្ឆរិយៈ)។

តើអទិទេពក្មែរជានរណា?

តើអាទិទេពក្មែរជានរណា? ហេតុអ្វីបានជាក្មែរមិនស្គាល់ ពីអាទិទេពរបស់ខ្លួន? នេះជារឿងលំបាកគិត លំបាកឈ្វេងយល់ និងលំបាកស្រាវជ្រាវណាស់ ទោះបីជាស្រាវជ្រាវបានហើយ ក៏លំបាក​នឹងធ្វើ​អោយកូនក្មែរបានយល់ និងមានជំនឿថែមទៀតផង ព្រោះវាជារឿងដែលពុំគួរ​ឲ្យជឿ​សំរាប់​មនុស្ស​សម័យបច្ចុប្បន្ននេះ (សំភារៈនិយម និងបច្ចេកវិជ្ជាទំនើប)។ខ្ញុំបានពន្យល់​រួច​ហើយថាពូជ ​​នាគ ឬពូជ​មេ (ពូជម៉ែ) គឺជាអ្នកកសាងទុកនូវមរតក ដែលមានទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទំលាប់ សាសនា.... ដោយមិនចេះស្លាប់។ ទោះបីនគរនេះ ធ្លាក់កប់ ជ្រៅជិតផុតដង្ហើម ក៏ពុំព្រមដាច់ដង្ហើមដែរ​នៅតែជាមាតុភូមិ ទោះបីជាស្គមស្គាំងត្រដាបត្រដួស យ៉ាងណាក៏មាតានៅតែ ឈរបង្ហាញមុខ​អោយ​ពិភពលោកគេឃើញគេស្គាល់ នូវអនុភាព របស់ខ្លួនពីអតីតកាលដែលបានសាយភាយ នូវភាព​ក្រអូប(រឿងព្រះនាងសក់ក្រអូប ឬបាយ៉ង់កោរ) ពីអតីតកាលពោរពេញដោយកិត្តិយស កិត្តិនាម ដែលធ្វើអោយអ្នកស្នងមរតកម៉ែ(ក្មែរ) ជំនាន់ក្រោយនេះ រីកមុខ រីកមាត់ ហើយកើបយក​នូវលាប​សក្ការៈ​ ដែលបន្សល់ពីគតិបណ្ឌិតម៉ែ ដោយមិនចេះរីងស្ងួតគឺវិស័យទេសចរណ៍ វប្បធម៌និងធម្មជាតិ។
ហេតុអ្វីបានជា​ខ្ញុំហ៊ានថាស្នាដៃ និងមរតកទាំងនេះជារបស់ម៉ែ? ខ្ញុំបានបកស្រាយ និងពន្យល់ត្រួសៗពីខាងដើមជាហូរហែរួចមកហើយ ក្រែងមិត្តអ្នកអានមិនសូវយល់ច្បាស់ ហើយពុំជឿជាក់ ខ្ញុំសូមលើកយក​រឿងរ៉ាវរបស់ អ្នកនគរចេនឡាតាមរយៈកំណត់ហេតុ​អ្នកការទូតចិនជីវតាក្វាន់ មកវែកញែកពន្យល់។ នៅក្នុងកំណត់ហេតុនេះ លោកជីវតា​ក្វាន់បាន​និយាយថា អ្នកស្រុកចេនឡា​នេះ ​មានរឿងអាថ៌កំបាំងមួយ មានដំណើរថា៖ មានបិសាចពស់មួយ ដែលជាព្រះភូមិ ឬទេវតារក្សាព្រះនគរ ហើយបីសាចពស់នេះ តែងតែប្រែកាឡាខ្លួនជាស្រ្តី មក​រួមរ័កផ្តេកផ្តិតជាមួយ​ស្តេច​នាពេលរាត្រី ហើយរឿងនេះ មានតែស្តេចទេដែលដឹង សូម្បីតែម​ហេសី ឬស្រីស្នំដទៃទៀត ពុំដែលបានទៅជិតទីនោះឡើយ (វិមានអាកាស) លុះកណ្តាលរាត្រីទើប​ស្តេចយាងចុះមកផ្ទុំ ជាមួយ​មហេសី ឬស្រីស្នំខ្លួនវិញ។ ប៉ុន្តែក្នុងឯកសារកំណត់ហេតុនេះ បាន​បញ្ជាក់ប្រាប់ថា កាលបើស្តេចបានជួបបិសាចពស់ពេលណា ពេលនោះស្តេចមានអាយុ នគររុងរឿង​ពុំមាន កើតកលយុគ​(សង្រ្គាម)ឡើយ។ តែបើស្តេចពុំបានឡើងទៅជួប ឬ ឡើងទៅហើយពុំបានជួប នោះនគរនឹងកើតមានកលយុគ ហើយអពមង្គលនឹងកើតមានដល់ស្តេច ហើយស្តេចនឹងត្រូវអស់​អាយុ ខ្ញុំ​សាក​ល្បង​រាវរកការពិត ក្នុងកំណត់ហេតុរបស់អ្នកការទូតចិននេះ ដើម្បីស្វែងរកនូវ​អាទិទេពរបស់ក្មែរថា តើបិសាចពស់នោះជាអ្នកណា? ហើយគាត់មកជួបជាមួយស្ដេច ដើម្បី​ប្រយោជន៍​អ្វី? បិសាច​ពស់ចិនហៅ ព្រោះចិន(ចិន្ត) ពុំបានស្គាល់នាគក្មែរទេ ដោយសារ​តែ​នាគចិនមានជើងបួន នាគក្មែរ គ្មានជើងហើយគ្មានក្បាលច្រើនទៀត។ ធម្មតាបរទេសគេ ពុំដែល​សរសេររបស់អ្វីមួយ ឲ្យអ្នកក្រៅបានល្អឡើយ ឧទាហរណ៍ៈ ស្រ្តីជាអាប យើងតែងតែ​គិតថាស្ត្រី​នោះអាក្រក់ ប៉ុន្តែយើងសួរថាដែល ឃើញស្រ្តីនោះសម្លាប់កូនខ្លួនឯងដែរឬទេ? គឺពិតជាពុំមែនឡើយ ព្រោះស្រ្តីនោះ តែងតែមានព្រហ្មវិហារធម៌ចំពោះ កូនប្រុសស្រីរបស់គាត់ ប៉ុនែ្តអ្នកដទៃទេតើ ដែល​នាំគ្នាចោទគាត់ថា អាក្រក់នោះ ហើយក៏មិនដែលឮល្បីថាអ្នកចេះមន្តអាគមនេះ ទៅសម្លាប់អ្នក​ណាផង ប៉ុន្តែបើមនុស្សមិនមែនជាអាប ហើយចិត្ត អាក្រក់នោះមនុស្ស នោះអាក្រក់ជាងអាប​រាប់រយពាន់ដង ព្រោះមនុស្សដែលគ្មានគុណធម៌ សីលធម៌ អាចសម្លាប់មនុស្សបានរាប់រយពាន់​លាននាក់​ទៅទៀត (មេដឹកនាំ ដែលផ្តាច់ការ)។ ក្នុងឯកសារដដែលចិននោះ គាត់បានប្រាប់ថា​បិសាចពស់នេះ ជាព្រះភូមិ (ទេវតា) ដែលថែរក្សា ព្រះនគរ ជាទេវតាដែលមានឫទ្ធិ​បារមីយើងពិត​ជាមិន​ច្រឡំឡើយ គឺជាមាតាមហានគរនោះឯង(ព្រះមាតានាគ) ប៉ុន្តែនាគនេះ(បីសាចពស់) គ្រាន់តែជានិម្មិតរូបម៉ែតែប៉ុណ្ណោះ ដែលខ្ញុំបានពន្យល់ពីពាក្យ នាគ នៅទំព័រខាងដើមរួចមកហើយ។

ចុះមាតានាគគាត់មកធ្វើអ្វី?

គាត់មកចង្អុលប្រាប់កូននាគ(ស្ដេច) ពីការដឹកនាំប្រទេសអោយបានរុងរឿង ហើយអោយនាំគ្នា កសាងប្រាសាទថ្មឆ្លាក់រឿងរ៉ាវរបស់គាត់ទុក ព្រោះគាត់ដឹងថា ទៅថ្ងៃក្រោយគាត់ពុំអាច​ចេញពីទី​ឃុំឃាំងរួចឡើយ។ តទៅថ្ងៃខាងមុខកូនក្មែរប្រុសស្រីច្បាស់ជាលែងដឹង លែងស្គាល់គាត់​ជាអ្នក​បង្កើតនគរ ហើយអ្នកដែលអាចស្គាល់គាត់បានទៅថ្ងៃក្រោយ លុះត្រាតែយ​ល់ពីអាថ៌កំបាំង​សាច់​រឿង​នៅក្នុងចម្លាក់ ថ្មប្រាសាទ ឈ្មោះនៅក្នុងធម្មជាតិ ក្នុងរឿងព្រេង ទំនៀមទំលាប់ ប្រពៃណី និងឈ្មោះ​ភូមិស្រុក ឬទំនាយផ្សេងៗ...។ល។ ប្រសិនបើកូនរបស់គាត់ណា​អាចមើលយល់បាន​ពីអត្ថន័យ ទស្សនៈ គំនិតរបស់ម៉ែ ដែលបានចារិកបន្សល់ទុកគេនឹងព្យាយាមជួយគាត់។ ឯកសារកំណត់​ហេតុបាននិយាយថា បីសាចពស់នោះមករួមរ័ក នេះជាពាក្យមិនពិត មិត្តអ្នកអានពិចារ​ណាទៅមើល ក្នុងន័យពាក្យនោះថា ពេលណាកូនបានជួបម៉ែនាគ នគររុងរឿង ស្តេចមានអាយុ ពេលណាដែល​មិនបានជួបម៉ែ នគរកើតកលយុគ ស្តេចអស់អាយុ(ទីវង្គតឬស្លាប់)។ ដូច្នេះយើ​ង​អាចដឹ​ងថាគាត់​ជាម៉ែនាគ ជាអាទិទេពរបស់កូននាគប្រុសស្រី(ស្តេច) ជាអ្នកប្រសើរខ្ពង់ខ្ពស់ ពេលណាកូន​បាន​ជួបអ្នកប្រាជ្ញ ឬបណ្ឌិតនគររុងរឿងពេលណា ដែលកូនមិនបានជួប បណ្ឌិតឬអ្នក​ប្រាជ្ញដែលជា​អាទិទេពនោះ នគរនឹងងងឹត ហើយកើតកលយុគ បែកបាក់ រួចចុះទន់ខ្សោយ។ ហេតុនេះបានជា​ក្រោយពេលបោះបង់ចោលក្រុងអង្គរ ក្មែរចាប់ផ្តើមចុះទន់ខ្សោយរហូត ព្រោះយើង​លែងមាន​អាទិទេព​មកបំភ្លឺចង្អុលបង្ហាញគំនិត និងរបៀបដឹកនាំប្រទេសដូចពីមុនទៀតហើយ។ ព្រោះគាត់ពុំ​អាច​ចេញពី ទីឃុំឃាំងក្នុងសមុទ្រទឹកដោះបាន ហេតុនេះហើយទើបនគរយើង ចាប់ផ្តើម​ចុះអន់​ថយរហូតមក មិនត្រឹមតែប៉ុណ្ណោះទេ កូនៗរបស់គាត់ជំនាន់ក្រោយឈ្លោះដណ្ដើមកេរគ្នា និងនាំគ្នា​ជេរប្រមាថគាត់ជាម៉ែ ដែលជាអាទិទេពមហានគរដោយពុំដឹងខ្លួន ហេតុតែ​ពុំយល់ ពុំដឹង ទើបនាំ​គ្នាធ្លោយមាត់ស្ទើរតែគ្រប់ៗកូនក្មែរ ទាំងប្រុសស្រី ទាំងក្មេង ទាំងចាស់នាំគ្នាជេរម៉ែ តួយ៉ាងដូចពាក្យ ចុយម្រាយ ឬចុយម៉ាយ = ចុយម្តាយ (រំលោភ ម្តាយដោយវាចា) ព្រោះខ្ញុំ​បានឮអ្នកនគរនេះ ភាគច្រើន​កំពុងប្រព្រឹត្តិ។
   ពួកគេពិតជាមានបាបកម្មខ្លាំងណា​ស់ ព្រោះពុំបានដឹងនូវពាក្យដែលប្រើសព្វថ្ងៃជាពាក្យប្រមាថ ចំពោះមាតាខាងដើម និងមាតាបង្កើតបច្ចុប្បន្ន។ ហេតុតែមាក់ងាយអ្នកមានឧបការៈគុណរបស់ខ្លួន ដូច្នេះហើយ បានជាអ្នកនគរនេះ ពេលស្លាប់ទៅ គេតែងតែលើកទង់ក្រពើពណ៌សអោយម្នាក់មួយៗ ពីខាងមុខផ្ទះឲ្យគ្រប់ៗគ្នារាល់ពេល ដែលមានអ្នកស្លាប់ទាំង គ្រហស្ថ បព្វជិត អ្នកមាន អ្នកក្រ អ្នកតូច អ្នកធំ បុរសស្រ្តី ពាល បណ្ឌិត....។ល។

ព្រោះហេតុអ្វីបានជាកូនក្មែរប្រុសស្រីមានបាប?


មុខព្រះមាតាទូលភេទខ្លួននៅប្រសាទនាគព័ន្ធ
ដោយ​​សារ​​តែពួកគេរស់ក្នុងភូមិប្រទេសម៉ែ បានកេរពីម៉ែ ប៉ុន្តែទីបំផុតពុំដឹងគុណម៉ែ ហើយនាំគ្នាជេរម៉ែថែមទៀត នេះសមនឹងគេលើកទង់ក្រពើឲ្យហើយ ដោយពាក្យ​ក្រពើ​មានពាក្យពីរម៉ាត់ ក្រ+ពើ ក្រ = អត់ មាន ក្សត់ ពើ = ធ្វើមិនដឹង នៅរស់នាំគ្នាលើកទង់ក្រពើធំៗ នៅមុខព្រះវិហារ(វត្ត) ពណ៌ក្រហម ខៀវ លឿង.... ដល់ពេលស្លាប់ទៅ ត្រូវគេលើក​ទង់ក្រពើពណ៌សឲ្យ​មួយ​នៅមុខផ្ទះ។ ព្រោះអ្នកនោះស្លាប់ទៅដោយទទេស្អាត គឺមួយ​ជីវិតនៃចន្លោះការកើត និងស្លាប់ ពុំបានដឹងរឿងម៉ែ ហើយ​ឧទ្ទិស​បុណ្យជូនម៉ែបានត្រឹមតែនាំគ្នាប្រមាថម៉ែ នេះហើយជាកំហុសដ៏​ធំរបស់កូនក្មែរប្រុសស្រី។ កូនប្រុសស្រីម៉ែធ្វើពើពុំដឹងហើយ ថែមទាំងបរទេសអ្នកសិក្សាស្រាវជ្រាវបំភាន់ រួចបង្វែរការពិត​ទៅទៀត រឹតតែធ្វើអោយងងឹត និងថែមទាំងមិនយល់ទៀតផង។ នេះជាហេតុដែលយើងនាំគ្នា​ប្រមាថអាទិទេពខ្លួនឯង មាតាខ្លួនឯង រហូតដល់សព្វថ្ងៃនេះ កូនខ្លះហ៊ាន​ដល់ទៅសម្លាប់​មាតាបិតា
ប​ង្កើតខ្លួនទៀតផង (សារព័ត៌មានចេញផ្សាយស្ទើ​ររាល់​ថ្ងៃ)។ ដោយការបកស្រាយពន្យល់របស់ខ្ញុំ ទៅលើកំណត់ហេតុរបស់ចិន យើងឃើញថាសម័យមុន នគរអាចរុងរឿង ដោយបានជួបម៉ែ ជាបណ្ឌិត ឬអ្នកដែលប្រសើរ ដល់សម័យក្រោយគាត់មិន​អាច​ចេញពីទីឃុំឃាំងបាន ទើបយើង​បាត់បង់អ្នកចង្អុលបង្ហាញផ្លូវ ក្នុងការដឹកនាំនគរ ឲ្យរុងរឿង(សាច់រឿងនេះ មាននៅក្នុងចម្លាក់​លើផ្តែរប្រាសាទបន្ទាយស្រី សព្វថ្ងៃដាក់តាំងនៅសារមន្ទីរ​ជាតិ​ភ្នំពេញ)។
មិត្តអ្នកអាន​​​​ទាំង​​​ឡាយ​​ ពេលដែលបានតាមដានមកដល់ត្រឹមនេះទើបដឹងថា គួរឲ្យភ្ញាក់ និងសង្វេគខ្លួនណាស់ ដែលយើងពុំបានដឹងនូវសាវតាពិតរបស់ខ្លួន ប្រៀបបីដូចជាមនុស្សងងឹត ដើរ​កណ្តាលថ្ងៃត្រង់ ហើយនៅក្នុងដៃមានកាន់ចង្កៀងមួយទៀត ប៉ុន្តែទីបំផុត តើមានប្រយោជន៍អ្វី ដល់មនុស្សដែលងងឹតចំពោះពន្លឺ ដែលខំបំភ្លឺនោះ។ យើងជាកូនក្មែរប្រុសស្រីក៏មិនខុសគ្នាដែរ គឺបានត្រឹមតែរស់នៅក្នុងភូមិម៉ែ ទទួលកេរពីម៉ែ ហើយនាំគ្នាជេរប្រមាថម៉ែ ព្រោះអ្នកស្រុក​នេះគេមិនដែលជេរឪឡើយ។ រឿងរ៉ាវដែលនាំឲ្យកូនក្មែរជេរម៉ែនោះ គាត់បានឆ្លាក់ទុកនៅ​ប្រាសាទ​នាគព័ន្ធ(រូបម៉ែពាក់ម្កុដរាជកប់ត្រឹមក រួចហាមាត់ស្រែកដង្ហោយឲ្យកូនប្រុសស្រីជួយ ប៉ុន្តែនៅលើ​មកុដរបស់គាត់គេអោយទូលយោនីខ្លួនឯងភេទរបស់ស្រ្តី) និងមួយទៀត នៅក្នុងល្បែង​ចាក់​ទឹកដូង។(មើលរូប) នេះជាហេតុដែលនាំឲ្យកូនក្មែរជេរម៉ែ ព្រោះគេពុំអាចមើលឃើញសិរ ឬក្បាល​អ្នកមានគុណឡើយ គឺឃើញតែភេទរបស់គាត់ តើពេលណាទើបម៉ែ​អាចអង្គុយលើភេទ​(មាតុភូមិ)​របស់ខ្លួនបានវិញ? និយាយមកដល់ត្រឹមនេះ ហាក់បីដូចជាខ្ញុំអ្នកស្រាវជ្រាវរាវរករឿងពិតនេះ រិះគន់អ្នកអានដែលជាកូនក្មែរ ហើយបានវៀងឃ្លាតឆ្ងាយពីសាច់រឿង កូរសមុទ្រទឹកដោះ។ ប៉ុន្តែបើខ្ញុំមិននិយាយបកស្រាយបំភ្លឺទេ ខ្លាចក្រែងខ្ញុំពុំមានឱកាសបានសរសេរពន្យល់ចងក្រងទុក ព្រោះសង្ខារធម៌មិនទៀងឡើយ កើតហើយតែងស្លាប់ទៅវិញជាធម្មតា ហើយមរណៈនេះ មិនដឹងជាមកដល់​ពេលណា។ កុំឲ្យការខិតខំស្រាវជ្រាវអស់រាប់សិបឆ្នាំ ទីបំផុតជាការឥតប្រយោជន៍ ដោយពុំអាចជួយពន្យល់ប្រាប់ប្រវត្តិសាវតាពិតរបស់ដូនតា ហើយនិងជួយស្រោ​ចស្រង់កូន​ក្មែរប្រុសស្រីឲ្យរួចផុតពីអន្លង់អកុសលកម្ម (ក្រ+ពើ) ហើយជាពិសេសទៀត គឺចង់ឲ្យកូនក្មែរ រួមសាមគ្គីគ្នា ឧទ្ទិសកុសលជូនទៅលោកអ្នកដ៏មានគុណទាំងនោះ។ ឥឡូវយើងបែរមកមើល រឿង​កូរសមុទ្រទឹកដោះបន្តទៅទៀត នៅក្នុងសាច់រឿងបានប្រាប់ថា ក្បាលនាគត្រូវយក្ស ដែល​មានក្បាលដប់ចាប់កាន់ជាប់ រើពុំរួចឡើយ រួមជាមួយនឹងបក្សពួករបស់ខ្លួន នៅកណ្តាលនាគ​មានរូបព្រះវិស្ណុដៃបួន ដៃពីរទប់នាគ និងដៃពីរទៀត ម្ខាងកាន់ដុំមូល (ដុំហ្វីល ដែលនិយាយ ពីរឿងពិតរបស់ម៉ែ) ហើយដៃម្ខាងទៀត កាន់ដាវតំណាងឲ្យបញ្ញា ឈរលើអណ្តើក ខាងកន្ទុយ​មាន​ទេវតា​កំពុងចាប់ទាញក្បាលនាគពីយក្ស ដែលខាងចុងកន្ទុយ មានហនុមានជាមេ នៅខាងលើ មានទេវតាថែរក្សាទ្វារសមុទ្រទឹកដោះ ចាំបិទបើកគំរប ហើយខាងក្រោមបន្ទាប់មាន​អប្សរារាប់រយ​ពាន់ហោះហើរ អណ្តែតនៅខាងក្រោមក្នុងទឹក មានសត្វទឹកគ្រប់ប្រភេទកំពុងវិល ដាច់ខ្លួនជា កំណាត់ៗ ដោយអំណាចការកូររបស់យក្ស និងទេវតាដើម្បីស្វែងរកទឹក អម្រឹត ។ ដោយ​ខ្លាច​ក្រែង ការបកស្រាយទៅលើរឿងកូរសមុទ្រទឹកដោះមានភាពស្រពិចស្រពិល ពុំសូវច្បាស់លាស់ ខ្ញុំនឹងយកប្រវត្តិសាស្រ្តក្មែរ ​ដែលបានសរសេរពីរជ្ជកាលស្តេចជ័យវរ្ម័នទីពីរ​ មកបក​ស្រាយពន្យល់។
ក/.ក្រោយពេលស្តេចជ្វា បានកាត់ក្បាលស្តេចក្មែរនៅទីក្រុងបាភ្នំ(ព្រៃវែង) មកមានស្តេចក្មែរមួយអង្គ បានយាងត្រលប់មកពីប្រទេសជ្វា ហើយបានកសាងទីក្រុងនៅភ្នំគូលែន ដើម្បីតឡើងវិញ​នូវក្បាលដែលជ្វាបានកាត់ រួចបង្កើតរាជធានីថ្មី ដើម្បីតពូជពង្សស្តេចនៅបាភ្នំ។ ​ ហើយក្បាលដែលតក្រោយ តើគាត់យកក្បាលអ្វីទៅត? គឺគាត់យកក្បាលដំរីទៅតក្បាល ដែលគេកាត់ដាច់ពីអតីត ក្រោយមកស្ដេចអង្គនោះ ក៏បង្កើតទីក្រុងថ្មីមួយ ឈ្មោះហៅថា ទីក្រុងយសោធបុរៈ (ទីក្រុងដំរី ឬក្រុងអ្នកទាក់ដំរី)។ ដូច្នេះហើយបានជាចម្លាក់ក្មែរ មានរូប​មនុស្ស​ក្បាលដំរី (ក្បាលធំ ឬភគណេស) តើស្តេចជ័យវរ័ន្មទី២ បានបង្កើតទីក្រុង​បណ្តោះអាសន្ន នៅភ្នំ​គូលែននោះ គាត់បានធ្វើពិធីអ្វីខ្លះ? គឺគាត់បានតាំងលទ្ធិទេវរាជដោយប្រកាសខ្លួនឯងថា ជាព្រះ​ឥសូរ(ស្តេចភ្នំ ឬស្តេចចក្រវាល) បើស្តេចក្មែរជាព្រះឥសូរទៅហើយ តើសាច់រឿង ដែលបានឆ្លាក់​លើជញ្ជាំងប្រាសាទ ជារឿងរ៉ាវឥសូរនៅក្នុងព្រហ្មញ្ញសាសនា(ឥណ្ឌា) ឬក៏រឿងរបស់គាត់?                    សូមមិត្តអ្នកអានត្រិះរិះពិចា​រណាឈ្វេង​យល់រកចម្លើយពិតដោយខ្លួនឯងចុះ។
ខ/.ស្តេចជ័យវរ័ន្មទី៧ ក្រោយការបង្រ្កាបពួកបរទេសឈ្លានពានអោយរាបទាបហើយ គាត់ក៏រៀបចំ​កសាងព្រះនគរ រួចឡើងសោយរាជ្យដោយប្រកាសបរមងារថា ជាពោធិសត្វលោកេស្វរៈ ចុះបើគាត់ ជាពោធិសត្វលោកេស្វរៈទៅហើយ តើគាត់ឆ្លាក់រឿងរ៉ាវព្រះពោធិសត្វលោកេស្វរៈនៅក្នុង ពុទ្ធ​សាសនា​មហាយាន ឬមួយក៏ គាត់ត្រូវឆ្លាក់ពីរឿងរបស់គាត់? អស់​លោក និង​មិត្តអ្នកអាន​ជាទីមេត្រី ការបកស្រាយបំភ្លឺនេះ ធ្វើអោយយើងយល់ថា ការពិតរឿងរ៉ាវនៅលើជញ្ជាំងគ្រប់ប្រាសាទ គឺជា​រឿងពិតៗរបស់ក្មែរ ប៉ុន្តែយើងបែរជាយល់ច្រឡំតាម គំនិតបំភាន់របស់បរទេសទៅវិញ ដោយពួក​គេបានសរសេរលាក់អាថ៌កំបាំងសាវតាពិត មិនអោយកូនម៉ែប្រុសស្រីបានដឹង យល់ពីបណ្ដាំម៉ែ​ដែលបានទុកនៅលើថ្មឡើយ។

ប្រាថ្នាអាថ៌កំបាំងទំនុកច្រៀងបទសារិកាកែវ

ហេតុអ្វីក៏ខ្ញុំជាអ្នកស្រាវជ្រាវអាថ៌កំបាំងមហានគរ ចេះតែទាញយកហេតុផលមក បញ្ជាក់ ពន្យល់ ពុំចេះចប់យ៉ាងដូច្នេះ? ដោយខ្ញុំយល់ថា ក្មែរយើងបានសិក្សាតាមក្បួន​ច្បាប់របស់បរទេស​ដែល​ ពួកគេស្រាវជ្រាវឲ្យរៀនរាប់ជំនាន់ទៅហើយ ប៉ុន្តែយើងពុំបានយល់ពីការបំភ័ន្ត រឿងពិតរបស់​បរទេសឡើយ ហេតុនេះបានជាអ្នកប្រាជ្ញក្មែរខាងដើមរបស់យើង គាត់បានតាក់តែង​ប្រស្នាជាទំនុក​ឲ្យ​កូន​ក្មែរច្រៀងគឺបទសារិការកែវ ដែលមានសេចក្តីថា ៖

-សារិកាកែវអើយស៊ីអីកងៗ ស៊ីផ្លែដំបងប្រចឹកគ្នាលេង
-ស្លាបវាចាក់ក្បាច់ មាត់វាធ្វើភ្លេង ប្រចឹកគ្នាលេងក្នុងព្រៃព្រឹក្សា

តើមិត្តអ្នកអានធ្លាប់បានឮ និងចៀងបទចំរៀងនេះទេ? ហើយដឹងពីអាថ៌កំបាំងនៃបទចំរៀងដែរឬទេ? មិត្តអ្នកអានដឹងទេថា សត្វសារិកាកែវមុននឹងចេះនិយាយ គេត្រូវតែធ្វើទណ្ឌកម្មវា គឺកោស​អណ្តាតវា ទើបបង្រៀនវាឲ្យវាថាតាម ឬនិយាយតាម អ្នកបង្រៀនឲ្យវាចេះនិយាយប៉ុណ្ណា វាចេះតែប៉ុណ្ណឹង ពុំអាចចេះហួសពីម្ចាស់បង្រៀនបានឡើយ នេះជាសារជាតិរបស់សត្វសារិកាកែវ។ ចំណែកផ្លែដំបង មិត្តអ្នកអានស្គាល់ផ្លែនេះទេ? ផ្លែដំបងនេះ គឺអ្នកប្រាជ្ញក្មែរគាត់ចង់ប្រាប់ថា គ្រប់ជនបរទេស ដែល​ធ្លាប់ធ្វើអាណានិគមមកលើ ប្រទេសក្មែរនោះ ពួកគេតែងវាយដំឲ្យ​ប្រជា​ជនក្មែរយើង ធ្វើតាមនិង​និយាយតាមគេហើយស្នាមរបួស ដែលត្រូវវាយដោយដំបង ឬរំពាត់នោះ ពេលជាសះស្បើយ​ឡើងវិញ តែងតែមានផ្លែនៅលើសាច់ ដែលបែករយះនោះ យើងតែង​ហៅថាផ្លែសាច់ ប៉ុន្តែផ្លែ​សាច់នេះ គឺកើតពីការវាយដោយរំពាត់ ឬដំបង(ផ្លែដោយសារដំបង)។ ​  ដូចកាលអាណានិគមបារាំងបានបង្ខំឲ្យប្រជាជនក្មែរ សរសេរអក្សរឡាតាំង ប៉ុន្តែដោយចលនា​តស៊ូរបស់អាចារ្យ ហែមចៀវ គាត់បាន ក្រោកឡើង តស៊ូប្រឆាំងនឹងពួកបរទេស ទើបយើងអាចរក្សា ភាសាជាតិបានមកដល់សព្វថ្ងៃនេះ កុំអីកូនក្មែរពុំអាចមានអក្សរសាស្រ្តជាតិរបស់ខ្លួនឡើយ។ ដូចនេះមិត្ត អ្នកអានស្គាល់ផ្លែដំបងហើយ គឺគេបង្ខំអោយ កូនក្មែរ ជំនាន់អាណានិគម ថាតាមគេ និយាយតាមគេ ដូចសារិកាកែវយ៉ាងដូច្នោះ បរទេសវាយដូនតាក្មែរ ដូនតាវាយឪពុកម្តាយ ឪពុកម្តាយវាយកូន​បន្តគ្នា កើតជាផ្លែសាច់បន្តមកដល់សព្វថ្ងៃ ដោយសារដំបង (ផ្លែដំបងមានពីរ មួយលើស្បែក មួយទៀតនៅក្នុងចិត្ត) ។ ហេតុនេះហើយ ទើបធ្វើ​អោយកូនក្មែរជំនាន់ក្រោយ ពុំអាចដឹងពីសាវតាពិត របស់ខ្លួនឡើយ ដូច្នេះអ្នកប្រាជ្ញ ដែលគាត់បានយល់ពីអាថ៌កំបាំងនេះ គាត់តែងបទចំរៀងនេះទុក ព្រោះចង់ឲ្យកូន​ក្មែរជំនាន់ក្រោយត្រិះរិះពិចារណា នៅចំរៀងបង្កប់​ទៅដោយប្រស្នានេះ។ ដោយការទាញយកនូវហេតុផល មកពន្យល់ និងប្រៀបធៀបនេះ ខ្ញុំនឹងខិតខំស្រាវជ្រាវ រាវរករឿងហេតុពិតហើ​យ​សាមញ្ញ ដែលលាក់កប់ទុកក្នុងស្រទាប់អ្នកស្រែ ដើម្បីយកមកវែកញែកឲ្យអស់លោក មិត្តអ្នកអានតាមដានជាបន្តទៅទៀត នៅទំព័រខាងក្រោយ។
គ/.ឥឡូវយើងត្រឡប់ថយក្រោ​យ មកពិចារណាសិក្សារឿងកូរសមុទ្រទឹកដោះឡើងវិញ ហេតុអ្វីបានជាខ្ញុំយករឿងកូរសមុទ្រទឹកដោះ មកជាគោល ដើម្បីលាតត្រដាងបង្ហាញ ព្រោះរូបចម្លាក់​រឿងទាក់ទងនឹង​ពាក្យមាតុភូមិ និងពាក្យក្មែរ ដែលខ្ញុំបានពន្យល់ខាងលើរួចហើយ ហើយដែលខ្ញុំលើកយកមកបកស្រាយក្នុងពេលនេះ គឺចង់ពន្យល់ពីតួអង្គរូបក្នុងរឿងដើម្បីឲ្យមិត្ត អ្នកអាន  យល់ពីខ្លឹមសារពិតដោយឈរលើទស្សនៈម៉ែ។ ជៀសវាងការយល់តាមគំនិតបរទេស ដែលយើងធ្លាប់អាន ស្តាប់ ធ្លាប់សូត្រតាមគម្ពីរគេពីមុនមកនោះ ឲ្យមកជារបស់ជាតិក្មែរសុទ្ធសាធវិញ ព្រោះម៉ែឪខំរកស៊ីមួយជីវិត គឺដើម្បីទុកទ្រព្យសម្បត្តិឲ្យកូន ពុំមែនទុកឲ្យអ្នកដទៃនោះឡើយ។ ម្តាយឪពុកទោះបីជាក្រក្សត់ក៏គង់មានរបស់របរបន្តិចបន្តួចទុកជាកេរមរតក អោយកូនប្រុស​ស្រីគាត់ដែរ ចុះទម្រាំដូនតាយើង ជាអ្នកដ៍ប្រសើរជាម៉ែ ជាពូជពង្ស អ្នកកសាងប្រាសាទថ្ម ហេតុអ្វីបានជាទុករឿងរ៉ាវទាំងអស់នៅលើថ្ម ឲ្យទៅជារឿងរបស់សាសនាភាគច្រើនទៅវិញ? ហេតុអ្វីក៏កូនក្មែរមិនខិតខំស្រាវជ្រាវរាវរកបណ្ដាំម៉ែ? ចំណុចនេះហើយ ដែលយើងជាកូន ក្មែរត្រូវ ចេះឆ្ងល់ចេះត្រិះរិះ ពិចារណាឈ្វេងយល់ ទើបអាចស្វែងរកនូវការពិតមួយឃើញ បើពុំនោះទេ យើងនៅតែមានការភ័នច្រឡំដដែល។ ដូចពាក្យសុភាសិតក្មែរថា(បើវប្បធម៌រលត់ មាតុភូមិរលាយ អរិយធម៌ពណ្ណរាយ ជាតិរុងរឿងថ្កើងថ្កាន) ដូច្នេះក្នុងនាមជាកូន អ្នកស្នងមរតកម៉ែ (កេរ+ម៉ែ) ត្រូវតែសាមគ្គីគ្នា ស្រាវជ្រាវរាវរកការពិតក្នុង អាថ៌កំបាំងប្រស្នាបណ្ដាំរបស់មាតាមហានគរយើង។

 បកស្រាយតួអង្គក្នុងរឿងកូរសមុទ្រទឹកដោះ

តួអង្គទាំងឡាយនៅក្នុងសាច់រឿង កូរសមុទ្រទឹកដោះ រឿងនេះ ក្នុងសង្គមក្មែរទើបកើតមាន ឡើងក្នុងឆ្នាំ១៩៩៣ ក្នុងពេលដែលប្រទេសក្មែរ កើតមាននូវពហុបក្សពេលនោះ គណៈកម្មាការជាតិ​រៀបចំការបោះឆ្នោតកកើតឡើង រាជរដ្ឋាភិបាលបានយកនិមិ្មតរូប គឺរូបកូរសមុទ្រទឹកដោះ ដែល មានក្រុមទេវតា និងយក្សចាប់ផ្តើមទាញនាគ ហើយមានព្រះវិស្ណុចុះរាររាំងឲ្យឈប់ទាញនាគ កូរសមុទ្រទឹកដោះស្វែងរកនូវទឹកអម្រឹត។ ព្រោះពីអតីតកាល គឺពុំដែលមាននិម្មិតសញ្ញានេះឡើយ ដូច្នេះចូរមើលនូវការពន្យល់ តាមន័យពិតក្នុងសង្គមរបស់ក្មែរ អំពីរូបរឿងកូរ​សមុទ្រទឹកដោះ​ដែល​កើតក្នុងសម័យនោះ។

១/.យក្សក្បាលដប់ តំណាងឲ្យសភាវអាក្រក់ ដែលចាប់ក្បាលនាគ(ចាប់ក្បាលម៉ែ) កុំឲ្យរើរួច រួមជាមួយនឹងបក្ខពួកនិយាយអោយងាយយល់ គឺឆ្មាំចាំគុក(ចង់ដឹងពីរឿងនេះ ចូរមិត្តអ្នកអា​នទៅ​ស្រាវជ្រាវរូបរឿង នៅលានព្រះគម្លង់ ដែលជាកន្លែងទុកឯកសារនៅពេលម៉ែជាប់ឃុំឃាំង)។
២/.ទេវតា តំណាងអោយបក្សខាងទេវតា គឺសភាវៈល្អ(សភាវៈល្អនេះ នាំមាតានាគចេញពីទីឃុំឃាំង ប៉ុន្តែទាញពុំរួច ព្រោះពុំទាន់មានកម្លាំងគ្រប់គ្រាន់ ដោយទេវតានៅកាន់ខាងកន្ទុយ ចំណែក​ពួក​យក្ស គេមានកម្លាំងជាង ព្រោះគេបានកាន់ខាងក្បាលនាគមុនរាប់រយពាន់ឆ្នាំទៅហើយ ដោយ អំណាច បាបកម្ម របស់មាតានាគ គឺបរទេសគេចុះមកស្រាវជ្រាវ តាំងពីដើមសតវត្សមកម្លេះ (ឯកសារ​ប្រ​វត្ត​សាស្រ្តខ្មែរ)។
៣/.ហនុមាន តំណាងឲ្យសភាវល្អដែលនៅខាងបក្សទេវតា ប៉ុន្តែគាត់នៅខាងកន្ទុយ ជាមេរបស់ ក្រុមទេវតា(ព្រោះរូប​ធំជាងគេ) ហើយបើមើលមកសព្វថ្ងៃគឺតំណាងយោធាក្មែរនេះតែម្តង ព្រោះ​យោធា​ក្មែរពាក់បន្តោងហនុមាន(ហនុមានតំណាងឲ្យអ្នកដែលធំជាងគេ មេគ្រប់គ្រងយោធា ព្រោះ​បើតាមរូបចម្លាក់គេ ឆ្លាក់ហនុមានធំជាង ក្រុមទេវតាទៅទៀត ហនុមាននៅ​ក្នុងបក្ស​ទេវតា(មេ​ទេវ​តា)។
៤/.ព្រះវិស្ណុ តំណាងឲ្យអ្នកថែរក្សាលោក និងជួយស្រោចស្រង់លោក គឺអ្នកមានគុណធម៌ (កតញ្ញូក​តវេ​ទីតា) គឺជាអ្នកបញ្ឈប់នូវពៀរវេរាសភាវៈល្អ និងអាក្រក់ដែលកំពុង​ទាញនាគទាំង​សង​ខាង។
៥/.នាគ តំណាងឲ្យព្រះនាងនាគ ប៉ុន្តែក្រោយមកក្លាយជាព្រះមាតានាគ (ខ្ញុំនឹងបកស្រាយនៅ​ទំព័រ​ខាងក្រោយថា ហេតុអ្វីបានជាគាត់ត្រូវជាប់ឃុំក្នុងសមុទ្រទឹកដោះ? ហើយយក្សចាប់​ក្បាល​គាត់ជាប់?
៦/.សត្វអណ្តើក តំណាងអោយឧបាទានក្ខន្ធប្រាំក្នុងជាតក(រឿងដំបូកហុយផ្សែង) ក្នុងគម្ពីរ​ព្រះពុទ្ធ​សាសនាព្រះត្រៃបីដក។
៧/.អប្សរា តំណាងអោយនគរក្មែរ(ក្មេរ -->ក្មែរ) អប្សរា = ស្រ្តីដែលមានរូបឆោម​លោមព័ណ៌​សំបុរស្បែកស្អាតល្អ ហើយអាថ៌កំបាំងអប្សរានេះ ទាល់តែបុគ្គលចុះក្នុងសមុទ្រទឹកដោះដូចព្រះវិស្ណុ ទើបអាច ដឹងរឿង​រ៉ាវ ពូជពង្សដែលជាអតីតកាលនគរមេ (នគរស្រីល្វោ)។
៨/.ទេវតា ដែលកាន់គំរបបិទបើកសមុទ្រទឹកដោះ តំណាងឲ្យបុគ្គលដែលពុំចង់ឲ្យ បុរសជាព្រះវិស្ណុ នាំយករឿងរ៉ាវពិតរបស់ព្រះមាតា នៅក្នុងសមុទ្រទឹកដោះទៅ​ផ្សព្វផ្សាយ​មកខាងលើ​(បិទសន្ធប់ព្រះ​ វិស្ណុទុកមិនឲ្យយករឿងចេញមកក្រៅរួច)។
៩/.សត្វទឹកគ្រប់ប្រភេទ តំណាងឲ្យប្រជារាស្រ្តក្មែរ (កូននាគប្រុសស្រី)។
១០/.សមុទ្រទឹកដោះ តំណាងឲ្យទឹកដោះម្តាយដែលបានបង្ហូរ តាំងពីបង្កើតនគរម៉ែ​ដំបូងរហូតមក​ដល់សព្វថ្ងៃ(បានពន្យល់រួចមកហើយនៅទំព័រខាងដើម)។
១១/.ការទាញនាគ តំណាងការដណ្តើមគ្នាទៅវិញទៅមករាប់ពាន់ឆ្នាំ រវាងសភាវល្អ និងអាក្រក់ប៉ុន្តែពុំមានចាញ់ឈ្នះរងចាំអ្នកទៅបញ្ឈប់នៅពៀរវេរានេះ។
១២/.ទឹកអម្រឹត តំណាងឲ្យដំណក់ទឹកដោះដំបូងរបស់ម៉ែ ដែលជាអ្នកបង្ហូរមុនគេ ហើយមិនចេះស្លាប់(អ​មតៈ) គឺ​ទឹកដោះអាទិ​ទេពក្មែរ (មាតាមហានគរ)។
១៣/.ការធ្វើជាអាជ្ញាកណ្តាល តំណាងឲ្យអ្នកបញ្ឈប់ការទាញ ការកកូររបស់គូបដិបក្ខទាំងសងខាងដែលកើតមានរាប់ពាន់ឆ្នាំមកហើយ ឲ្យឈប់នាំគ្នាទាញ ពេលដែលព្រះវិស្ណុចុះទៅដល់ (ឈប់ចងពៀរគ្នា)។
១៤/.ព្រះវិស្ណុបែរមុខ ទៅខាងទេវតា តំណាងព្រះវិស្ណុជួយខាងសភាវល្អ ពុំជួយខាងអាក្រក់ឡើយ (មានតែបក្សខាងទេវតាទេ ទើបអាចជួយមាតានាគបាន)
១៥/.ដៃទាំងបួនរបស់ព្រះវិស្ណុ តំណាងដៃពីរក្រោមទប់នូវពៀរវេរា របស់ក្រុមទាំងសងខាង ដៃមួយទៀតកាន់ដាវ តំណាងឲ្យប្រាជ្ញាជាអាវុធ(បញ្ញាជាអាវុធ និងជាប្រទីបសំរាប់បំភ្លឺ ភាព​ងងឹតដែលពុំធ្លាប់ឃើញ ពុំធ្លាប់ដឹងពីមុនអោយឃើញនូវការពិតរបស់ខ្លួន)។ ដៃម្ខាងទៀតកាន់ដុំមូល តំណាងឲ្យគម្ពីរ ឬហ្វីល សំរាប់ឆ្លុះបញ្ចាំងនូវសាច់រឿងពិត ដែលគេបានហាន់ជាដុំៗ​ប្រាសាទ ហាន់ ជ័យ អាថ៌កំបាំងក្នុងសមុទ្រទឹកដោះ ដែលបានលាក់ទុកជាយូរយារណាស់មកហើយ ពុំមានកូន​ក្មែរណាម្នាក់បានឈ្វេងយល់និងដឹងឡើយ។
១៦/.ព្រះវិស្ណុឈរលើអណ្តើក តំណាងអោយព្រះវិស្ណុឈប់ប្រកាន់បញ្ចក្ខន្ធថាជារបស់ខ្លួន រួចអធិដ្ឋាននូវបញ្ចក្ខន្ធនេះ ឲ្យទៅយក្សទសមុខ (យក្សមុខដប់) ដើម្បីឲ្យគេដោះលែងម្តាយ (ព្រះមាតានាគ)។
១៧/.ពពុះទឹកដែលពុះព្រួចៗ តំណាងឲ្យពពុះទឹកចិត្តរបស់ព្រះវិស្ណុ អាចផ្សព្វផ្សាយអាថ៌កំបាំង​នេះបានតែត្រឹមក្រុមញាតិ ដែលនៅជិតៗខ្លួនតែប៉ុណ្ណោះ ចំណែកឯកូនក្មែរទាំងនគរ ពុំអាចដឹង​រឿងរ៉ាវ របស់ម៉ែឡើយ ព្រោះទេវតាកាន់គំរបសមុទ្រទឹកដោះ ពុំឲ្យព្រះវិស្ណុយករឿង​ពិតចេញមក​ខាងក្រៅបានឡើយ។
១៨/.ត្រីតូចត្រីធំ និងសត្វទឹកគ្រប់ប្រភេទ ដែលវិលដាច់ខ្លួនជាកំណាត់ៗដោយសារការកូ​សមុទ្រទឹកដោះនោះ តំណាងឲ្យរាស្រ្តក្មែរ ដែលរងគ្រោះដោយសារសង្រ្គាម ខ្លះស្លាប់ ពិកា ព្រាត់ប្រាស់ អ្នកស្លាប់គឺប្រជារាស្រ្ត ប្រៀបដូចសត្វនៅក្នុងទឹកទាំងនោះ។
១៩/.មានតែព្រះវិស្ណុប៉ុណ្ណោះ ដែលអាចដឹងនូវអាថ៌កំបាំងក្នុងសមុទ្រទឹកដោះម៉ែ ដែលបានលាក់ទុក​រឿងម៉ែជាប់ទោសរាប់ពាន់​ឆ្នាំ ហើយបានដឹងពីរឿងពួកទេវតា និងពួកយក្ស​ទាញម៉ែ​ទៅវិញ​ទៅមកពុំ​ឈប់ឈរដើម្បីស្វែងរកទឹកអម្រិតគឺ ទឹកដោះ អាទិទេពដំបូង ម្យ៉ាងទៀត គាត់ដឹងរឿងព្រះ​មាតាទន្ទឹង​ចាំមើល តើកូននាគណាមួយ ហ៊ានធ្វើពលិកម្មដើម្បីជ្រាវរកសាវតាពិតរបស់គាត់ និងជួយគាត់។


រូបភាពកូរសមុទ្រទឹកដោះ



ប្រសិនបើយើងចង់ដឹងច្បាស់ យើងមើលរូបភាពកូរសមុទ្រទឹកដោះ នៅខាងមុខក្លោងទ្វារចូល​ប្រាសាទបាយ័ន យើងឃើញខាងយក្ស ហាក់បីដូចជាចាប់ទាញនាគឲ្យចូលក្នុងគុហារ ឬគុកវិញ ចំណែកខាងទេវតាហាក់បីដូចជាទាញនាគចេញពីគុហារ ឬគុក ដូច្នេះមានតែរង​ចាំអាជ្ញាកណ្តាល​តែប៉ុណ្ណោះ និយាយម្យ៉ាងទៀតគឺរង់ចាំកូនក្មែរណា ដែលហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង (កត្តញ្ញូកតវេទី) ដើម្បីជួយម្តាយ។ និយាយដោយខ្លីមក មានតែកូនកត្តញ្ញូ គឺតួអង្គ (ព្រះវិស្ណុ ព្រះឥសូរ ព្រះពោធិសត្វលោកកេស្វរៈ ព្រះព្រហ្ម…) ទើបអាចជួយព្រះមាតាមហានគរបាន ព្រោះតួអង្គ​ទាំងនេះ អ្នកប្រាជ្ញបានតាងនាមឲ្យទៅតាមកាលវេលា ប្រែប្រួលរបស់សង្គម សំរាប់កូនក្មែរម្នាក់នោះ។
ឃ.ប៉ុន្តែគួរអោយអាណិតណាស់ ​នៅពេលចុងក្រោយរូបគាត់លែងក្រោកឈរដើរ ឬអង្គុយបាន ហើយ គឺត្រូវដេកនៅមួយកន្លែង ហើយវារលូន ដឹកមាតាចេញពីគុក(ព្រះវិស្ណុដេកគងលើមាតា)។ ពាក្យថាដេក គឺនៅក្នុងផ្ទះ ក្នុងបន្ទប់ លើគ្រែ ងាយអ្វីនឹងអាចឲ្យកូនក្មែរទាំងឡាយ ដឹងរឿងពិតពី​ក្នុងសមុទ្រទឹកដោះ បើគាត់នៅក្នុងទីកំបាំងយ៉ាងនេះ។ តើហេតុអ្វីបានជាគេចេះ​តែឆ្លាក់រូបព្រះវិស្ណុ​ដដែលៗ នៅលើប្រាសាទផងនៅក្នុងទឹកផងដូច្នេះ? ព្រោះដូនតាក្មែរ ខ្លាចក្រែងកូនក្មែរមួយចំនួន ដែលពុំដឹងរឿងពិត ហើយស្រលាញ់នូវមាសប្រាក់ ត្រូវពួកបរទេសជួល​អោយដាប់គាស់បំផ្លាញ​រូបចម្លាក់នោះ ប្រសិនបើគេបំផ្លាញនៅលើប្រាសាទអស់ ច្បាស់ជានៅសល់ស្នាដៃគាត់ក្នុងទឹក គ្រាន់ទុកឲ្យកូនរបស់គាត់ គឺព្រះវិស្ណុអាចមើល ហើយយល់នូវរឿងរ៉ាវរបស់ខ្លួន ហើយកូននោះនឹ​ង​ព្យាយាមជួយគាត់។ ហើយចុងក្រោយ គាត់ឆ្លាក់ព្រះវិស្ណុដេកលើនាគ ហើយនៅលើសត្វគុជសីទៀត (នៅប្រាសាទបន្ទាយសំរ៉ែ) នៅកណ្តាលផ្ចិតព្រះវិស្ណុ មានទងផ្កាឈូកមួយដើមដុះ រួចផ្កាឈូក​នោះ ក៏​បំបែកជាខ្នែងបី ម្ខាងរែកឪពុក ម្ខាងរែកម្តាយ កណ្តាលព្រះព្រហ្ម ដៃព្រះវិស្ណុជាអ្នកទប់ទងផ្កា ហើយសាច់រឿង នេះក្រៅពីព្រះវិស្ណុ តើមានអ្នកណាអាចមើលយល់ មកជារបៀបក្មែរនោះ? ហើយ​រូបនេះ ដូនតាក្មែរគាត់ឆ្លាក់នៅលើបាំងក្លែង (បាំងក្លែង = បាំងក្លែងបន្លំ) ប្រាសាទបន្ទាយសំរ៉ែ និងប្រាសាទដទៃទៀតជាច្រើន។ មិត្តអ្នកអានមានឆ្ងល់ដែរឬទេ ហេតុអ្វីក៏ប្រាសាទនេះ​មានឈ្មោះ​ថាបន្ទាយសំរ៉ែ?

ពន្យល់អត្ថធិប្បាយពីអាថ៌កំបាំង

 អាថ៌កំបាំងប្រាសាទបន្ទាយសំរ៉ែ

១/.ប្រាសាទបន្ទាយសំរ៉ែ (បន្ទាយអ្នកស្រែ) គួរតែបុព្វជនក្មែរចារិករឿងរ៉ាវអ្នកស្រែធ្វើស្រូវ ឬចំការ​ដំណាំ តើហេតុអ្វីបានជាគាត់ឆ្លាក់រឿងរ៉ាវ ព្រះវិស្ណុដឹកមាតាចេញពីទីឃុំឃាំងទៅវិញ? ព្រោះ​ម៉ែដឹងថា​នៅពេលអនាគតនឹងមានអ្នក ដែលអាចជួយគាត់បាន តែអ្នកនោះជាពូជអ្នកស្រែ ហើយកូនអ្នក​ស្រែនោះ រស់នៅ ជ្រៅជាងអ្នកស្រែធម្មតា គឺគេហៅសំរ៉ែ មនុស្សសំរ៉ែនេះហើយ ដែលគេ​តាមចាប់ តាមសំលាប់ឲ្យផុតពូជ ព្រោះមានតែមនុស្សសំរ៉ែម្នាក់នេះទេ ដែលអាចជួយស្រោចស្រង់ម៉ែ ពីទីឃុំ​ក្នុងសមុទ្រទឹកដោះបាន។ ២/. ក្នុងរឿង បក្សីចាំក្រុង

បក្សី = សត្វគ្រុឌ និម្មិតសញ្ញាប្រទេសសៀម
ក្រុង = គ្របពីលើ បាំងពីលើ ឧ. ក្រុងមាន់ ទា ឬគ្រុឌក្រុងនាគ (រូបគ្រុឌនៅប្រាសាទព្រះខ័ន)
ក្រុង = រាជធានី (ទីប្រជុំជន ឬទីក្រុង)

ដូចនេះបក្សីចាំក្រុងមានន័យថា គ្រុឌចាំក្រុងនាគមិនអោយនាគចេញរួច(ឆ្មាំចាំគុក) ប៉ុន្តែក្រោយមកមានកូនក្មែរម្នាក់ មកជួយម៉ែនាគ ឲ្យរួចផុតពីអំណា​ចបក្សី (ព្រះវិស្ណុជាន់​ពីលើសត្វ​គ្រុឌឲ្យលើក​ដៃឡើង ដើម្បីដោះលែងមាតានាគ) ហេតុនេះហើយ ទើបគាត់ឲ្យយើងជាកូន ក្មែរ​ចេះយករឿងព្រេង ឈ្មោះភូមិស្រុក រុក្ខជាតិ ទំនាយ.... ទៅផ្គុំនឹងរូបចម្លាក់លើថ្ម រួចបំបែក​ប្រស្នា​នឹងត្រូវ​ដឹងការ​ពិតហើយ។
ដូច្នេះរឿងរ៉ាវ ដែលដូនតាក្មែរបានបន្សល់ទុកឲ្យកូនក្មែរ ដោះស្រាយនូវប្រស្នារបស់គាត់ គឺមាន​ច្រើនណាស់ ទោះបីជាបរទេសខំជួលក្មែរឲ្យដាប់បំផ្លាញឯកសារទាំងនោះ ក៏ដាប់បំផ្លាញ​ពុំអស់ដែរ ព្រោះទស្សនៈ គំនិតគាត់ទុកនៅលើគោកផង ក្នុងទឹកផង រឿងព្រេងផង ឈ្មោះភ្នំ ភូមិស្រុក ទំនៀមទំលាប់ ប្រពៃណីក្នុងទំនាយ.... ហើយជាពិសេសនោះ នៅក្នុងប្រស្នាល្បែង ដែលក្មេងៗ ស្រុកស្រែតែងលេងពីសម័យដើម គឺ ល្បែងចាក់ទឹកដូង

មិត្តអ្នកអានតាមដានមកទល់នឹងពេលនេះ ទើបបានដឹងថា ហេតុអ្វីក៏គេជួលឲ្យកូនក្មែរ ដាប់រូបក្នុង​ប្រាសាទ រួចគេទិញក្បាលរូបបដិមាទាំងនោះ(ក្បាលអ្នកតា ទេវតា...) ព្រោះគេដឹងថា ប្រវត្តិ​សាវតា​ពិតរបស់ជនជាតិក្មែរ គឺនៅលើថ្ម(សិលាចារិក)។ សព្វថ្ងៃបរទេស រាប់ម៉ឺនសែននាក់ នាំគ្នាចំណាយ​លុយរាប់ពាន់ម៉ឺនដុលា្ល ក្នុងម្នាក់ៗ ដើម្បីមកសិក្សាស្រាវជ្រាវពីភាសាគំនិត ក្នុងចម្លាក់ ដែលបាន​លាក់រឿងរ៉ាវ អាថ៌កំបាំងនៅក្នុងប្រាសាទរាប់ពាន់ ដែលមាននៅក្នុងទឹកដីនេះ ព្រោះពួកគេដឹងថា ដូនតាជាតិនេះ ជាកំពូលមនុស្ស (ជាមេ) ក្នុងសម័យមហានគរ។ ហេតុនេះបាននាំ​អោយក្រុមអ្នក​ស្រាវជ្រាវ អាថ៌កំបាំង ប្រវត្តិសាស្ត្រគេនាំគ្នា លាត់ជើងខោ មូរដៃអាវចុះរាវរកយ៉ាងសស្រាក់​សស្រាំដើម្បីស្វែងយល់ការពិតពីអតីតកាលរបស់បុព្វជនជាតិនេះ។
៣/.ខ្ញុំចេះតែ​​លើកយកហេតុផល មកពន្យល់មិត្តអ្នកអានដោយលើកឧទាហរណ៍ខ្លីៗ គឺចង់ពញ្ញាក់​ស្មារតីកូនក្មែរ ដែលកំពុងដេកលក់ឲ្យភ្ញាក់ ព្រោះការស្រាវជ្រាវ មានការលំបាកណាស់ ទំរាំអាច​ប្រមូលឯកសារទាំងអស់មកផ្គុំបំបែក (ព្រហ្មញ្ញ + ពុទ្ធសាសនា + ទស្សនៈម៉ែ) គំនិតម៉ែ ដែល​គាត់រំលាយបីឲ្យក្លាយជាមួយ នេះថ្វីបើការស្រាវជ្រាវលំបាក តែការយករឿងពិតទៅផ្សព្វផ្សាយ រឹងរិតតែលំ​បាកថែមទៀត ព្រោះបញ្ញាកូនក្មែរ គេបានកាច់ជាផ្នត់ៗ ឲ្យសិក្សាតាមរបត់​គំនិត​របស់បរទេស រាប់រយឆ្នាំទៅហើយ ដូច្នេះហើយបានជាដូនតា គាត់ឆ្លាក់រូបព្រះវិស្ណុដេក រួចវារគើមៗ ដឹករឿងពិតម៉ែចេញពីទីឃុំឃាំងនោះ។ និយាយមកដល់ចំណុចនេះ ខ្ញុំអ្នកស្រាវជ្រាវ​មានតែការ​តឹងក្នុងចិត្ត ក្តុកក្ដួលអួលក្នុងឱរាតែប៉ុណ្ណោះ ព្រោះលំបាកនឹងឲ្យកូនក្មែរប្រុសស្រី យល់ពីអាថ៌កំបាំង​បណ្ដាំមាតាមហានគរនេះណាស់ ព្រោះរឿងនេះ បានលាក់បាំងទុករាប់ពាន់ឆ្នាំទៅហើយ។

អាថ៌កំបាំងប្រាសាទគក់ទ្រូង

ហេតុអ្វីបានជាបុព្វជនកសាងប្រាសាទអង្គរវត្ត ហើយធ្វើប្រាសាទគក់ទ្រូង ដែលប្រាសាទនេះ សំរាប់ឧទ្ទិសដល់ព្រះវិស្ណុ? ប្រាសាទគក់ទ្រូងមានន័យថា គក់ទ្រូងអ្នកដែលមានទុក្ខធ្ងន់​និយាយ​មិនចេញ និយាយចេញហើយ គេពុំជឿ មិនមែនធ្វើឲ្យអ្នកសប្បាយចិត្ត ឬមានមោទនភាពនោះទេ? ឧទាហរណ៍ខ្លីៗ ដែលខ្ញុំបានលើកមកពន្យល់ គឺគ្រាន់តែចង់វែកញែកបញ្ជាក់ជូន ប្រាប់មិត្តអ្នក​អានជួយ​ត្រិះរិះពិចារណាឈ្វេងយល់ ដោយខ្លួនឯងបន្ថែមទៀត។
ដូចពាក្យដូនតាក្មែរធ្លាប់និយាយថា ៖
សូមកូនម៉ែកុំមើលនឹងភ្នែក កូនត្រូវចេះមើលនឹងថ្ងាស
(គឺត្រិះរិះគិតពិចារណាឈ្វេងយល់ផង) តើការបកស្រាយពន្យល់របស់ខ្ញុំ មកជាបណ្ដាំពិតរបស់ម៉ែ ត្រឹមត្រូវដែរឬទេ? បើពុំត្រឹមត្រូវសូម មិត្តអ្នកអាន បោះបង់ចោលដោយកុំស្តាយឡើយ ប៉ុន្តែបើ​សិនជាសមហេតុផលតាមការពិតមែន សូម មិត្តអ្នកអាន ក្នុងនាមយើងជាកូនក្មែរ (កូននាគ) ចូរសាមគ្គីគ្នាឡើង ដើម្បីជួយជ្រោងតាមបណ្ដាំមាតាមហានាគ កុំឲ្យគាត់អស់សង្ឃឹម ដែលគាត់សុខ​ចិត្តរងទុក្ខរាប់ពាន់ឆ្នាំ ហេតុតែកូននាគ​ប្រុស​ស្រី។ ឯកសារខ្លីៗដែលខ្ញុំបានពន្យល់ជាលំដាប់លំដោយហូរហែមកនេះ គឺខ្ញុំគ្រាន់តែច្បិចយកពីក្នុងឯកសារ​របស់បុព្វជនក្មែរ ដែលបានបន្សល់ទុករាប់ម៉ឺនសែន ហើយពេលខ្លះ​សូម្បីខ្ញុំបាទ​ជាអ្នក​ស្រាវជ្រាវក៏​ពុំទាន់មានបញ្ញា អាចបំបែកឈ្វេងយល់នូវអាថ៌កំបាំងដទៃទៀតឲ្យបានអស់ឡើយ ព្រោះបណ្ដាំរបស់​គាត់មានជម្រៅពន់ពេក។ ហេតុនេះ មិត្តអ្នកអានច្បាស់ជាយល់ថា ការស្រាវ​ជ្រាវរបស់ខ្ញុំ និងការ​ស្រាវជ្រាវរបស់អ្នកជំនាន់មុន (ខ្មែរ + បរទេស) គឺខុសគ្នាស្រឡះដូចមេឃ និងដី ពីព្រោះការ​ស្រាវជ្រាវ​របស់ខ្ញុំៗបានទាញចេញពីបណ្តាំគំនិតបណ្ឌិតពិតរបស់បុព្វជនក្មែរ(ម៉ែ) មកបំបែករាវរករឿង ក្នុងទឹកចិត្តរបស់ម៉ែ ដោយខ្ញុំ មិនចង់ឲ្យកូនក្មែរនាំគ្នាភាន់ច្រឡំជាបន្ដទៅទៀតឡើយ។

អាថ៌កំបាំងផ្លែដូង (ព្រហ្មវិហារធម៌ទាំងបួន)

ឥឡូវចូរយើងនាំគ្នា មកពិចារណាពីអាថ៌កំបាំងផ្លែឈើមួយប្រភេទ ដែលមានឈ្មោះតាំងពីអតីត​កាលមក ហើយមានបង្កប់នូវអាថ៌កំបាំងយ៉ាងជ្រៅ ផ្លែឈើធម្មជាតិនោះ យើងហៅថា ផ្លែដូង។ ហេតុអ្វីបានជាបុព្វជនក្មែរ ដាក់ឈ្មោះផ្លែឈើនេះ ថាជាដូង? យើងដឹងហើយថា ពេលចង់ហូបផ្លែនេះ ត្រូវតែបេះវាយកមកកាប់ហូបគឺ បេះដូង ហើយពាក្យនេះវាដូចនឹង​ដុំសាច់មួយដុំនៅ​ក្នុង​ទ្រូង​របស់យើងគ្រប់គ្នា គឺបេះដូងៗ ជាទីសំណាក់របស់ចិត្ត ព្រោះអ្នកប្រាជ្ញ គាត់ពុំចេះដាក់នាមអ្វីមួយ ដោយមិនមានន័យបង្កប់ក្នុងពាក្យនោះឡើយ។ តើផ្លែដូងមានលាក់អ្វីខាងក្នុង? គឺលាក់ទឹក ចំណែកបេះដូងមនុស្សក៏មានលាក់ទឹក ក្នុងដុំសាច់នោះ មួយទូកដៃដែរទឹកចិត្ត ហើយក្នុង​ទ្រឹស្ដី​ព្រះសម្មាសម្ពុទ្ធ បានសំដែងថា ទឹកនេះតែងប្រែប្រួលទៅតាមចិត្ត ចិត្តល្អទឹកថ្លា ចិត្តមានទុក្ខឬ​អាក្រក់​​ទឹកល្អក់ ចំណែកផ្លែដូងក៏មានលាក់ទុកនូវទឹកដូចបេះដូងដែរ ។ តើផ្លែដូងមានប៉ុន្មានស្រទាប់ ដែលលាក់នូវទឹកនោះ? គឺ ១.សំបក ២.ស្រកី ៣.លលាដ៏ ៤.សាច់ តើបួននេះ គាត់ប្រៀបធៀប​ទៅអ្វី?

១.សំបក ដូច មេត្តា ២.ស្រកី ដូច ករុណា
៣.លលាដ៏ ដូច មុទុតា ៤.សាច់ ដូច ឧបេក្ខា


ចំណែកឯបេះដូងមនុស្សវិញ ក៏លាក់ទុកក្នុងស្រទាប់ បួន ដែរ គឺ ៖ -ស្រទាប់ទីមួយ គឺស្បែក
-ស្រទាប់ទីពីរ គឺសាច់
-ស្រទាប់ទីបី គឺសរសៃ
-ស្រទាប់ទីបួន គឺឆ្អឹង
បកស្រទាប់បួនចេញ ទើបឃើញទឹកមួយទូកដៃនៅក្នុងបេះដូង គឺទឹកចិត្ត ទឹកចិត្តនេះហើយដែលបង្កប់នូវធម៌បួនហៅថា ព្រហ្មវិហារធម៌ (ធម៌ជាដំបូលសំរាប់ឲ្យកូនប្រុសស្រីជ្រក)។ ព្រហ្មវិហារធម៌ តែងមាននៅគ្រប់មាតាបិតារាល់រូប ជាពិសេសគឺមាតាអ្នកបង្កើតនគរ ព្រោះឈ្មោះនគរ និងជនជាតិនេះ កើតឡើងពីម៉ែអ្នកដាក់ឈ្មោះឲ្យ សព្វថ្ងៃយើងស្គាល់ថាក្មែរ (ខ្មែរ)។ ហើយផ្លែដូងដដែល​នេះ គាត់បន្សល់​ទុកក្នុងល្បែងមួយប្រភេទ សំរាប់កូនក្មែរដែលនៅស្រុកស្រែចំការលេង គឺល្បែងចាក់ទឹកដូង តើល្បែងចាក់ទឹកដូងនេះ មាន​អត្ថន័យយ៉ាងណា? ខ្ញុំនឹងបកស្រាយពន្យល់ក្នុង​ន័យ​ពិត​របស់ល្បែងនេះ ដើម្បីឲ្យ កូនក្មែរភ្ញាក់ផ្អើល​ថា ដូនតាយើងពិតជាអ្នកប្រាជ្ញាបណ្ឌិត ព្រោះគាត់បានទុកប្រស្នា សំរាប់អោយកូនក្មែរ ស្រាយ​បំបែកនូវគំនិតរបស់គាត់រួច ទើបអាចជួយស្រង់គាត់​បាន។ ហើយប្រស្នានេះ ជាពិសេស គឺគាត់​ទុកឲ្យកូនអ្នកស្រែ(អ្នកសំរ៉ែ) អ្នកចំការជាអ្នកស្រាយតែប៉ុណ្ណោះ ព្រោះកូនក្មែរអ្នករស់នៅទីក្រុង ពុំសូវចេះលេងល្បែងនេះឡើយ។

អាថ៌កំបាំងល្បែងចាក់ទឹកដូង បែបទី១

ពាក្យពិតពីដើម របស់ល្បែងចាក់ទឹកដូងបែបទីមួយ ៖
ក/.(បែបទីមួយ)
-ចាក់ទឹកដូងពីទ្រូងម៉ែ កន្ទុយខ្លែងក្មែរពាក់ក្បាលក្រពើ
-ក្រពើជិះសេះខ្ញុំជិះដំរី ក្រពើចង់ឆី
-ខ្ញុំឡើងធ្នះក្រពើត្របាក់ ខ្ញុំប្រឹងរុលក្រពើ
-ភ្នែកទុល ខ្ញុំញីម្ទេស។

ពាក្យនិយាយក្លាយ ដែលក្មេងថា ពុំសូវច្បាស់ ក្មេងនិយាយតគ្នាថា ៖
-ចាក់ទឹកដូងមីឡូងមីឡែ កន្ទុយមាន់ចែពាក់ក្បាលក្រពើ
-ក្រពើជិះសេះ ខ្ញុំជិះដំរី
-ក្រពើកងកីខ្ញុំកងកាក់ ក្រពើចាក់វ៉ាក់ ខ្ញុំចាក់ម្ជុល
-ក្រពើភ្នែកទុល ខ្ញុំញីម្ទេស។

ព្រោះល្បែងប្រស្នានេះ អ្នកប្រាជ្ញជំនាន់មុនអ្នកបង្កើត គាត់បង្រៀនតែកូនក្មេងតូចៗ ដែលនិយាយមិនទាន់ច្បាស់ ឲ្យលេងជុំគ្នាដើម្បីកែជម្ងឺអផ្សុក ដូច្នេះទើបក្លាយទៅតាមភាសា ដែលក្មេង​ទើបរៀន​និយាយនោះ។ ហើយល្បែងដដែលនេះ គឺអ្នកប្រាជ្ញធនជ័យជាអ្នកតាក់តែង រៀបរៀងឡើង (ព្រោះធនជ័យគាត់កើតឡើង ពីម្តាយ ដែលបានយល់សុបិន្តឃើញ យល់​សប្តិយល់សូង យល់សប្តិបេះដូង បេះបានទាំងផ្លែ យល់សប្តិឃើញខែ ខែពេញបូណ៌មី) ហើយអ្នកតែងរឿងនេះ គឺស្ដេចជ័យវរ្ម័នទី៧ លោកតែងប្រារព្ធទៅលើមនុស្សម្នាក់ ដែលហ៊ានប្រឆាំង​នឹងអ្នកជិះជាន់​កេង​ប្រវ័ញ្ចគ្រប់លំដាប់ថ្នាក់ រហូតដល់បរទេស មានគំនិតចង់លេប​យកទឹកដី​នេះ​(ធនជ័យ--> ជ័យធន ឬជ័យវិធន)។
តើល្បែងនេះ មានបង្កប់នូវ​អាថ័កំបាំង ឬអត្ថន័យអ្វីខ្លះ? ហើយប្រស្នាក្នុងល្បែងនេះ គាត់ចង់អោយ​យើងមើលឃើញអ្វី? ហេតុអ្វីបានជាល្បែងនេះ ចេះភាគច្រើនតែកូនអ្នកស្រែ? បាន​ជា​គាត់​(បុព្វជន) បង្រៀនតែកូនក្មេងអ្នកស្រែ ពុំបង្រៀនចាស់លេង ព្រោះមានតែកូនអ្នកស្រែទេ ដែលអាចថែរក្សា​ទុកមរតកនេះ អោយបានគង់វង្ស រហូតមកទល់សព្វថ្ងៃ។ ព្រោះកូនអ្នកស្រែ ពុំមាន​ល្បែង​ទំនើបៗដូចកូនអ្នកទីក្រុងឡើយ ម៉្យាងទៀតអាថ៌កំបាំងភាសាថ្ម នៅប្រាសាទបន្ទាយសំរ៉ែ បានគូសបញ្ជាក់ហេតុផលរួចហើយ(ពន្យល់ដោយសង្ខេបខាងលើ)។ ក្នុងល្បែងប្រស្នានេះ គាត់ចង់​ឲ្យយើងមើលឃើញនូវរឿងពិតពីអតីត បច្ចុប្បន្ននិងតទៅអនាគត របស់វាសនាក្នុងនគរម៉ែ ល្បែងនេះ បានបង្កប់នូវរឿងរ៉ាវក្នុងបេះដូងម៉ែ ខ្ញុំនឹងពន្យល់អត្ថន័យម្ដងមួយឃ្លាៗ អោយមិត្តអ្នក​អាន​បានយល់។

១/.ចាក់ទឹកដូងពីទ្រូងម៉ែ ចង់ដឹងរឿងម៉ែ ទាល់តែកូនប្រុសស្រីចាក់ទឹកចិត្តគាត់ចេញពីក្នុងបេះដូងមក ទើបអាចដឹងរឿងពិតរបស់គាត់ (ខ្ញុំបានពន្យល់ពីអាថ៌កំបាំងម៉ែខាងដើមរួចខ្លះហើយ)។
២/.កន្ទុយខ្លែងក្មែរពាក់ក្បាលក្រពើ ខ្លែងក្មែរ គឺខ្លែងឯកៗ គឺមានតែមួយ ខ្លែងឯកនេះ បានបង្ក្រាបស្ដេចចិនក្នុងរឿងធនជ័យ ខ្លែងក្មែរ ដែលជាកេរដំណែលរបស់ម៉ែពីអតីត គឺនៅសល់កន្ទុយតែ​ប៉ុណ្ណោះ ចំណែកឯកដែលនៅខាងក្បាលនោះ ត្រូវក្រពើលេបបាត់ឈប់ស្រែកបញ្ចេញនូវសម្លេង មោទនភាព ថ្កុំថ្កើង រុងរឿង របស់ម៉ែពីអតីតទៀតហើយ ព្រោះកូនក្មែរសព្វថ្ងៃ នាំគ្នាយកក្បា​ល​ក្រពើមកពាក់ ( ខ្ញុំបានពន្យល់រួចហើយ ពីអត្ថន័យនៃពាក្យក្រពើ) ហើយយើងនាំគា្នធ្វើពើ លុបដានស្នាមដែលបង្ហាញពីភាពរុងរឿងរបស់មាតាមហានគរ អស់ទៅហើយ។
៣/.ក្រពើជិះសេះខ្ញុំជិះដំរី (ក្រ+ពើ) ការក្រដឹងគុណនេះ បានដេញត្របាក់ខាំមនុស្សម្នាក់ ដែលឡើងពីទីទុក្ខ (គុក) ដើម្បីព្យាយាមជួយស្រង់ម៉ែ ឲ្យគាត់ធ្វើពើមិនដឹងគុណដែរ។
៤/.ក្រពើចង់ឆីខ្ញុំឡើងធ្នះ មានន័យថា គាត់ឡើងកាន់តែខ្ពស់ កុំឲ្យការមិនដឹងគុណ (ក្រ+ពើ) តាមខាំត្របាក់គាត់បាន បើក្រពើខាំបាន គាត់នឹងធ្វើពើ មិនដឹងគុណមាតាមហានគរ ដូចកូនក្មែរដទៃដែរ។
៥/.ក្រពើត្របាក់ខ្ញុំប្រឹងរុល ព្រោះក្រពើប្រឹងឡើង តាមដេញត្របាក់គាត់ៗប្រឹងរុលទៅខាងលើ។
៦/.ក្រពើភ្នែកទុលខ្ញុំញីម្ទេស ពេលក្រពើចាប់ផ្ដើមអស់កម្លាំងហើយ ទើបបុរសដែលងើបរួច​ពីអន្លង់ក្រពើ ឬទីទុក្ខ គាត់យកម្ទេសមកញីភ្នែកក្រពើឲ្យភ្លឺ។ ព្រោះចាស់ៗគាត់តែងតំណាលតៗគ្នាថា បើងងឹតភ្នែក ឲ្យយកម្ទេសទៅញី គឺភ្លឺហើយយ៉ាងណាមិញ កូនក្មែរប្រុសស្រី ដែលធ្វើ​ពើមិនដឹង​យូរមកហើយ ប៉ុន្តែពេលនេះ បុរសដែលងើបរួចពីអន្លង់ក្រពើ បានយកម្ទេស គឺរឿងពិតរបស់ម៉ែ​មក​ញីភ្នែកកូនក្មែរយើងឲ្យភ្លឺឡើងវិញ។ (កូនម៉ែកុំភ្លេចពេលភ្នែកត្រូវញីម្ទេស គឺក្រហាយផ្សា ប៉ុន្តែក្រោយ​ម​កនឹងភ្លឺ) ។

 អាថ៌កំបាំងល្បែងចាក់ទឹកដូង បែបទី២

ចំណែកល្បែងចាក់ទឹកដូងបែបទីពីរ កាលចាក់លើកទីមួយ ពុំអាចដឹងរឿងរ៉ាវរបស់ម៉ែបាន អស់ឡើយ ព្រោះរវល់តែរត់គេច ពីក្រពើដែលដេញខាំ ដូចនេះគាត់ត្រូវតែព្យាយាម ចាក់ទឹកចិត្តម៉ែ ចេញពីបេះដូងជាលើកទីពីរ ទើបអាចដឹងរឿងកាន់តែច្បាស់ពាក្យពិតពីដើមនោះគឺ ៖
ខ/. (បែបទីពីរ)
-ចាក់ទឹកដូងពីទ្រូងមាតា កន្ទុយត្រីប្រាក្បាលនាងកុក
-អកកំបោរចាំកូនស្រង់ បំពង់ស្រីចាំកូនវែក
-ក្បាលម៉ែព្រែក ក្អែកជុះអាចម៍ដាក់ប៉ក់។

ពាក្យដែលក្មេងលេងហើយថា បន្តគ្នានឹងនិយាយពុំច្បាស់ថា ៖
-ចាក់ទឹកដូងមីឡូងមីឡា កន្ទុយត្រីប្រាមីនាងអុក
-អកកំបោរប្រចាំថង់ បំពង់ឬស្សីប្រចាំវែក
-ក្បាលទំពែក ក្អែកជុះអាចម៍ដាក់ប៉ក់។

តើចាក់ទឹកដូងក្នុងរបៀបទីពីរនេះ មានអត្ថន័យដូចម្ដេច? ខ្ញុំនឹងពន្យល់មួយឃ្លាម្តងៗ ដូចតទៅនេះ៖
១/. ចាក់ទឹកដូងពីទ្រូងមាតា (មាតា=ម៉ែ) ចង់ដឹងរឿងម៉ែទាល់តែចាក់ទឹកចិត្តចេញពីបេះដូងគាត់ទើបដឹងរឿងពិតរបស់គាត់ (បណ្ដាំមាតាមហានគរ)។
២/. កន្ទុយត្រីប្រាក្បាលនាងកុក (ក្នុងឃ្លា¬នេះ សូមប្រិយមិត្តអ្នកអានទៅតាមដានក្នុងរឿងធន ជ័យ អ្នកប្រាជ្ញនេះពេលគាត់រៀបស្លាប់គាត់បានផ្ដែផ្ដាំស្តេចថា ៖
-បើព្រះអង្គសោយត្រីព្រួលកុំចោលស្រកា សោយត្រីប្រាកុំចោលស្រកី
-ស្ងោរក្បាលត្រីប្រា កុំចោលម្ជូរសណ្ដាន ។

ពេលនេះខ្ញុំទាញយកមួយវគ្គត្រង់ (សោយត្រីប្រាកុំចោលស្រកី) វគ្គដទៃខ្ញុំពុំពន្យល់ឡើយ ព្រោះ​ឥតទាក់ទងនឹងប្រស្នាចាក់ទឹកដូង ព្រោះធនជ័យគាត់យល់ថា ស្រកីរបស់ត្រីប្រា គឺដង្ហើមរស់ ដង្ហើមគិត របស់ត្រី ស្រកីតំណាងឲ្យ នយោបាយសេដ្ឋកិច្ចរបស់ជាតិ យ៉ាងណាមិញ អ្នកដឹកនាំ​ត្រូវតែមានប្រាជ្ញាក្នុងការដឹកនាំ ដោយមិនពឹងផ្អែកទៅលើគំនិតបរទេសដទៃ ដើម្បីអោ​យ​ប្រទេស​រុងរឿងដូចសម័យមហានគរ ហើយស្រកី គឺនូវត្រង់ក្បាលតែម្ដង ចុះហេតុអ្វីបានជាក្នុងវគ្គនេះ គាត់បែរជាថា កន្ទុយត្រីប្រា តែក្បាលនាងកុកទៅវិញ ចម្លើយមិត្តអ្នកអានឈ្វេងយល់​ដោយ​ខ្លួនឯង​ចុះ។ អ្នកប្រាជ្ញាធនជ័យបានផ្ដាំទុកឲ្យអ្នកដឹកនាំគ្រប់ជំនាន់ថា បើកូនចង់ដឹកនាំប្រទេសឲ្យបានរឹងមាំ ត្រូវចេះប្រាស្រ័យទាក់ទង ពីតូចទៅធំ ពីទាបទៅខ្ពស់ ពីនគរមួយទៅនគរមួយ ទើបនគរអាច​រុងរឿងបាន នេះជាប្រស្នាធនជ័យទាក់ទងនឹងពាក្យត្រីប្រា គឺប្រាស្រ័យទាក់ទង។
៣/. អកកំបោរចាំកូនស្រង់ អកកំបោរជានិម្មិតរូបរបស់ស្រ្តីជាម្ដាយ ម៉ែ ឬយាយ....។ ព្រោះកេរមរតរបស់ម៉ែគឺ(ម្លូស្លា កំបោរ) តែពេលនេះ អកកំបោរដែលជាកេរម៉ែបានលិចចុះទៅក្នុង សមុទ្រទឹក​ដោះ​នៃអតីតកាលទៅហើយ គាត់មានតែស៊ូទ្រាំដេករងចាំមើល តើកូនកត្តញ្ញូក្មែរណាមួយ ដែលស្រង់កេរតំណែលម៉ែឡើងមកវិញ (ជួយមាតាឲ្យ រួចផុតពីទីឃុំឃាំងទៅតាមបណ្ដាំម៉ែ)។

ទឹកអង្គបំពង់ស្រី



៤/.បំពង់ស្រីចាំកូនវែក អាចារ្យពេលាការ ភាគច្រើនតែងឲ្យពរដល់កូនប្រុសស្រី ដែលរៀប​មង្គលការថា សូមអោយរស់នៅ ហើយស្រលាញ់គ្នាឲ្យ ត្រជាក់ត្រជុំដូចទឹកអប់បំពង់ខ្ចី ប៉ុន្តែតាមពិត​ពាក្យនេះ គឺខុសន័យដើមទាំងស្រុង ព្រោះបំពង់ខ្ចី គឺសំដៅលើបំពង់ឬស្សីដែលខ្ចីៗ ហើយគេ​កាត់យកមកអប់ទឹក។ ចំណែកពាក្យពិតរបស់ពាក្យនេះ ពុំមែនដូច្នោះឡើយ គឺទឹកអង្គបំពង់ស្រី (វចនានុ​ក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ) គឺគេយកទឹកទៅ​ស្រោចនៅ​លើអង្គជាតិ(លិង្គ) រួចទឹកនេះ ហូរធ្លាក់មកក្នុងទរ (យោនីនាងឧមាវតី) បំពង់យោនី រួចទើបគេនាំគ្នា​ត្រងយកទឹកនោះ មកធ្វើជាទឹកមង្គល (អាចារ្យពីដើម)។ នេះគឺជាអាថ៌កំបាំងមួយ ក្នុងការ​ស្រាវជ្រាវ​ទឹកនោះ ហើយដែលចាស់ៗពីដើមហៅថា ទឹកអង្គបំពង់ស្រី ទឹកដែលហូរចេញ​ពីទ្វារយោនី​(មាតុភូមិ) នេះហើយ ដែលបង្កើតបានជាពូជក្មែរប្រុសស្រី មកដល់សព្វថ្ងៃ។ ឥឡូវរឿងរ៉ាវរបស់បំពង់ស្រ្ដីនេះ ត្រូវលិចបាត់ស្រមោលទៅហើយ ថែមទាំងមានឆ្នុក មកចុក បិទបាំងពីខាង​លើ​ថែមទៀត មិនអាច​ឲ្យដឹងប្រវត្តិសាវតាពិត ម៉ែនៅខាងក្រោមបានឡើយ (មនោគមវិជ្ជាបរទេស)។ ហេតុនេះហើយ ទើបគាត់រង់ចាំកូនមកវែកឆ្នុកចេញ គឺវែកញែករឿងរ៉ាវពិតរបស់ម៉ែ ប្រៀបដូចជា​គេវែកចកចេញ ដើម្បីមើលបាតខាងក្រោម ដោយដកគំនិត និងទស្សនៈ ឬមនោគមវិជ្ជាបរទេសចេញ ពីផ្នត់គំនិតកូនក្មែរ ហើយស្រង់ទស្សនៈបណ្ឌិតម៉ែ ឲ្យអណ្ដែតឡើងវិញ ។



រូបភាពតំណាងមាតុភូមិត្រូវហែកជាបី (ប្រាសាទបន្ទាយស្រី)
៥/. ក្បាលម៉ែព្រែកក្អែកជុះអាច៏ដាក់ប៉ក់ ក្បាលម៉ែព្រែក គឺក្បាលរហែកបែកជាបី(រូបភាពចម្លាក់ថ្ម រឿងនៅប្រាសាទបន្ទាយស្រី) គេឆ្លាក់រូបស្រ្តីម្នាក់ត្រូវហែកក្បាលជាបី ខាងឆ្វេងដៃ ពុំមានពាក់​ក្រវិលត្រចៀកទេ ខាងស្ដាំក៏គ្មានពាក់ក្រវិលដែរ មានតែក្បាលកណ្ដាល ទើបមានពាក់ក្រវិលត្រចៀក គឺកណ្ដាលនេះហើយ តំណាងអោយជនជាតិក្មែរ អ្នកស្នងមរតម៉ែ (មាតុភូមិ) ចំណែកក្បាល​ស្រ្ដីសងខាង ដែលឥតពាក់ក្រវិលនេះ គឺតំណាងអោយបរទេស ដណ្ដើមហែកទឹក​ដីពីប្រទេស​ម៉ែទៅ(អាថ៌កំបាំងរូបដំរីក្បាលបី)។ ដូច្នេះទើបពួកគេ ពុំមែនជាអ្នកទទួលកេរពីម៉ែ(ក្មែរ) ចំណែកឯ​ដំរីក្បាលបី ក៏តំណាងអោយអតីតនគរយសោធរបុរ (ទីក្រុងដំរី ឬទីក្រុងអ្នកទាក់ដំរី) តែទីក្រុងនេះពីអតីត គឺតំណាង ឲ្យដំរីមានក្បាលតែមួយទេ ក្រោយមកដំរី ត្រូវគេដណ្ដើមហែកក្បាលជាបី តែខ្លួនមួយ គ្រាន់តែរូបចម្លាក់ប្រភេទទីមួយ គាត់ប្រៀបធៀបជាមនុស្ស និងមួយទៀត គាត់ប្រៀបធៀបជាសត្វ។ មិត្តអ្នកអានតាមដានមកដល់ត្រឹមនេះ ទើបដឹងថារឿងក្នុងប្រសា្នរូបទាំងនោះ សុទ្ធតែបង្កប់នូវរឿងពិត ពីអតីតកាលនៃនគរនេះទាំងអស់។ ក្អែកជុះអាចម៏ដាក់ក្បាលម៉ែ តើកើតមានពីត្រឹមណាមក? ក្អែកជាឈ្មោះនៅក្នុងទំនាយ (ថ្ងៃសុក្រ ថ្ងៃសៅរ៍) ដែលតំណាងមនុស្សមួយ​ក្រុម ស្លៀកពាក់ខ្មៅ​លើខ្មៅក្រោម ហើយពួកនេះ នាំយកលទ្ធិជេរម៉ែមកជាមួយថា (ឌូម៉ែ) ក្រុមនេះហើយ ដែល​មកបង្រៀនកូនក្មែរឲ្យជេរថា ចុយម្រាយ ឬចុយម៉ាយ (ម្រាយ ឬម៉ាយ = ម្តាយ) ខ្ញុំបាន​ពន្យល់​ពីខាងដើមរួចហើយ។ ដូច្នេះអ្នកទទួលមរតកម៉ែ ស្រីប្រុសភាគច្រើន បានជុះអាចម៏ដាក់ក្បាលម៉ែ គឺមើលងាយម៉ែដែលជាអាទិទេពរបស់ពួកខ្លួន ហើយចាត់ទុកគាត់ដូចជាបង្គន់។ ហើយល្បែងចាក់ទឹកដូងទាំងពីរបែបនេះ ពេលចាក់ទៅត្រូវដៃណា ដៃអ្នកនោះដកចេញ ពេលចប់ ដៃដែលចាក់ត្រូវនោះ ត្រូវច្បិចខ្នងដៃបន្ដគ្នា (សាមគ្គីគ្នា ឬតនាគ) ពេលច្បិចរួចហើយ មានដៃ​មួយ​ទៀត មកកាត់ផ្ដាច់នូវសាមគ្គីច្បិចៗនេះ ឲ្យដាច់គ្នាវិញ គឺកូននាគប្រុសស្រី ពុំអាចផ្គុំនាគ ឬសាមគ្គីឲ្យបានរឹងមាំឡើយ ដោយយើងពុំបានយល់សាវតាពិតរបស់ល្បែងនេះ បើចង់ផ្គុំនាគឲ្យ​បានរឹងមាំ ទាល់តែដឹងពីអាថ៌កំបាំង ប្រសាទនាគព័ន្ធ

សរុបសេចក្ដីមក គ្រាន់តែល្បែងកូនអ្នកស្រែលេងធម្មតាសោះ ក៏ដូនតាជាបណ្ឌិតក្មែរពីអតីតកាល គាត់បានចងក្រងអត្ថន័យប្រស្នាដ៏មានជំរៅ ទុកអោយកូនម៉ែសម័យក្រោយបំបែក ប៉ុន្តែទីបំផុត មកដល់សម័យបច្ចុប្បន្ន កូនក្មេងក្មែរប្រុសស្រីភាគច្រើននាំគ្នាបោះបង់ចោលល្បែងនេះ ហើយឈោងចាប់ល្បែងទំនើបថ្មី គឺហ្គេម (Game) តើធ្វើដូចម្តេច ទើបអាចបំបែកប្រស្នានេះបាន? គ្រាន់តែ​លេង ក៏យើងស្ទើរតែលែងចេះលេងទៅហើយ ព្រោះវប្បធម៌វិទ្យាសាស្រ្ដបរទេស(ហ្គេម និងល្បែងទំនើបៗ) បានចូលមកលុកលុយក្នុងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់.... ដែលជាមរតម៉ែអស់ ទៅហើយ។ ដូចអាថ៌កំបាំងក្នុងរឿងព្រេង ព្រះនាងសក់ក្រអួប នៅភ្នំបាយ៉ងកោរ ប្រសិនបើយើងមិនបានពិចារណាទេ យើងច្បាស់ជាយល់ថា រឿងព្រះនាងសក់ក្រអូប ឬបាយ៉ងកោរ ជារឿងព្រេង​ពីសម័យមុនពុំខានឡើយ ដែលឥតមានសារប្រយោជន៍អ្វីដល់យើងសម័យ​បច្ចុប្បន្ន​នេះទេ ប៉ុន្តែតាមការពិត គឺជារឿង ដែលនិយាយពីបច្ចុប្បន្ននេះសុទ្ធសាធ។ ខ្ញុំនឹងបកស្រាយពន្យល់ត្រួសៗ ហើយបើមិត្ត​អ្នកអានចង់សិក្សាឲ្យបានពិស្ដារ ត្រូវជាវសៀវភៅប្រជុំ​រឿង​ព្រេងខ្មែរយកមកអានខ្លួនឯងចុះ ដើម្បីជាសក្ខីភាពបញ្ជាក់ថាជារឿងដែល​ទាក់ទងនឹង​បច្ចុប្បន្ន​ភាពនេះ។

 អាថ៌កំបាំងពាក្យនៃប្រសាទបាយង់កោរ

ពន្យល់ពាក្យ (បាយ៉ង់កោរ)

- បាយ៉ង់ បយ៌ង្ក = បាយ័ន = ការផឹក ឬ បៅ
- (សំ.បយ៌ង្ក , បា.បល្ល័ង្ក) ក្លាយមកជា បញ្យង្ក (ប័ញយង់)
- កោរ = ជំរះដោយកាំបិត ឬឡាម (កោរសក់ ពុកមាត់ ពុកចង្កា)
- កោរ = ជ្រុះស្លឹកអស់ នៅសល់តែឬស ឬមើម (ខ្ញី ព្រលៃ ប្រទាល..... កោរ)
- បយ៌ង្កកោរ ឬបាយ៉ង់កោរ = បល័្លង្កទទេ (បល័្លង្កដែលគ្មានអ្នកអង្គុយ)

ព្រោះពាក្យ កោរ ពេលយើងដាំប្រទាលផ្សេងៗ ពេលដល់ខែធា្លក់ខ្យល់ គឺវាកោរស្លឹកអស់​ហើយនៅសល់តែមើមប៉ុណ្ណោះ ដែលនៅក្នុងដី លុះត្រាតែខែធា្លក់ភ្លៀងដើមឆ្នាំ ទើបដុះ​សន្លឹកចេញសារ​ជាថ្មីមកមើមនោះ មានតែអ្នកដាំទើបអាចចំណាំ ហើយអាចរកឃើញ នៅពេលដែលវាកោរ។ យ៉ាងណាមិញ​ ប្រាសាទ បាយ៉ុងកោក៏ដូច្នោះដែរ គឺសព្វថ្ងៃនៅ​សល់តែបល័្លង្កទទេ ឯអ្នកអង្គុយ លើ​បល្ល័ង្កពីអតីតនោះ ចុះទៅជាប់ឃុំក្នុង​សមុទ្រទឹកដោះ​បាត់ដំណឹងហើយ ដូច្នេះបានជាបុព្វជន គាត់កសាងប្រាសាទនៅលើភ្នំនោះ មានប្រាសាទ​បាយ៉ង់កោរ ប្រាសាទដុបវិញ្ញាណ គឺដុបវិញ្ញាណម៉ែ នៅក្នុងដី) ប្រាសាទនាងសក់ក្រអូប ប្រាសាទព្រះកែវ....។ល។

ខ្ញុំសូមលើកយករឿងព្រះនាងសក់ក្រអូប មកបកស្រាយវែកញែកបង្ហាញ ឲ្យត្រូវនឹងបច្ចុប្បន្ន សាច់រឿងបានប្រាប់ថា ព្រះនាងសក់ក្រអូបត្រូវបរទេសចាប់គាត់បាន ដោយសារគាត់ទៅ​មើលមហោ​ស្រព នៅលើសំពៅអ្នកស្រុកឆ្ងាយ ដែលគេតាមចាប់គាត់ពីមុនមកនោះ ប៉ុន្តែពេលនេះ ពួកគេ​បន្លំខ្លួនជាអ្នកសម្តែងសិល្បៈ ដើម្បីបំភាន់ភ្នែក។ សក់ក្រអូប មានន័យថា បញ្ញារបស់ព្រះនាង​នោះ​(ម៉ែ) ក្រអូបចេញពីក្បាល សាយភាយតាមសក់ក្រអូបនូវកេរ្តិឈ្មោះរបស់គាត់ សាយភាយ​ពេញ​ពិភពលោក ដែលសព្វថ្ងៃពិភពលោកនេះ គេនាំគ្នាស្ងើចសរសើ​រនូវអនុភាព បញ្ញាញាណរបស់​ព្រះមាតា ដែលបានបន្សល់ទុកនៅលើប្រាសាទនានា។ ចុះហេតុអ្វីបានជាគេចាប់គាត់បាន តាមរយៈមហោស្រព? មិត្តអ្នកអានសម្លឹងមកក្មែរបច្ចុប្បន្នទៅមើល សព្វថ្ងៃគេចង់ផ្សព្វផ្សាយ​លក់របស់​របរ ដែលនាំចូលពីក្រៅប្រទេស ឬនៅក្នុងស្រុក តែងតែមានលេងមហោស្រព (Concert) តើConcertហ្នឹងជាអ្វី មិនមហោស្រពទេឬ? ព្រោះតែមហោស្រពនេះហើយ ដែលកូនក្មែរប្រុស​ស្រីនាំគ្នា​បោះបង់ចោល សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ល្អៗ ដែលជាកេរតំណែលរបស់ម៉ែ ប្រៀបបីដូចព្រះម៉ែសក់ក្រអូប ដែលត្រូវបរទេសគេចាប់យកទៅនោះដែរ។ យ៉ាងណាមិញ ស្មារតី​របស់​កូនក្មែរបច្ចុប្បន្ន ក៏ត្រូវសិល្បវប្បធម៌ (មនោគមវិជ្ជា) បរទេសបានពង្វក់ឲ្យវក់ រួចចាប់យកមនសិកាជាតិ ដែលជាបេះដូង របស់ព្រះនាងសក់ក្រអូបយកទៅអស់ហើយ តើមែន ឬមិនមែនសព្វ​ថ្ងៃ​នេះ? ចម្លើយ គឺពិតមែនហើយ។ ក្នុងរឿងដដែលនេះ គាត់បានបញ្ជាក់ប្រាប់ថា ពេលដែលបរទេសចាប់ព្រះនាងសក់ក្រអូប បានហើយ ព្រះបាទដៃខ្លី ដែលជាកូនលុះធំដឹងក្ដីឡើង បានស្វះស្វែង​ទៅតាមរកម្ដាយ នៅឯស្រុកអាយ ដែលពួកគេបានចាប់មា្ដយទៅ ទីបំផុតគាត់មិនបានស្គាល់ម្ដាយខ្លួន ហើយទាក់ទងស្នេហា រហូតដល់រួមរ័កជាមួយម្ដាយ ក្រោយមកទើបដឹង ប៉ុន្តែហួសពេលទៅ​ហើយ។ ដោយការប្រព្រឹត្តខុសនឹងម្ដាយខ្លួនឯង អាចារ្យសម័យនោះ បានឲ្យកូនគឺព្រះបាទដៃខ្លី ជីកអង្គមួយពាន់(១០០០) ហើយអធិដ្ឋានថា ពីរពាន់ឆ្នាំក្រោយ ពេលដែលអង្គរលុបដី​ពេញ​ទៅជា​វាល​ស្រែ ទើបកម្មរបស់កូននេះរួច។ ព្រះបាទដៃខ្លី សម័យពីរពាន់ឆ្នាំមុន គាត់តែម្នាក់ឯងទេ ដែលបានប្រព្រឹត្តខុសលើម្ដាយបង្កើតខ្លួន (សេពសន្ថវៈ) ប៉ុន្តែសម័យបច្ចុប្បន្ននេះ ស្ទើរតែទូទាំងនគរកូន​ម៉ែបានប្រើពាក្យរួម សេពសន្ថវៈ ដោយវាចារជាមួយម្ដាយខ្លួនឯង ស្ទើរតែគ្រប់កូនក្មែរ គឺប្រើពាក្យ (ចុយម្រាយ ឬម៉ាយ)។ តើយើងជាកូនក្មែរនឹងមានបាប​កម្មយ៉ាងណា តទៅថ្ងៃអនាគតនោះ? ពេល​ដែលយើងបានអានតាមការបកស្រាយពន្យល់ ទើបយើងដឹងថា ដូនតាក្មែរបានដឹងជាមុនទៅហើយ ពីការវិវឌ្ឍន៍នូវសីលធម៌ និងការប្រើពាក្យនិយាយរបស់កូនក្មែរ អ្នករស់នៅក្នុងន​គរម៉ែ ត​ទៅអនាគត។ មិត្តអ្នកអានច្បាស់ជាឆ្ងល់ថា តើឪពុក ឬបិតាទៅណា បានជាខ្ញុំបាទអ្នកស្រាវជ្រាវ ពុំលើកយកមកនិយាយផង? ព្រោះខ្ញុំបានពន្យល់ពីខាងដើមហើយថា នគរនេះមានឈ្មោះ​ថា​កម្ពុជា (ខ្ញុំមិនបកស្រាយទេ) និងពាក្យនិយមមួយទៀត គឺមាតុភូមិ ដូច្នេះពុំមែនបិតាភូមិទេ ហេតុនេះហើយ ទើបសិលាចារិករូបរឿងទាំងអស់ នៅលើថ្មភាគច្រើន និយាយទាក់ទងតែពីរឿងម៉ែ ឬមេ ព្រោះម៉ែសុខចិត្ត​យកទម្ងន់ទុក្ខ របស់បិតានិងកូន មកទ្រតែឯង នេះជាគុណធម៌របស់មាតាគ្រប់ៗរូប ព្រោះគាត់សុខចិត្តពរផ្ទៃ ប្រសូត និងធ្វើបង្គន់អោយកូនប្រុសស្រី ហើយបង្ហូរនូវឈាម​ស្រស់ៗ​ គឺទឹកដោះ ដើម្បីបំបៅបុត្រនោះឯង។

អត្ថន័យនៃអាថ៌កំបាំងស្ករតាំងម៉ែ

អត្ថន័យសារជាតិ ស្ករតាំងម៉ែ គឺ៖
-ផ្អែម គឺព្រហ្មវិហារធម៏ផ្សាយទៅលើកូនប្រុសស្រី
-ល្វីង គឺការស្ដីវាយ ថាប្រៀនប្រដៅ អប់រំកូន
-ស្វិត គឺ បេះមិនដាច់ (ទោះបីកូនប្រព្រឹត្តិអាក្រក់ក៏កាត់ចិត្តមិនដាច់កាត់សាច់មិនបាន)
-ពណ៌ខ្មៅ គឺសំដៅទៅលើ ម៉ែសុខចិត្តពុំមានសីល គឺសន្សំធម៌ខ្មៅ (អកុសល) ហេតុ តែដើម្បី ចិញ្ចឹម កូន ប្រុសស្រី គាត់សុខចិត្តធ្លាក់អបាយភូមិ ព្រោះតាំងខ្លួនជាម៉ែ (ឯកសារព្រះធម៌ ទាក់ទងនឹង​គុណម៉ែឪ​មានសំបូរបែបសព្វថ្ងៃនេះ) សូមមិត្តអ្នកអាន ឈ្វេងយល់ដោយខ្លួនឯងចុះ។

ហេតុអ្វីក៏ក្មែរ មិនដឹងរឿងពិតរបស់ខ្លួន? ក៏ព្រោះតែយើងប្រគល់បញ្ញា ស្មារតីរបស់យើងឲ្យទៅជនបរទេសជាអ្នកសិក្សាស្រាវជ្រាវសាវតាជាតិឲ្យយើងរៀន ទើបកូនក្មែរមើលពុំ​ឃើញរឿង ពិតរបស់ ខ្លួន ដែលដូនតាគាត់មានទស្សនគំនិតសំបូរបែប តែសព្វថ្ងៃគំនិតនេះ ពុំអាចជ្រាបចូលទៅក្នុង សណ្ដានចិត្តកូននាគប្រុសស្រីបានឡើយ គឺយើងជាកូនក្មែរ បានត្រឹមតែរស់ក្នុងភូមិម៉ែ បានកេរពីម៉ែ តែពុំដឹងគុណម៉ែឡើយ ហើយនាំគ្នាធ្វើពើ (ពាក់ក្បាលក្រពើ)។

មូលហេតុអ្វី ក្មែរចុះទន់ខ្សោយ?

ក/.ខ្ញុំបានរៀបរាប់ពីខាងដើម រួចមកហើយ តាមរយកំណត់ហេតុជីវតាក្វាន់ គឺខ្ញុំបានពន្យល់វែកញែក ពីព្រះមាតាមហារនគរ ដែលលោកអាចចេញមករួចខ្លះ និងមិនរួចខ្លះ នៅក្នុងសម័យនោះ។ តែក្រោយមក គេបានថែមសោមួយជាន់ទៀត គឺគំរប ដែលបានបិទពីលើសមុទ្រទឹកដោះនោះ តែម្ដង ដូច្នេះហើយបានជា ចំហាយឫទ្ធិរបស់ព្រះមាតានាគ ក្នុងសោជាន់ទីបីនេះ បានបិទយ៉ាងជិត ធ្វើឲ្យគាត់ពុំអាចផ្សព្វផ្សាយនូវអនុភាពនៃឫទ្ធិឲ្យអ្នកដឹកនាំនគរ សម័យក្រោយបានដឹងឡើយ។ ទើបនគរក្មែរសម័យក្រោយអង្គរ បាត់បង់នូវប្រទីប គឺពន្លឺកែវមនោរា ដែលសំរាប់បំភ្លឺផ្លូវ ជាហេតុ​ធ្វើឲ្យនគរនេះ ចុះអន់ថយរហូតមក ព្រោះអីគាត់ពុំអាចចេញពីទីឃុំក្នុង​សមុទ្រទឹក​ដោះបាន​ទៀតឡើយ។ ហេតុនេះ រស្មីពន្លឺនៃភាពរុងរឿង របស់គាត់ជំនាន់ក្រោយអង្គរ គឺលែងមានហើយ ចំពោះ​កូនក្មែរសម័យក្រោយ។ ពេលនោះ អរិយធម៌ដែលធ្លាប់តែឈានឡើងដល់កំពូល ត្រូវស្រុតចុះបន្តិចម្ដងៗ វិះតែនឹងបាត់បង់មាតុភូមិនេះ ចេញពីផែនទីពិភពលោកនោះទៀតផង ដោយអំណាច​បរទេសឈ្លានពាន។ ប្រសិនបើគ្មានអ្នកប្រាជ្ញ ដូចអត់ប្រទីប ហើយបើគ្មាន​ប្រទីបសំរាប់បំភ្លឺផ្លូវនោះទេ (ចក្ខុវិស័យ) អ្នកដើរនឹងត្រូវធ្លាក់ទៅ​ក្នុងជ្រោះនៃគ្រោះមហន្ដរាយ ដូច្នេះនគរអាចរុងរឿងបាន ដោយសារអ្នកប្រាជ្ញ ដូចមានភាសិតសិលាចារិកភ្នំជីសូរ បានសរសេរថា៖

- ស្ដេចខ្លៅនាម៉ឺនខ្លៅ ដូចពស់ធាងត្រាវពេនមាត់ជណ្ដើរ
- ស្ដេចប្រាជ្ញនាម៉ឺនមហិទ្ធិយក្យ ដូចពស់ពព្លាក់ពេនមាត់ជណ្ដើរ
- ស្ដេចប្រាជ្ញនាម៉ឺនប្រាជ្ញ ដូចពស់នាគរាជពាំកែវមនោរា។

ខ/.ព្រះបាទជ័យវរ្ម័នទី៧ លោកបានចារិកភាសិតទុកលើថ្មថា គាត់នឹងធ្វើប្រជារាស្រ្តគាត់ឲ្យទៅជាទេវតា និងធ្វើអោយទឹកដីនេះក្លាយទៅជាស្ថានសួគ៌ តើយើងអាចយល់ពីអត្ថន័យពាក្យ របស់ សុភាសិតនេះ ដែរឬទេ? សម័យនោះតាមឯកសារអ្នកកាទូត បានរៀបរាប់ពីអាថ៌បាំងនៃនគរនេះហើយ ដូចនេះយើងអាចយល់ថា ស្ដេចក៏ដោយរាស្រ្តក៏ដោយ សុទ្ធតែដឹងរឿងទុក្ខសោករបស់ មាតាមហានគរទាំងអស់ ដើម្បីតបនូវគុណ ពួកគេសុទ្ធតែមានបេះដូងទេវតា គឺមានកតញ្ញូកតវេទីគ្រប់ៗគ្នា។ ដោយអំណាច នៃកតញ្ញូនេះហើយ ទើបធ្វើឲ្យប្រាសាទថ្មបានកើតឡើង ព្រោងព្រាត​ពីជំនាន់មួយទៅជំនាន់មួយ (សម័យអង្គរ)​ដើម្បីឧទ្ទិសដល់គុណ គឺសេចក្ដីល្អរបស់ពួកគាត់ ហើយបានឆ្លាក់រៀបរាប់បណ្ដាំម៉ែឪ ទុកឲ្យកូនក្មែរ​សម័យក្រោយ ដែលមានបញ្ញាអាចមើលយល់ ហើយ​អាចជួយស្រង់ដោះទុក្ខពួកគាត់បាន។ បើកូនក្មែរសម័យនោះ សុទ្ធតែមានបេះដូងទេវតាទាំងអស់យ៉ាងនេះ តើដែនដីនោះជាអ្វី? គឺពុំមែនជាស្ថានសួគ៌ទេឬ? គឺពិតជាស្ថានសួគ៌នៅក្នុងស្ថានមនុស្ស​នេះពិតៗ ព្រោះកូនក្មែរសម័យ​នោះ ក្នុងចិត្តរបស់ពួកគេពោរពេញទៅដោយគុណធម៌(កតញ្ញូកតវេទី)។ឧទាហរណ៍៖ បើក្រឡេកមើលមកបច្ចុប្បន្ននេះវិញ នៅរដូវបុណ្យភ្ជុំបិណ្ឌ សូម្បីគ្រាន់តែឮត​គ្នា តាមចាស់ៗតំណាលពីប្រេតជាញាតិ ក្នុងរដូវកាន់បិណ្ឌ ញាតិជាប្រេតតែងមករកកូនចៅ ហើយបើរក៧វត្តពុំឃើញ ពួកគាត់នឹងដាក់បណ្ដាសារ ឲ្យកូនចៅវិនាសហិនហោច។ ដូច្នេះគ្មានកូ​ន​ប្រុស​ស្រីណា ហ៊ានធ្វេសប្រហែសឡើយក្នុងរដូវនេះ គឺពួកគេរូតរះយកទាន (បច្ច័យបួន) ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូន ដល់ប្រេតជាញាតិ។ នេះយើងធ្វើដោយបា​ន​ឮតៗ​គ្នាផង ដោយពុំបានដឹងច្បាស់លាស់ពីបុព្វហេតុដើម គ្រាន់តែចង្ហាន់ម្នាក់មួយស្រាក់ៗ សាលាឆាន់ដែលមានទំហំធំៗ រកកន្លែងដាក់នូវចង្ហាន់នោះពុំបានឡើយ នេះជាកតញ្ញូតៗគ្នា។ ចុះទំរាំ​សម័យខាងដើម ដែលពួកគេបានជួបមាតាមហានគរពិតៗនោះ តើនគររុងរឿងដូចម្ដេចទៅ? គ្រាន់តែថ្មម្នាក់មួយដុំៗ ក៏អាចកសាងប្រាសាទថ្មបានរាប់រយពាន់ដែរ នេះហើយគឺជាកំលាំងសាមគ្គី ដែលកើតឡើងពីកម្លាំងកតញ្ញូកតវេទី (នៅសិលាចារិកនគររាជបានសរសេរថា ប្រសិនណាជា​មានជាតិក្រោយ សូមឲ្យខ្ញុំបានកើតជាក្មែរទៀត) តើពួកគាត់ចង់កើតជាក្មែរដើម្បីប្រយោជន៍អ្វី? ចម្លើយ​សូមលោកអ្នកអាន ពិចារណាឈ្វេងយល់ដោយខ្លួនឯចុះ។ លោកអ្នកអានជាទីមេត្រី ​ក្រោយពីបានតាមដានជាហូរហែមក ទើបយើងដឹងពីការចុះទន់ខ្សោយ ក្រោយសម័យមហានគរ​របស់មាតុ​ភូមិយើង គឺមកពីការមិនដឹងរឿងហេតុពិតរបស់មេ ឬម៉ែនោះឯង ដោយយើងទាំង​អស់គ្នារវល់តែភ្លេចស្មារតីជឿអ្នកដទៃ (បរទេស) ដូច្នេះទើបយើងពុំអាចរកឃើញនូវ អាថ៌កំបាំងបណ្ដាំ​មាតា ក្នុងសម័យមហានគរបាន។

ហេតុអ្វីបានជាម៉ែជាប់ទោស?

សេចក្តីលោភលន់របស់បុគ្គលមា្នក់ៗ គ្រួសារមួយ អ្នកដឹកនាំប្រទេសមួយ គឺមិនចេះឆ្អែត ឬស្កប់ស្កល់ឡើយ (ការឆ្អែតដោយតណ្ហាគឺពុំមានឡើយ) ហើយពេលណាដែលសេចក្តី​លោភកើនកម្លាំង​ខ្លាំងច្បាស់ ជាត្រូវ ប៉ះពាល់ដល់អ្នកដទៃឬ ប្រទេសដទៃជាពុំខាន។ ឧ. សព្វថ្ងៃនេះម្ដាយដែលគាត់រកស៊ីលក់ដូរនៅឯផ្សារ ដូចជាពួកគាត់លក់សាច់ បន្លែ ឬរបស់របរផ្សេងៗ។ល។ ក្នុងមួយគីឡូ គាត់ថ្លឹងមិនឲ្យគ្រប់ដប់ខាំទេ គឺគាត់ត្រូវលួចភ្នែកជញ្ជីងខ្លះ កុហកខ្លះ..... ដើម្បីយកប្រាក់មកចិញ្ចឹមកូនប្រុសស្រី ដោយសុខចិត្តដាច់សីល ផលនៃបាបដែលម្ដាយឪពុកដាច់សីលនេះ ធ្វើឲ្យពួក គាត់ធ្លាក់ទៅសោយទុក្ខ ក្នុងអបាយភូមិ យើងសួរថាតើកូនគេមានប្រើអោយម៉ែឪ ទៅប្រព្រឹត្ត អំពើអាក្រក់ នេះទេ? នេះគ្រាន់តែជាចំណែកតូចមួយនៃបាបរបស់ម៉ែឪ ដែលខ្ញុំលើកយកមកជា​ឧទា​ហរណ៍ ពួកគាត់ពេញចិត្តធ្វើនូវអំពើអកុសលនេះដោយខ្លួនឯងដើម្បីកូន ដូច្នេះអំពើ (កម្ម) នេះនឹងធ្វើអោយពួកគាត់ ធ្លាក់ទៅរងទុក្ខក្នុងអបាយភូមិ។ យ៉ាងណាមិញ​ដូនតាមហានគរក្មែ​រក៏​យ៉ាង​ដូច្នោះ​ដែរ ដោយចង់អោយ កូនក្មែរសម័យក្រោយថ្កុំថ្កើងរុងរឿង រស់នៅដោយមោទនភាព គាត់បានធ្វើសង្រ្គាមពង្វាតទឹកដីរហូតមានស្ដេចចំណុះរាប់រយប្រទេស។ យើងមើលមកសព្វថ្ងៃ មហាអំណា​ចបច្ចុប្បន្នគ្រាន់តែចង់គ្រប់គ្រង ប្រទេសមួយ ខ្លួនអ្នកដឹកនាំសុខចិត្តធ្វើសង្រ្គាម​សម្លាប់ជីវិតមនុស្សរាប់ម៉ឺនសែននាក់ ចុះទំរាំបុព្វជនក្មែរគ្រប់គ្រងគេរាប់រយប្រទេសនោះ តើពួកគាត់ត្រូ​វ​សំលាប់មនុស្ស ប៉ុន្មាននាក់ទៅ? ហើយបាបទាំងអស់នេះអ្នកណាជាអ្នកទទួល? យ៉ាងណាមិញ បរទេសដែលគាត់ធា្លប់ធ្វើអាណានិគមពីលើគេ ក្នុងអតីតកាលនោះ គេតាមច​ងកម្មពៀរនឹងពួ​កគាត់​រហូតមកដល់សព្វថ្ងៃ។ ដោយខ្ញុំលើកយកហេតុផលនេះមកពន្យល់ ព្រោះមិនចង់អោយម៉ែឪជំនាន់ក្រោយនាំគ្នាធ្វើបាបដើម្បីគេ (កូន ចៅ ញាតិ…) ហើយភ្លេចធ្វើទីពឹងឲ្យខ្លួន ទីបំផុតខ្លួនត្រូវរងទុក្ខ​តែ​ឯង​ក្នុងអបាយភូមិនោះ រួចទើបទួញ​យំស្ដាយជាខាងក្រោយ(ទំនួញប្រេត) នោះគឺវាហួសពេលហើយ​ព្រោះយើងរវល់តែ​ភ្លេចធ្វើទីពឹងអោយខ្លួនឯង (ខ្លួនជាទី ពឹងខ្លួន តើអ្នកដទៃឯណាហ៎្ន ហ្នឹង​ជាទីពឹងបាន បុគ្គលដែលបានអប់រំខ្លួនបានល្អ ហើយនិងបាននូវទីពឹងដែលគេ បានដោយកំរ) នេះជា (សុភាសិតរបស់ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែង)។ មាតាមហានគរក៏​យ៉ាងដូច្នោះ​ដែរខំ​ពង្រីក​​ន​គរទុកអោយកូនក្មែររស់ នៅឲ្យបានថ្កុំថ្កើងដោយមោទនភាព ប៉ុន្តែទីបំផុត ខ្លួនត្រូវ​ជាប់ឃុំឃាំង​ក្នុងសមុទ្រទឹកដោះ ហើយដេកស្រែកយំរងចាំកូនក្មែរជំនាន់ក្រោយ ឲ្យជួយស្រង់ជួ​យរែកគឺ​ធ្វើ​បុណ្យ​​ឧទ្ទិសកុសលទៅពួកគាត់ តើកូនក្មែរសម័យនេះ មានអ្នកណាគេនឹងជួយគាត់ បើពួកគេពុំដឹងរឿង ម្យ៉ាងទៀតកំពុងវង្វេងនឹងកេរតំណែលម៉ែ....។ មូលហេតុដែលនាំឲ្យកូនក្មែរភ្លេច ពុំបាន​ដឹង​រឿ​ងពិតរបស់គាត់ ព្រោះដោយអំណាចបាបកម្ម ដែលគាត់បានសាងទុកមកហើយ​ដោយបាប​នោះមិនទាន់ឲ្យផលអស់ ទើបធ្វើឲ្យកូនក្មែរភាគច្រើន នាំគ្នាជេរប្រមាថ មាក់ងាយដល់គាត់​ថែម​ទៀត​។ សរុបសេចក្ដីមកនេះជាហេតុ និងផលនាំឲ្យគាត់ជាប់ឃុំឃាំងរាប់ពាន់ឆ្នាំមក នេះព្រោះការ​មិនរក្សា​សីល (សិក្ខាបទ ៥ ; ៨ និង១០)។

អវសាន្តអត្ថបទ

ហេតុនៃការខិតខំស្រាវជ្រាវរាវរកការពិតរបស់ខ្ញុំព្រះករុណាខ្ញុំបាទ ដោយបានទាញរឿងពិតពីក្នុង ថ្ម និងឯកសារផ្សេងៗនៅក្នុងភាសារឿងក្នុងរូបចម្លាក់ រឿងព្រេង ឈ្មោះធម្មជាតិ…។ល។ មក​ពន្យល់​នេះ គឺចង់ពញ្ញាក់​ស្មារតីកូនក្មែរប្រុសស្រីគ្រប់រូប អោយភ្ញាក់ឡើង ហើយនាំគ្នាត្រិះរិះពិចារណា ឈ្វេងយល់ដើម្បីទ្រោលបំភ្លឺប្រវត្ដិពិតរបស់ជាតិ ទៅថ្ងៃមុខយើងគួរនាំគ្នាស្រង់ បណ្ដាំ​មាតា​ពិត ​ដែលបានលិចបាត់អស់រយៈកាលរាប់រយពាន់ឆ្នាំនោះ ឲ្យលោកបានរួចពីទុក្ខ ហើយងើបត្រ​ដែតឡើងវិញ។ ការស្រាវជ្រាវទាំងអស់នេះ ទោះបីខុស ឬត្រូវក្តី ចូរមិត្តអ្នកអា​នធ្វើការត្រិះរិះ​ពិចារ​ណាឈ្វេងយល់ ក្នុងនាមជាកូនក្មែរ កំពុងរស់នៅលើទឹកដីម៉ែ ហើយប្រសិនជាឯកសារនេះ ពុំត្រឹមត្រូវទេ សូមបោះបង់ចោលចុះ ប៉ុន្តែបើត្រឹមត្រូវតាមហេតុផលក្នុងការបកស្រាយពន្យល់ សូម​លោក​អ្នក​អានជួយរែក ជួយស្រង់ម៉ែ ជួយឧទ្ទិសបុណ្យឲ្យម៉ែ ដើម្បីជួយមាតាបិតាជាទីគោរព និងស្នេហានៃយើងលោកបានរួចផុតពីទុក្ខអណ្ដែតទៅកាន់ទីខ្ពស់ ហើយសូមឲ្យដួង​កែវរបស់​ម៉ែ​រស់​ឡើងវិញ ដូចអត្ថន័យដែលមាននៅក្នុងប្រាសាទនាគព័ន្ធ ឬព័ន្ធនាគស្រាប់ (អាថ៌កំបាំងគំនិត​នេះពួកគាត់បានពន្យល់ ក្នុងប្រាសាទនោះ)។ ខ្ញុំខ្លាចក្រែង​មិត្តអ្នក​អាន មើលភាគទីមួយនេះ​ពុំសូវយល់ ខ្ញុំនឹងខិតខំប្រឹងប្រែងស្រាវជ្រាវនូវភាគទីពីរមកបើកបង្ហាញនូវ ប្រវត្តិសាវតាពិត​របស់ជនជាតិនេះ ដែលដូនតាបានបន្សល់ទុកនៅក្នុងកេរតំណែលរបស់គាត់ ឲ្យរឹងរឹតតែពិ​ស្ដារ​ឡើងថែមទៀត ដើម្បីទុកជាប្រទីបសំរាប់ឲ្យកូនក្មែរជំនាន់ក្រោយចេះ​ឈ្វេងយល់​ដោយពុំពឹងផ្អែក​លើបញ្ញារបស់បរទេសទៀតឡើយ។

ខ្ញុំព្រះករុណាខ្ញុំបាទ ក៏សូមអភ័យទោស​ពីសំ​ណាក់មិត្តអ្នកអានគ្រប់ភេទទាំង (គ្រហស្ថ បព្វជិត…) នូវរាល់កំហុសឆ្គងទាំងឡាយ ដែលកើតមានឡើងដោយអចេតនា ព្រោះស្នាដៃនេះជាការចង ក្រង​លើកដំបូង ហើយសូមឲ្យព្រះពុទ្ធសាសនារុងរឿងឡើងវិញដោយកូនក្មែរប្រុសស្រីបានដឹងពី បាបកម្មពីអតីតរបស់ព្រះមាតាបិតាមហានគរ។ ខ្ញុំព្រះករុណាខ្ញុំបាទ ក៏សូមឧ​ទ្ទិសនូវសេចក្ដី​ព្យា​យាម ដែលខិតខំស្រាវជ្រាវអាថ៌កំបាំងបណ្ដាំមាតាមហានគរនេះ ក្នុងនាមខ្ញុំព្រះករុណាខ្ញុំបាទ ជាកូនក្មែរម្នាក់បានកើត និងចេះដឹងហើយរីកធំធាត់ដោយកេរមរតកម៉ែ (ពុទ្ធសាសនា ព្រហ្មញ្ញ​សាសនា និងសាសនៈម៉ែ) សូមឲ្យផលនៃបុណ្យនេះ កើតមានចំពោះលោកអ្នកដ៏មានគុណ គឺមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ ញាតិធម៌ដែលសុទ្ធតែជាអ្នកមានឧបការគុណ គ្រប់ៗកាល​ទាំងបី (អតីត បច្ចុប្បន្ន អនាគត) សូមឲ្យជួបប្រសព្វតែនូវសម្បត្តិទាំងបី គឺសម្បត្តិ មនុស្ស ទេវតា និងព្រះនិព្វាន្ត និងជួបតែពរទាំងឡាយប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀង​ឃ្លាតជាប្រការដ៏ទៃឡើយ។

ស្នាដៃសង្ខេបភាគទីមួយនេះ ចងក្រងរួចជាស្ថាពរនៅថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំឆ្លូវ ឯកស័ក ព.ស២៥៥៣ ត្រូវនឹងថ្ងៃ ទី ០១ ខែ ឧសភា ឆ្នាំ ២០០៩ នៅខេត្តព្រះសីហនុ
ការខិតខំស្រាវជ្រាវនេះខ្ញុំសូមរក្សាសិទ្ធិទាំងស្រុង !…
ពីខ្ញុំព្រះករុណា ខ្ញុំបាទកូនកត្តញ្ញូ អ្នកទទួលមរតកម៉ែ
អត្ថបទនេះ ដកស្រងចេញពី Wikipedia  និងកែរតំរូវដោយខ្ញុំបាទ សេន រ៉ា
 ហាមលក់...........។

0 comments:

Post a Comment

ដំណឹងថ្មីៗ